ព្រឹត្តិការណ៍​​ប្រកួតលីគ​​អាជីព​ MPL-KH ប្រចាំ​ឆ្នាំ​២០២២ នៃ​ប្រភេទ​កីឡាអេឡិចត្រូនិក ដែល​មាន​ប្រាក់​រង្វាន់សរុប​​រហូត​ដល់​៤ម៉ឺន​ដុល្លារ​អាមេរិក​នោះ បាន​ឈាន​ដល់​ការ​ប្រកួត​កាន់តែ​ពិសេស និងជក់ចិត្ត គឺ​ការ​ប្រកួត​សន្សំពិន្ទុ​រវាង​ក្រុម​ខ្លាំងៗ​ចំនួន​៨ នៅ​ក្នុងវគ្គ Spring Split ​ដែល​នឹង​​ចាប់​​ផ្តើម​​ប្រកួត នៅ​​ថ្ងៃ​សៅរ៍ ទី​២៦ ខែ​កុម្ភៈ​ ស្អែកនេះ ដើម្បី​រក​ក្រុម​កម្រិតកំពូល ឡើង​ទៅវគ្គបន្ត។

​សម្រាប់​៤​ក្រុម ដែលបាន​ឡើង​មក​ដល់​វគ្គ​សន្សំពិន្ទុនេះ រួម​មានក្រុម Infamous LG, Divinity Saga, Team Max KH, និង​​ក្រុម Logic Esports។ តែ​ទោះបីជា​យ៉ាងណា ទម្រាំដណ្តើម​​បាន​កៅអី មក​ដល់​វគ្គ Spring Split នេះ ក្រុមទាំង​៤​នេះ បាន​ឆ្លង​កាត់​ការ​ប្រកួតប្រជែង​យ៉ាង​ខ្លាំងក្លា​បំផុត ​ជាមួយ​ក្រុមសរុបចំនួន​២៥៦ ដែលបាន​ដាក់ពាក្យ​ចូល​រួម នៅ​ក្នុងព្រឹត្តិការណ៍នេះ។

បន្ទាប់ពី​ឆ្លងផុត​វគ្គ​ជម្រុះជាបឋម កាល​ពីថ្ងៃទី​២២ និងថ្ងៃទី​២៣ ខែកុម្ភៈ​​នោះ ក្រុម​ទាំង​៤​ខាង​លើ បាន​ជួបការ​ប្រកួត​ដ៏​លំបាក​មួយ​ទៀត គឺ​ការ​ប្រកួតជម្រុះ​រវាង​ក្រុម​ខ្លាំង​ទាំង​៨ ប៉ុន្តែ​ក្រុម Infamous LG, Divinity Saga, Team Max KH, និង​​ក្រុម Logic Esports នៅតែ​ដណ្តើម​បាន​ជ័យជម្នះ ដើម្បី​ឡើង​មក​ដល់​​ការ​ប្រកួត​សន្សំពិន្ទុ​នេះ។

យ៉ាង​ណា​ក៏​ដោយ សម្រាប់​ការ​ប្រកួត​វគ្គ Spring Split នេះ ក្រុម ​Infamous LG, Divinity Saga, Team Max KH, និង​​ក្រុម Logic Esports នឹងត្រូវ​ប្រឈម​ការ​ប្រកួតប្រជែងកាន់តែ​តានតឹង ព្រោះ​ពួកគេត្រូវប៉ះក្រុមឈរ​ចាំ​ខ្លាំង​ៗចំនួន​៤​ទៀត រួមមាន​ក្រុម Impunity KH, BURN Gaming, Diversity Gaming Quantum និង​ក្រុម​ជើង​ឯក​ឆ្នាំ​ចាស់ See You Soon ទើប​គ្រង​​តំណែងជើង​ឯក​រង ក្នុង​ការ​​ប្រកួតជ្រើសរើស​ជើង​ឯក​ថ្នាក់​ជាតិ ក្រោយ​ពេល​ពួកគេចាញ់​ក្រុម​ BURN X PLASH ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ កាលពី​ថ្ងៃអាទិត្យ មុននេះ។

ជាមួយការ​រៀបចំ​បានយ៉ាង​ល្អ ​​របស់​ក្រុម​ហ៊ុន MOONTON Games ដោយមានការ​សហការ​ជាមួយ​ក្រុម​ហ៊ុន​ទូរសព្ទ Smart ព្រមទាំងមាន​ការ​​គាំទ្រ​ដោយ​បណ្តាញ​ទំនាក់​ទំនង​សង្គម​TikTok និង​ភេសជ្ជៈ Sting នោះ ​វានឹង​ធ្វើ​ឱ្យ​ការ​ប្រកួត​វគ្គសន្សំពិន្ទុ Spring Split រវាងក្រុមខ្លាំងៗ​​ទាំង​៨ នៅថ្ងៃ​សៅរ៍នេះ នឹងមាន​ភាពទាក់​ទាញខ្លាំង ដែល​នឹង​ធ្វើ​ឱ្យ​អ្នកគាំ​ទ្រ​កីឡា​អេឡិចត្រូនិក មានភាព​រីក​រាយ ជាមួយការ​ប្រកួតដ៏ទាក់ទាញ​រវាងក្រុមខ្លាំង​ទាំងនេះ ដើម្បីឆ្ពោះ​ទៅរក​ក្រុម​ម្ចាស់ជយលាភី ដោយមាន​ប្រាក់រង្វាន់សរុប​រហូត​ដល់​​៤ម៉ឺន​ដុល្លារ។

ជា​មួយ​គ្នា​នេះ អ្នក​គាំទ្រ ក៏​​នឹង​បាន​ជួប​ជា​មួយ​លោក Harada Miki (អ្នក​វិភាគ) លោក SENTO និង KaKa 42 (ពិធីករ) ព្រមទាំង​វត្តមាន​របស់ Mano Gaming, Kbeezz, Mengly Gaming និង​ Sea Neang Gaming ផងដែរ ខណៈ​ព្រឹត្តិការណ៍នេះ ក្រុម​ជើងឯក​លេខ​១ នឹង​ទទួលបាន​ពាន និង​ប្រាក់រង្វាន់១៦០០០​ដុល្លារ​អាមេរិក ក្រុម​លេខ​២ បាន​៨០០០​ដុល្លារ​អាមេរិក ក្រុម​លេខ​៣ បាន​៥០០០​ដុល្លារ​អាមេរិក ក្រុម​លេខ​៤ បាន ៣០០០​ដុល្លារ ចំណែក​ក្រុម​លេខ​៥ ដល់​លេខ​៨ ចុងក្រោយ​គេ ក៏​ទទួលបាន​ប្រាក់​រង្វាន់ ក្នុង​១ក្រុមៗ​ចំនួន​២០០០​ដុល្លារ​អាមេរិក ផងដែរ៕