ក្រុម​បាល់​ទាត់​ជម្រើសជាតិកម្ពុជា​អាយុក្រោម​២៣​ឆ្នាំ បានបង្ហាញការ​លេង​បានយ៉ាង​ល្អ​បំផុត ដើម្បីរួម​គ្នា​យក​ឈ្នះ​លើក្រុម​U23ជម្រើសជាតិប្រ៊ុយណេ រហូត​ដល់ ៦-០ ក្នុងការ​ប្រកួត​បើក​​ឆាក​​ក្នុងពូលA​ នៃ​ពានរង្វាន់ AFF U23 Championship កាលពី​យប់​ម្សិលមិញ គឺ​បន្ទាប់​ពី ក្រុម​ហ្វីលីពីន បាន​តាមស្មើ ទីម័រខាងកើត ២-២។

តាមរយៈ​ការ​ប្រកួត កាលពី​យប់ថ្ងៃ​ចន្ទ ម្សិល​មិញ​នេះ គ្រប់គ្នា បាន​សរសើរគ្រប់​មាត់ ពីចង្វាក់​លេងបែប​យល់​ចិត្ត​គ្នា របស់ក្រុម​គោព្រៃវ័យ​ជំទង់កម្ពុជា ហើយ​គ្រប់​គ្នាពិតជា​រំភើប​ខ្លាំង នៅពេល​ក្រុមសំណព្វ​របស់​ខ្លួន អាច​រកបាន​គ្រាប់​បាល់ជាបន្ត​បន្ទាប់រហូត​ដល់​៦​គ្រាប់ និង​អាច​ការពារ​ទី​របស់ខ្លួន មិនឱ្យ​របូត​គ្រាប់​បាល់ សូម្បី​១​នោះ។

នៅ​ក្នុងការ​ប្រកួត​តង់ទី​១ ត្រូវបាន​គេ​មើល​ឃើញ​ថា ក្រុម​កម្ពុជា ភាគ​ច្រើន​លេង​បាល់​ចេញ​ពី​ស្លាប​ទាំង​សង​គ្នា ដោយ​ក្នុង​នោះ​ខ្សែ​ប្រយុទ្ធ សារ ទី បានបង្ហាញ​ទម្រង់​លេងលេច​ធ្លោរ​ខ្លាំង ក្នុងការ​ចាប់ដៃគូ​ជាមួយ ឡេង ណូរ៉ា ខណៈ អ៊ាន ពិសី ជា​អ្នក​រាប់រង់​ស្លាប​ខាង​ស្តាំ ចំណែក ញាន សុស៊ីដាន បាន​ចល័ត​លេង​យ៉ាង​ល្អ នៅតំបន់កណ្តាល ជាមួយ មិន រតនៈ ដើម្បី​បង្កើត​ឱកាស​ឱ្យខ្សែ​ប្រយុទ្ធ សៀង ចន្ធា រកបាន​គ្រាប់បាល់​បើក​ឆាក តាម​រយៈការ​តែត​បញ្ចូល​ទី​យ៉ាង​ស្អាត នៅនាទីទី​១៨ ពីការ​លោតបាល់​ខ្លី​របស់ សុស៊ីដាន។

២នាទីក្រោយមក ញាន សុស៊ីដាន បាន​ទាត់​បាល់​ផ្តាច់ ដែល​ភ្លាតចេញ​ពី​ការ​ប្រជែង​គ្នា នៅមុខ​ទី​​របស់​ក្រុមប្រ៊ុយណេ ហើយនៅនាទី៣២ តាំង ប៊ុនឆៃ បាន​បញ្ជូនបាល់ពីចម្ងាយ នាំឱ្យ​ ខ្សែ​ប្រយុទ្ធ សារ ទី អាច​រត់​ទៅ​​ឆក់បាល់​នោះ រួច​ទាត់ដោយ​បច្ចេកទេស តាម​ប្រលោះជើង​អ្នក​ចាំទី​ប្រ៊ុយណេ ចូល​ទី​យ៉ាង​ល្អ​បំផុត ដើម្បី​ជួយ​ឱ្យ កម្ពុជា នាំ​មុខ​ក្រុម​ប្រ៊ុយណេ ៣-០ នៅ​ក្នុង​តង់​ទី​១​នេះ។

នៅដើមតង់ទី២ អ្នកបចាត់ការ​ទូទៅ​ក្រុមកម្ពុជា លោក Keisuke Honda បាន​សម្រេច​ ផ្លាស់ប្តូរ សៀង ចន្ធា និង អ៊ាន ពិសី ចេញ និង​ដាក់ជំនួសដោយ ណារ៉ុង កក្កដា និង គី រីណា ប៉ុន្តែស្ថានភាព នៅលើទីលានមិនសូវអនុគ្រោះឡើយ ដោយសារតែមានភ្លៀងធ្លាក់ ហើយ​ឈាន​ដល់​នាទី៥៥ លោកអាជ្ញាកណ្តាលម៉ាឡេស៊ី Tuan Mohd Yaasin Tuan Mohd Hanafiah សម្រេចពន្យាពេលប្រកួត៣០នាទី គឺ​រហូត​ដល់ដល់ម៉ោង៩ និង៦នាទី ទើប​ការ​ប្រកួត​បាន​ចាប់​ផ្តើម​ជាថ្មី។

សម្រាប់​ដំណើរការឡើងវិញ ជាមួយ​ការមានទឹកដក់ នៅលើទីលាន​នេះ ណារ៉ុង កក្កដា ខកឱកាសមាស​២គ្រាប់ និង គី រីណា ខក១គ្រាប់ សម្រាប់ការ​ចាប់ផ្តើម​៥​នាទីដំបូង។ តែ​ទោះ​បីជា​​យ៉ាងណា  ឈានដល់នាទី៧៣ តាំង ប៊ុនឆៃ បានជួយកម្ពុជាបង្កើនការនាំមុខ ៤-០ ហើយ​នៅ​នាទី​៨៦ ឡេង ណូរ៉ា បញ្ជូនពីម៉ុមខាងឆ្វេងឱ្យ​ ស រតនា ស៊ុតបាល់បញ្ចូលទី នាំមុខ ៤-០ បន្ទាប់​ពី​រូប​គេ បានចូលជំនួស មិន រតនៈ ត្រឹម​២នាទី។ ឈានដល់នាទី៨៩ ណារ៉ុង កក្កដា រកបានគ្រាប់ទី៦ ក្រោយការតែតទម្លាក់របស់ ស រតនា។

ចំណែកការ​​បក្រកួត​គូទីមួយ​រវាងក្រុម ទីម័រខាងកើត និងហ្វីលីពីន បាន​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ ២-២ ហើយ​តាម​រយៈ​លទ្ធផល​នេះ ក្រុមម្ចាស់ផ្ទះកម្ពុជា បាន​ឡើង​ទៅ​ឈរ​នៅកំពូល​តារាង​ប្រចាំ​ពូល​A នេះ ជា​បណ្តោះអាសន្ន ដោយមាន​៣ពិន្ទុ​ និង​តាម​ពី​ក្រោយ​ដោយ​ក្រុម​ទីម័រខាង​កើត និង ហ្វីលីពីន ដែល​មាន​១ពិន្ទុ និងក្រុម​ប្រ៊ុយណេ មាន​សូន្យពិន្ទុ ជាមួយ​ការរបូត​ដល់​៦​គ្រាប់៕