​កីឡាករ​ជម្រើស​ជាតិ​​ប្រដាល់​សកល ទូច ដេវីត បាន​ក្លាយជា​បេក្ខភាព ដែល​បាន​ឡើង​ទៅកាន់វគ្គ​៨នាក់ចុងក្រោយមុនគេ សម្រាប់​ការ​​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់ រដូវកាលទី២ ក្នុង​​ទម្ងន់​​៦០​គីឡូក្រាម នៅលើ​សង្វៀន PNN បន្ទាប់ពីរូបគេ​បាន​ផ្តួល​កីឡាករ​ជើងចាស់ ឡុង ជិន ឱ្យសន្លប់ត្រឹម​ទឹកទី​៣​នោះ។

តាម​រយៈការ​ប្រកួតបើក​ឆាក កាលពី​ថ្ងៃអាទិត្យ ម្សិលមិញនេះ ឡុង ជិន បានព្យាយាម​វាយ​ប្តូរជាមួយ ទូច ដេវីត យ៉ាងរន្ធើន ព្រោះ​គេក៏ជាជើងខ្លាំង​ម្នាក់ នៅ​ក្នុង​ចំណោម​បេក្ខភាព​ទាំង​១៦នាក់ ដែលត្រូវបាន​សម្រិតសម្រាំង ដាក់ឱ្យប្រកួតដណ្តើមខ្សែ​ក្រវាត់ រដូវ​កាលទី​២ ​ក្នុង​កម្មវីធី​ប្រដាល់ Ganzberg One Strike នេះ​ផងដែរ។

តែ​ទោះបីជាយ៉ាងណា ឡុង ជិន បាន​បង្ហាញ​ភាពវិលវល់ នៅពេល ទូច ដេវីត បានម៉ាត់​ចូល​ផ្ទៃ​មុខពេញៗ នៅក្នុងទឹកទី​៣​នោះ ដោយ​លោកអាជ្ញាកណ្តាល​ អូត ពូថង បាន​រាប់ទៅលើរូបគេ​២លើក និងឈាន​ដល់​បញ្ឈប់ការ​ប្រកួតតែ​ម្តង បន្ទាប់ពី ឡុង ជិន បាន​បានដួលទាំងជំហរ ក្រោម​កណ្តាប់ដៃធ្ងន់ៗ​របស់ ទូច ដេវីត នោះ ហើយតាម​លទ្ធផលនេះ ដេវីត នឹងត្រូវ​ឡើងទៅអង្គរចាំនៅវគ្គ​៨នាក់ចុងក្រោយ​មុន​គេ ប៉ុន្តែ ឡុង ជិន បាន​ធ្លាក់ចេញ​ពីការប្រកួតនេះហើយ។

តាម​រយៈសន្និសីទ​កាសែត មុនការ​ប្រកួត​នេះ បាន​ឱ្យ​ដឹង ការប្រកួតដណ្តើមខ្សែ​ក្រវាត់ ដែល​មានប្រាក់រង្វាន់រហូតដល់​១ម៉ឺនដុល្លារនេះ PNN និង​ដៃគូឧបត្ថម្ភ​ធំ​របស់ខ្លួន គឺ​ក្រុម​ហ៊ុន​ស្រាបៀរ Ganzberg បានសម្រិត​សម្រាំង​បេក្ខភាព​ចំនួន​៦នាក់ ឱ្យចូល​រួមប្រកួត​ប្រជែងគ្នា ក្នុងនោះមាន​ជើងខ្លាំងក្លិប ប៉ែន កាក់គុនខ្មែរ ព្រឿង សុជាតិ, អ្នកស្នងគុនខ្មែរទឹកដីអង្គរ សេក ចៅជូន, ជម្រើស​ជាតិ​ប្រដាល់​សកល ទូច ដេវីត, ម្ចាស់ខ្សែក្រវាត់ប្រាក់ ឡុង ជិន, ម្ចាស់ខ្សែក្រវាត់មាស ទម្ងន់៥៤ គ.ក្រ របស់ភីអិនអិន រិន ដាវីត, អ្នកលេង​ទម្ងន់ជើង រឿម វណ្ណៈ។

ចំណែកបេក្ខភាព១០​រូបផ្សេងទៀត រួមមាន មនុស្សយន្ត ឯម សុធី, ​អ្នក​ប្រយុទ្ធ​កែង​ស្រួច វៀត ប៊ុនឌឿន, ខ្លាចាស់ ម៉ន សាម៉េត, ជើងខ្លាំងចាស់​វស្សា សៀវ ង៉ុយ, អ្នក ស្នង គុនខ្មែររលកថ្មី ធន់ ផានិត, អ្នក​ប្រដាល់​ចិត្ត​សឿង​ក្លិប​នាយដ្ឋាន​អង្គ​រក្ស អេលីត សាន់, អ្នក​លេង​ទម្ងន់​ដៃ លាភ រដ្ឋា, អ្នក​ប្រដាល់​កំពុង​ឡើង​កូដ ផាន់ សុផាត, អ្នក​ប្រយុទ្ធ​វ័យ​ក្មេង ឆង ថងសិទ្ធ និងជើងខ្លាំង​ក្លិប​គុជសារសគុន​ខ្មែរ នៅ ដារ៉ូ។

លោក សោម ឆាយ៉ា ​អគ្គនាយករ​ង ស្ថានីយ៍​ទូរទស្សន៍ PNN បាន​ថ្លែង​ថា៖«តាម​រយៈ​កម្មវិធី​ប្រដាល់ ដែល PNN មាន​នេះ នឹង​អាច​ចូល​​រួម​​ចំណែក​កសាង​ថ្នាល​កីឡាករ​សម្រាប់​ឆ្នាំ​២០២៣ ដែល​កម្ពុជា ត្រូវ​​ធ្វើជា​ម្ចាស់​ផ្ទះ​​ការ​ប្រកួត​ស៊ីហ្គេម ជា​លើក​ដំបូង​ ​ក្នុង​ប្រវត្តិ​សាស្ត្រ ដោយ​វិញ្ញាសា គុនខ្មែរ ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​ប្រភេទ​កីឡា​ប្រយុទ្ធ ដែល​នេះ​ជា​សក្ដានុពល​ដ៏​ធំធេង​មួយ ក្នុង​ការ​ប្រកួត​ប្រជែង​ដណ្ដើម​មេដាយ​ជូន​ជាតិ ហើយ PNN និង ក្រុមហ៊ុនស្រាបៀរ GANZBERG ​ប្ដេជ្ញា​ចិត្ត​លើក​ស្ទួយ​អភិរក្ស និង​អភិវឌ្ឍ​​វិស័យ​កីឡា​​ប្រដាល់​គុន​ខ្មែរ ឱ្យ​កាន់​តែ​​ល្បី​​សុះ​សាយ នៅ​​លើ​ឆាក​អន្តរជាតិ»៕