កីឡាករកម្ពុជា លេង​ក្នុងតំណែង​ខ្សែ​ការពារ​កណ្តាល​ម្នាក់​ទៀត​របស់​ក្លិប​បាល់​ទាត់​ភ្នំពេញក្រោន នឹងត្រូវ​ចាកចេញ​ពីការ​ប្រកួតប្រជែង នៅ​លីគកំពូលកម្ពុជា ដើម្បី​ចេញ​ទៅ​ប្រកួត​ប្រជែង នៅលើទឹក​ដី​ថ្មី នៃ​លីគកំពូល​ម៉ាឡេស៊ី (Malaysia Super League) នា​រដូវ​កាល ឆ្នាំ​២០២២​នេះ។

ខ្សែ​ការពារ​កូនខ្មែរ-បារាំង ដែល​ធ្លាប់ប្រកបអាជីព ក្នុង​នាមជា​កីឡាករ​របស់​ក្លិប​ភ្នំពេញ​ក្រោន អស់​រយៈពេល​៧ឆ្នាំ​នោះ ត្រូវបានក្លិប​ម្ចាស់​ជើង​ឯក​៧សម័យ​កាល​មួយនេះ ប្រកាស​ពីការ​កីឡាករ កុក​ បូរីស ឱ្យ​ទៅលេង​នៅ​ Sarawak United FC ដែលជាក្លិបលេងនៅក្របខណ្ខ Malaysia Super League ក្នុងលក្ខខណ្ឌ​ខ្ចីជើង​១រដូវកាល។

តាម​រយៈការ​ប្រកាសនេះ បានបញ្ជាក់ថា កុក បូរីស នឹងត្រូវ​ចាក់ចេញពី​ទីក្រុង​ភ្នំពេញ ដែល​រូបគេ​ ធ្លាប់បានរស់​នៅជា​ច្រើន​ឆ្នាំ​មក​នេះ ដើម្បី​ទៅប្រ​កបអាជីព បាល់​ទាត់នៅលីគ​កំពូល​ម៉ាឡេស៊ី វិញម្តង ខណៈ​ខ្សែ​ប្រយុទ្ធ ចាន់ វឌ្ឍនាកា, កែវ សុខផេង, ប្រាក់ មុន្នីឧត្តម និង ធារី ចន្ថាប៊ីន សុទ្ធតែ​ធ្លាប់បាន​ទៅនៅលីគកំពូល​មួយ​នេះ ក្នុង​នាមជា​កីឡាករ​ចេញពី​លីគ​កំពូល​កម្ពុជា ប៉ុន្តែនៅក្នុងចំណោម​អ្នកទាំង​នេះ គឺ​មានតែកីឡាករ​ខ្មែរ-បារាំង ធារី ចន្ថាប៊ីន ម្នាក់​ទេ ដែល​ទទួល​បានជោគជ័យ​ជាងគេ សម្រាប់ការ​ទៅលើ នៅលីគកំពូលម៉ាឡេស៊ី នៅមុនពេល​រូបគេ ត្រឡប់មក​លេង​នៅលីគកំពូល​វិញ ក្នុងនាមជា​កីឡាករ​របស់​ក្លិប​វិសាខា កាលពីឆ្នាំ​២០២១។

កុក បូរីស បានចារ​ប្រវត្តិសាស្រ្ត​ខ្លួនឯង​ថា ជា​កីឡាករ​ដ៏​ជោគជ័យ​ម្នាក់ សម្រាប់ការ​លេង​ឱ្យក្រុមភ្នំពេញក្រោន ក្នុង​រយៈពេល​៧​ឆ្នាំ​នេះ ព្រោះរូប​គេ បានរួមចំណែក​ឱ្យក្រុម​សិង្ហក្រហម ឈ្នះបាន​តំណែង​ជើង​ឯក​លីគកំពូលកម្ពុជា ចំនួន​៣​សម័យកាល កាលពី​ឆ្នាំ​​២០១៤ ឆ្នាំ​២០១៥ និង​ឆ្នាំ​២០២១។

យ៉ាងណា​មិញ សម្រាប់​ក្រុមថ្មី Sarawak United FC ​របស់ កុក បូរីស គឺជា​ក្រុម​ដែល​ទើប​ទទួលបាន​កៅអីមក​លេង​នៅក្របខណ្ខ Malaysia Super League នា​រដូវកាល ឆ្នាំ​២០២២​នេះ បន្ទាប់ពីក្រុម​មួយនេះ ទទួលបានតំណែងជើង​ឯក​រង ក្នុងការ​ប្រកួត​ក្របខ័ណ្ឌ​ទី​២ Malaysia Premier League កាលពីឆ្នាំ​២០២១ ដោយ​ពួកគេ បានឈ្នះ​១១​ប្រកួត ស្មើ​៥ ចាញ់​៤ មាន​៣៨ពិន្ទុ តិចជាងក្រុម​លេខ​១ Negeri Sembilan ដែល​មាន​៤១​ពិន្ទុ៕