បរទេស៖ អនា​គត​របស់​ក្រុ​ម​បាល់​ទាត់​ជម្រើស​ជាតិ​រុស្ស៊ី ក្នុង​ព្រឹត្តិការណ៍ World Cup កំពុង​តែ​ស្ថិតក្នុង​ភាព​មិនច្បាស់​កាន់​តែ​ខ្លាំង កាលពីថ្ងៃ​អាទិត្យ ក្រោយពី​ផែន​ការ​របស់​សហ​ព័ន្ធ​កីឡា​បាល់​ទាត់​អន្តរ​ជាតិ​​ហៅ​កាត់ថា FIFA ក្នុងការ​អនុ​ញ្ញាត​​ឲ្យ​ពួក​គេ​ប្រកួតនៅលើ​ទីលាន​អព្យាក្រឹត្យ ត្រូវ​បាន​ច្រាន​ចោល ដោយចាត់ទុក​ថា «មិនអាច​ទទួល​យក​បាន» ពី​ក្រុម​ជាគូ​ប្រកួត​។

ការ​ច្រាន​ចោល​នេះ កំពុង​តែ​ធ្វើ​ឲ្យ​ដំណើរ​ការ​នាំ​ការ​ប្រកួត​ជម្រុះ​សម្រាប់​យុទ្ធនា​ការ​កីឡា​បាល់​ទាត់​មួយ​នេះ ស្ថិតក្នុង​ភាព​ចជ្រួល​ច្របល់​។ អង្គ​ភាព FIFA បាន​ចេញការ​ព្រមាន​ថា ពួក​គេ​កំពុង​តែ​ពិចារណា​ទៅលើ​ការ​ដាក់​ទណ្ឌ​កម្ម​ប្រឆាំងនឹង​រុស្ស៊ី ដើម្បី​ពិន័យ​​ចំពោះ​ការ​ឈ្លាន​ពាន​របស់​ពួ​ក​គេក្នុង​ប្រទេស​អ៊ុយក្រែន​​។ ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា ក្រោយ​ពី​ភាព​ស្ងប់​ស្ងាត់​រយៈពេល​៣​ថ្ងៃ ពួក​គេ​បាន​បញ្ឈប់​ផែន​ការ​នៃ​ការ​ដាក់​ទណ្ឌ​កម្មភ្លាម​ៗ និង​បាន​បញ្ជា​ឲ្យ​រុស្ស៊ី លេង​ការ​ប្រកួតក្នុង​ដី​របស់ខ្លួន នៅលើ​ទីលាន​អព្យាក្រឹត្យ​ជំនួស​វិញ ស្រប​ពេល​ដែល​ទង់​ជាតិ និង​ភ្លេង​​ជាតិ​របស់ពួក​គេ នឹង​ត្រូវ​​ហាម​​មិន​ឲ្យ​បង្ហាញ និង​ច្រៀង​។

ហេតុនេះ ក្រុម​ជម្រើស​ជាតិ​រុស្ស៊ី នឹង​​ត្រូវ​គេ​ហៅ​ថា សហភាព​​កីឡា​បាល់ទាត់​រុស្ស៊ី​។ FIFA បាន​បញ្ជាក់​ថា កិច្ច​សន្ទនាគ្នា​ជាមួយនឹង​អង្គ​ភាពកីឡា​បាល់​ទាត់នានា ដើម្បីកំណត់​វិធាន​ការ​បន្ថែម ក្នុងនោះ​រាប់​បញ្ចូល​ទាំង​ការ​ដក​សិទ្ធិ​ពី​យូទ្ធនា​ការ​ World Cup នឹង​បន្ត​។ ប៉ុន្តែ ភ្លាម​ៗ​ក្រោយពី​ការ​ចេញ​សេចក្តី​ប្រកាស​នេះ សហ​ព័ន្ធកីឡា​បាល់ទាត់​ប៉ូឡូញ បាន​បញ្ជាក់​ម្តង​ទៀត​ថា ពួកគេនឹងមិ​ន​ប្រកួត​ជាមួយនឹង​រុស្ស៊ី ក្នុង​ជម្រុះ World Cup វគ្គ Playoff តាម​ការ​គ្រោង​​ទុក​ឡើយ ទោះ​បី​លើ​ទីលាន​ណា​ក៏ដោយ​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia