អតីត​អ្នកចាំទី​ដៃទី​១​របស់​ក្រុមជម្រើសជាតិកម្ពុជា អ៊ុំ សេរីរ័ត្ន នឹង​ត្រូវ​ប្តូរ​ឯកសណ្ឋាន​ថ្មី ក្នុង​នាមជា​ស​មាជិក​របស់ក្រុម​ព្រះខ័នរាជស្វាយរៀង វិញ​ម្តង សម្រាប់​ការ​ប្រកួត​​រដូវកាលថ្មី ឆ្នាំ​២០២​២ ហើយ​ក៏ស្របពេល​ដែល​ក្លិបមាន​មូលដ្ឋាន នៅ​កីឡដ្ឋានខេត្តស្វាយរៀង មួយ​នេះ បាន​ធ្វើ​សំបុត្រ​ទស្សនា​មួយរដូវកាល សម្រាប់អ្នកគាំ​ទ្រ​ផងដែរ។

អ្នកចាំទី អ៊ុំ សេរីរ័ត្ន ​ត្រូវបាន​សមាគមក្លិបកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ TIFFY ARMY FC (ទ័ព) ដែលជា​ក្លិប​ដើម​របស់​ខ្លួន ប្រកាស​ កាលពី​ម្សិលមិញ​ថា អ៊ុំ សេរីរ័ត្ន នឹង​ចូលរួម​​ជាមួយ​ក្លិបព្រះខ័នរាជស្វាយរៀង ក្នុងលក្ខខណ្ឌខ្ចីជើង សម្រាប់​ការ​ប្រកួត​១រដូវ ឆ្នាំ​២០២២​​នេះ។

ការ​ចាក​ចេញ​របស់អ្នក​ចាំទី អ៊ុំ សេរីរ័ត្ន វា​បានបើក​ផ្លូវ​ឱ្យ​ប្អូន​បង្កើត​របស់​ខ្លួន គឺ​អ្នកចាំទី​ឆ្នើម អ៊ុំ វិចិត្រ អាច​បង្ហាញ​សមត្ថ​ភាព ក្នុងជម្រើសទី​១ ដោយស្កប់ចិត្ត សម្រាប់ការ​វិល​ត្រឡប់​ពីការ​ខ្ចីជើង​របស់​ក្រុម​ភ្នំពេញក្រោន ចំនួន​២​រដូវកាល ដើម្បី​មកការពារ​ទីឱ្យក្រុម​ទ័ព ជា​ថ្មី នៅ​រដូវ​កាល​នេះ។​

ជាមួយគ្នា​នេះ អ៊ុំ សេរីរ័ត្ន ដែល​ទើប​ជាពីរបួស​សះស្បើយ ពី​របួស​វះកាត់​ដែរនោះ នឹង​អាចបាន​បង្ហាញ​សមត្ថ​ភាព​ជា​ថ្មី នៅលើទី​លាន​ផងដែរ ដើម្បី​បង្ហាញ​ឱ្យ​អ្នកគាំ​ទ្រ​បាន​ឃើញ​វិញ ចំពោះការ​សង្រ្គោះគ្រាប់បាល់​ដ៏​ល្អ​របស់​គេ ព្រោះ​កន្លង​មក អ៊ុំ សេរីរ័ត្ន បាន​ក្លាយ​ជា​អ្នកចាំទី​ដៃ​ទី​១ ទាំង​ឱ្យក្រុមទ័ព និងក្រុមជម្រើសជាតិ​កម្ពុជា ផងដែរ។

សម្រាប់ការ​ស្វាគមន៍ ការ​ធ្វើ​ដំណើរ​ពី​កីឡដ្ឋាន​ស្តាត​ចាស់ ទៅកាន់កីឡដ្ឋាន​ខេត្ត​ស្វាយ​រៀង​​នេះ ក្រុម​ព្រះខ័នរាជស្វាយរៀង បានចាត់ទុក អ៊ុំ សេរីរ័ត្ន ជាម៉ាស៊ីន​បញ្ឈប់​គ្រាប់​បាល ដោយ​ក្លិប​មួយនេះ សរសេរ​បង្ហោះ​ អម​ដោយ​វីដេអូ​សង្រ្គោះ​បាល់​របស់ អ៊ុំ សេរីរ័ត្ន ថា៖​«ស្វាគមន៍ ម៉ាស៊ីន​បញ្ឈប់​គ្រាប់​បាល់​ថ្មី​របស់យើង»។

ស្រប​ពេលជាមួយគ្នា​នេះ​ដែរ ក្លិបព្រះខ័នរាជស្វាយរៀង ក៏បាន​ឈាន​ដល់​ការ​ធ្វើសំបុត្រ​ពិសេស​ សម្រាប់អ្នកគាំ​ទ្រ​របស់​ខ្លួន គឺ​សំបុត្រ ដែលអាច​ចូលទស្សនា​ការ​ប្រកួត​របស់​ក្រុម​ស្វាយរៀង បាន​​ពេញ​១​រដូវ​កាលតែ​ម្តង ហើយសំបុត្រ​នេះ មាន​តម្លៃ​សរុបត្រឹម ៧០០០០​ រៀល តែអាច​ទស្សនា​ការប្រកួតវរបស់​ក្រុម​ស្វាយរៀង នៅកីឡដ្ឋានខេត្តស្វាយរៀង​នេះ បានរហូត​ដល់​​១៧​ប្រកួត៕