ខ្សែប្រយុទ្ធ​វ័យក្មេង​ដ៏​ឆ្នើម​របស់​ក្លិបភ្នំពេញក្រោន លឹម ពិសុទ្ធ ដែលបានបាត់បង់ឱកាស​ម្តង​ទៅហើយ ចំពោះការមិនបានចូលលេងតំណាង​ឱ្យ​កម្ពុជា នៅក្នុងការប្រកួតពានរង្វាន់ AFF U23 Championship 2022 នោះ គឺ​រូបគេ នឹង​បាត់បង់​ឱកាស​សំខាន់មួយ​ទៀត ចំពោះការ​ខក​ខាន ជួយ​ក្រុម​ជម្រើសជាតិកម្ពុជា នៅក្នុងការ​ប្រកួត​ស៊ីហ្គេម លើកទី​៣១ ឆ្នាំ២០២២នេះ នៅ​ប្រទេស​វៀតណាម។

ការ​បាត់​បង់ឱកាស​ដ៏​ធំ​របស់ លឹម ពិសុទ្ធ នៅក្នុងការ​ប្រកួត​ផ្នែក​កីឡា​បាល់​ទាត់បុរស ក្នុង​ព្រឹត្តិការណ៍ ស៊ីហ្គេម លើក​ទី​៣១ ដែលនឹង​ត្រូវ​ធ្វើ​នៅ​ខែឧសភា ឆ្នាំ​២០២២​នេះ គឺ​ដោយ​សារ​តែ​កីឡាករ​វ័យ​ក្មេង មានសមត្ថភាពល្អ​រូប​នេះ នឹង​ត្រូវ​ធ្វើការ​វះកាត់​ ដើម្បី​ព្យាបាល​ការបែក​ទ្រនាប់​ជង្គង់ខាង​ឆ្វេង។ នេះបើតាមការ​ប្រកាស​របស់ក្លិបភ្នំពេញក្រោន។

«ក្លិបបាល់ទាត់ភ្នំពេញក្រោន សូម​ជម្រាបជូន​អ្នកគាំទ្រ​ទាំងអស់ ឱ្យ​បាន​ជ្រាប​ថា កីឡាករ លឹម​ ពិសុទ្ឋ បាន​បែក​ទ្រនាប់​ជង្គង់​ជើង​ខាង​ឆ្វេង ហើយ​បន្ទាប់​ពី​ឆ្លង​កាត់​ការ​ពិនិត្យ​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ពីសំណាក់​ក្រុម​គ្រូពេទ្យ​រួច​មក ជាលទ្ធផល ពិសុទ្ឋ​ ត្រូវ​ធ្វើការ​វះកាត់​បញ្ហា​របួស​នេះ»។ នេះជា​ការ​ប្រកាស​ផ្លូវការ នៅលើ​ផេចហ្វេសប៊ុក​ផ្លូវ​ការ​របស់​ក្លិប​ភ្នំពេញក្រោន ផ្ទាល់ កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ។

ក្រុម​ម្ចាស់​ជើង​ឯក​លីគកំពូល​៧សម័យ​កាល មួយនេះ បាន​បន្ថែម​ថា៖​ «ក្លិប​បាល់ទាត់​ភ្នំពេញក្រោន សូម​ថ្លែង​អំណរ​គុណ​ចំពោះ​ការ​យក​ចិត្ត​ទុក​ដាក់​ពី​សំណាក់​អ្នក​គាំទ្រ ក៏​ដូច​ជា​សហព័ន្ធ​​កីឡា​បាល់​ទាត់​កម្ពុជា ដែល​បាន​សហការ​ជាមួយ​ក្លិប​ក្នុង​ករណី​ព្យាបាល​របួស​របស់​កីឡាករ​​រូប​នេះ។ គួរបញ្ជាក់ថា ពិសុទ្ឋ អាច​នឹង​នៅ​ឆ្ងាយ​ពី​ទីលាន​ក្នុង​រយៈ​ពេល​ប្រមាណ​ពី ២ ទៅ ៣ ខែ ជា​មួយ​នឹង​ក្តី​សង្ឃឹមថា រូបគេ​នឹង​ត្រឡប់​មក​វិញ​ជា​មួយ​ភាព​រឹងមាំ​សម្រាប់​ភ្នំពេញ​ក្រោន ព្រម​ទាំង​ឱកាស​ក្នុង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ផងដែរ»។

គួរ​បញ្ជាក់​ថា កីឡាករ​ លឹម ពិសុទ្ធ ត្រូវ​បាន​អ្នកចាត់ការ​ទូទៅ​ក្រុមជម្រើសជាតិកម្ពុជា លោក Keisuke Honda សម្រេច​ដកចេញ​ពីការ​ប្រមូល​ក្នុង​U23ជម្រើសជាតិកម្ពុជា នៅមុនការ​ប្រកាស​បេក្ខភាព​ចុងក្រោយទាំង​២៨​នាក់ ដែល​ទើប​បានបញ្ចប់ការ​ប្រកួត​ជម្រុះ​តាមពូល​A នៃ​ពាន​រង្វាន់ AFF U23 Championship 2022 នេះ ហើយការ​សម្រេច​ដកនេះ មិន​មែន​ដោយ​សារ ពិសុទ្ធ បានធ្លាក់ចេញ​ពីការ​ធ្វើ​តេស្តនោះទេ ប៉ុន្តែ​ដោយសារ​តែ លោក Honda មើលឃើញ លឹម ពិសុទ្ធ មាន​របួសជង្គង់​នេះ អ៊ីចឹង​បើ​បណ្តោយ​ឱ្យគេ​លេងបន្ត​ទៀត របួស​នេះ អា​ច​កាន់តែ​ធ្ងន់​ធ្ងរ និង​ប៉ះ​ពាល់​ដល់​អាជីព​របស់​គេ៕