ក្លិប​បាល់​ទាត់​បឹងកេត បានចុះ​កិច្ចសន្យា​ នាំ​យកកីឡាករ​បរទេស គ្រប់​៥នាក់ ទៅ​តាម​កូតា​នៃ​​លីគកំពូលកម្ពុជា បាន​កំណត់​ហើយ ហើយ​អ្នកទាំង​៥នេះ ​មាន​សញ្ជាតិខុសៗ​គ្នា គឺ​សញ្ជាតិ​ប្រេស៊ីល កាមេរូន នីហ្សេរីយ៉ា អ៊ីរ៉ង់ និង​អាហ្គានីស្ថាន។

នៅក្នុង​ចំណោម​អ្នកទាំង​៥​នេះ គឺ​មាន​អ្នក​លេងនៅ​តំណែងការពារ ​១​នាក់ លេង​បម្រើ ​២​នាក់ និងលេង​​ប្រយុទ្ធ មាន​២នាក់ ហើយ​អ្វី​ដែល​គួរឱ្យ​ចាប់អារម្មណ៍​ខ្លាំង​នោះ គឺ​កីឡាករ​អ៊ីរ៉ង​ដំបូងគេ ដែល​មក​ប្រកបអាជីពបាល់​ទាត់ នៅ​លីគកំពូល​កម្ពុជា បានតាំង​ចិត្ត​ខ្ពស់ ក្នុងការ​ជួយ​បឹងកេត ដើម្បី​ប្រជែង​ឱ្យបាន​ពាន នៅរដូវ​កាលនេះ ចំណែក​៤នាក់ទៀត សុទ្ធតែ​មាន​បទពិសោធ​ល្អដូចគ្នា។

ម្ចាស់អាវ​លេខ​២៥  Alexandra Cardoso ​ជា​បេក្ខភាព​ទី​៥​ចុងក្រោយ ដែល​ក្លិប​បឹងកេត ទើប​ប្រកាស​ផ្លូវការ កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ គឺជាកីឡាករ​មកពី​ប្រេស៊ីល ដែល​មានតួនាទីជា​ខ្សែ​បម្រើ ហេតុនេះ​គេ​នឹង​លេង​នៅតំបន់​បម្រើ​ជាមួយកីឡាករ​អាហ្គានីស្ថាន ធ្លាប់​លេង​ឱ្យ​​ក្លិប​ភ្នំពេញក្រោន និង​វិសាខា ឈ្មោះ Zazai Mustafa។

ចំណែក​អតីត​ខ្សែ​ប្រយុទ្ធ​ឆ្នើម​របស់វិសាខា Ajayi Opeyemi ដែល​ជាជនជាតិនីហ្សេរីយ៉ា និងខ្សែ​ប្រយុទ្ធជនជាតិកាមេរូន Abee Hubert  ដែលបានផ្ទេរចេញពី​ក្លិប​អាស៊ីអឺរ៉ុប មក​លេង​នៅ​បឹងកេត ក្នុង​ជើងទី​២ នៃ​ការ​ប្រកួត​លីគកំពូលកម្ពុជា កាលពី​ឆ្នាំ​២០២១​នោះ គឺ​អ្នកទាំង​២​នេះ នឹង​ក្លាយ​ជា​ដាវញីឈ្មោល ដើម្បីប្រមាញ​រក​គ្រាប់បាល់​ឱ្យក្រុមបឹងកេត សម្រាប់ការ​ប្រកួត​នៅរដូវ​កាល​ថ្មី​នេះ។

ជាមួយ​គ្នា​នេះ កីឡាករ​អ៊ីរ៉ង់ដំបូងគេ ដែល​មក​ប្រកប​អាជីព​នៅ​កម្ពុជា Taher Jahanbakksh នឹង​ចាប់​ដៃ​គូ​ជាមួយ​កីឡាករ​ខ្មែរ​របស់បឹងកេត ផ្សេង​ទៀត ក្នុងការ​លេង​នៅ​តំបន់​ការពារ ហើយគេ​ម្នាក់​នេះ ​​ធ្លាប់​លេងបាល់​ទាត់ទាំង​ពី​អាយុ​៧​ឆ្នាំ មុន​ពេល​វិឌ្ឍ​ខ្លួន​ បាន​លេង​​លីគ​ទី​២​របស់​អ៊ីរ៉ង់ និងលីគកំពូល​អ៊ីរ៉ង់។ ជាង​នេះ​ទៅ​ទៀត Taher Jahanbakksh ធ្លាប់លេង​នៅលីគកំពូល​ហ្វីលីពីន រហូត​ដល់​៤​ឆ្នាំ​ឯណោះ។

សម្រាប់ការ​មក​ចូល​រួមជាមួយ​ក្រុមបឹងកេត នៅរដូវ​កាលនេះ Taher Jahanbakksh  បានតាំង​ចិត្ត​ខ្ពស់​​ថា៖​ «ពិតណាស់ខ្ញុំ​មកទីនេះ គឺ​ដើម្បី​ឈ្នះ​បាន​ជាមួយក្រុម។ ខ្ញុំបាន​ដឹង​ដែរ​ថា បឹងកេត ជា​ក្រុម​ដ៏​ធំមួយ មាន​អ្នកគាំ​ទ្រ​ច្រើន។ ខ្ញុំ​ចង់​ឈ្នះ​ពាន​ជាមួយក្លិបមួយនេះ​ ហើយ​ខ្ញុំ​សង្ឃឹម​​ថា យើង​អាច​​ធ្វើ​បាន ព្រោះ​យើងមាន​កីឡាករ​ល្អៗ និង​គ្រូ​បង្វឹកពូកែៗ»។

ម្ចាស់អាវ​លេខ​៥​រូបនេះ បានបន្ថែម​ថា៖ «មែន​ហើយ​ ​យើង​ត្រៀមខ្លួន ដើម្បីប្រជែង​យកជើង​ឯក ហើយយើងសូម​ឱ្យ​អ្នក​គាំ​ទ្រ បន្ត​គាំ​ទ្រដល់ពួក​យើង ព្រោះការគាំ​ទ្ររបស់អ្នក ពិត​ជា​​ធ្វើ​ឱ្យ​ពួក​​យើង មានកម្លាំង​ ដើម្បី​ខិតខំធ្វើ​ឱ្យអស់​ពី​សមត្ថ​ភាព ដើម្បី​ក្លាយ​ខ្លួន​ជា​ក្រុម​មួយ ដ៏​មាន​កម្រិត​ខ្ពស់ នៅក្នុង​ប្រទេស​កម្ពុជា ហើយ​​សង្ឃឹម​ថា យើងនឹង​ធ្វើ​ឱ្យ​អ្នកទាំង​អស់​គ្នា​រីក​រាយ»៕