ខ្សែប្រយុទ្ធជំនាញ​ប្រើជើង​ឆ្វេង ម៉ាត់ នូរុណ បាន​ជួយ​ឱ្យ​​ក្រុម​បឹងកេត វិលមក​រក​គន្លងផ្លូវ​​ដ៏​ល្អ​វិញ  ព្រោះ​ការ​រកបាន​៣​គ្រាប់​តែ​ម្នាក់ឯង​របស់​គេ បាន​ជួយ​ឱ្យក្រុមនាគខៀវ​មួយនេះ ឆ្លង​ផុត​​វគ្គ​ជម្រុះ ដើម្បី​ឡើង​ទៅកាន់​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ នៅក្នុងការ​ប្រកួត​ជម្រុះព្រឹត្តិការណ៍ Cambodia Airways Cup លើកទី២ រដូវកាល ២០២២ ជា​លើក​ដំបូង។

គេ​នៅចាំ​បាន​ថា ក្រុម​បឹកកេត ទើប​តែ​ទទួលបរាជ័យ ដោយ​ពួកគេ​បាន​ធ្លាក់​ត្រឹម​វគ្គជម្រុះ នៅ​​ក្នុងការ​ប្រកួត​ពាន​បើក​រដូវ​កាល ដែល​បាន​ធ្វើ​នៅ​កីឡដ្ឋាន​ព្រីនស៍ កាលពី​ពេលថ្មីៗ​នេះ ប៉ុន្តែ​ការ​​រួមគ្នា​យក​ឈ្នះ​ក្រុមអង្គថាយហ្គឺរ ៣-១ កាលពី​ម្សិលមិញ វា​បានជួយ​ស្រោច​ស្រង់​ស្ថាន​ភាព​ក្រុមនេះ​ឱ្យប្រសើរ​វិញ បានមួយកម្រិត   ហើយ​វាក៏ជា​ពេល​ដែល​ បឹងកេត បាន​បង្ហាញ​វត្តមាន​ខ្សែ​បម្រើ​ថ្មីជនជាតិប្រេស៊ីល Alexandra Cardoso និងខ្សែ​ការពារ​ជនជាតិអ៊ីរ៉ង់ Taher Jahanbakksh ផងដែរ ដោយការ​ប្រកួតនេះ គេមាន​របួស​ក្បាល។

​ដោយមានការ​រួម​ចំណែក​យ៉ាង​សំខាន់ ពី​បម្រើ​ជន​ជាតិ​​អាហ្គានីស្ថាន Zazai Mustafa  ពិសេស​ខ្សែ​ប្រយុទ្ធនីហ្សេរីយ៉ា Ajayi Opeyemi  និងខ្សែ​ប្រយុទ្ធជនជាតិកាមេរូន Abee Hubert  នោះ ​​បាន​ជួយ​ឱ្យខ្សែ​ប្រយុទ្ធ​លេខ​១០ ម៉ាត់ នូរុញ អាច​រកបាន​២​គ្រាប់ ជាប់ៗ​គ្នា នៅនាទី២១ និង២៧ មុន​ពេលខ្សែ​ប្រយុទ្ធ KWAVENY JOSEF របស់អង្គរថាយហ្គឺ ធ្វើ​សម្រេច​បាន​១គ្រា​ប់ តាមពីក្រោយនៅនាទី៤១។

ឈាន​ចូលដល់វគ្គទី២ ការប្រកួតអូសបន្លាយពេលវេលាដល់នាទី៨៦ ទើបកីឡាករ ម៉ាត់ នូរុណ ដដែលធ្វើសម្រេចបានគ្រាប់ទី៣ (hat-trick) របស់ខ្លួន ដើម្បី​ជួយ​ឱ្យ​ក្រុមបឹង​កេត យក​ឈ្នះ អង្គរ​ថាយហ្គឺរ ៣-១ ហើយ ម៉ាត់ នូរុណ ក៏​ត្រូវ​បាន​ជ្រើសរើស​ជា​កីឡាករល្អ​ប្រចាំ​ការ​ប្រកួត​នេះផងដែរ។

ជាមួយជ័យជម្ននេះ បានជួយ​ឱ្យក្រុម​ម្ចាស់​ផ្ទះ បឹងកេត ត្រូវ​ឡើង​ទៅជួបក្រុម​ណាហ្គាវើលដ៍ នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ដែលនឹង​ត្រូវ​ធ្វើ​នៅ​រសៀល​ម៉ោង ៣:៣០ ថ្ងៃសៅរ៍​នេះ  ដើម្បី​ដណ្តើម​​គ្នា​យក​ពាន ចំណែក​ក្រុមព្រះខ័នរាជស្វាយរៀង ដែលបានចាញ់​ក្រុមណាហ្គាវើលដ៍ ១-០ នោះ ត្រូវ​ប្រកួត​ដណ្តើម​យក​លេខ​៣ ជាមួយ​ក្រុមចាញ់ដូច​គ្នា អង្គរ​ថាយហ្គឺរ នៅថ្ងៃសុក្រ ស្អែក​នេះ៕