កីឡាករមានរហ័សនាម «គីងកុង» អេលីត ចំរើន បានបង្ហាញការសោកស្តាយ ចំពោះការវិលមកកាន់សង្វៀនជាថ្មី កាលពីថ្ងៃអាទិត្យ ខណៈរូបគេ បានសម្រេចបោះបង់ចោលការប្រកួតផ្តាច់ព្រ័ត្រ ទាំងសោកស្តាយ ត្រឹមទឹកទី២ ដែលធ្វើឱ្យ ឡុង ជិន អាចទទួលបានប្រាក់លាន ដោយមិនសូវឈឺសាច់។
តាមរយៈការប្រកួតដណ្តើមប្រាក់លាន នៅលើសង្វៀនថោន កាលពីម្សិលមិញនេះ អេលីត សាន់ បានធ្វើការប្រកួតជាមួយ ឯម សុធី យ៉ាងស្វិតស្វាញបំផុត ហើយគូជម្រុះ៣ទឹកនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំងបំផុត ព្រោះពួកគេបានវាយប្តូរពេញ៣ទឹក នៅមុនពេល អេលីត សាន់ ត្រូវបានប្រកាសឱ្យឈ្នះមនុស្សយន្ត ឯម សុធី ដោយពិន្ទុមិនឯកច្ឆន្ទ ៤-១។
យ៉ាងណាក៏ដោយ សម្រាប់ការឡើងជួប ឡុង ជិន នៅវគ្គផ្តាច់ព្រ័ត្រ អេលីត សាន់ ប្រកួតបានត្រឹម១ទឹកទេ ដោយរូបគេ មិនបានឡើងប្រកួតបន្ត នៅទឹកទី២ឡើយ ហើយបើតាមពិធីករ បានឱ្យដឹងថា នៅក្នុងពេលសម្រាក ក្រោយទឹកទី១ បានបញ្ចប់នោះ អេលីត សាន់ មានអាការៈវិលមុខ ទើបសម្រេចចិត្តបោះបង់ការប្រកួតតែម្តង។
សម្រាប់ការទទួលបានត្រឹមជើងឯករង ជាមួយប្រាក់រង្វាន់ត្រឹម១,៨លានរៀលនេះ អ្នកប្រយុទ្ធ អេលីត សាន់ មានការសោកស្តាយខ្លាំង ដោយរូបគេបានអះអាងថា ការចាញ់នេះ ព្រោះគេទើប វិលមកហ្វឹកហាត់ បានរយៈពេលខ្លី ហើយការឡើងមកប្រកួតនេះ ក៏ជំនួសគេផងដែរ។
អេលីត សាន់ បាននិយាយក្រោយការប្រកួតថា៖ «សម្រាប់ការជួប ឡុង ជិន បើខ្ញុំត្រៀមខ្លួនបានដិតដល់ គឺខ្ញុំសង្ឃឹមបានប្រាក់លានច្រើន ប៉ុន្តែសម្រាប់វិលកាន់សង្វៀនវិញនេះ ខ្ញុំត្រៀមខ្លួនបានរយៈពេលខ្លីមែនទែន អ៊ីចឹងខ្ញុំមានការសោកស្តាយ គឺស្តាយប្រាក់លាន ដែលត្រូវបាត់បង់ក្នុងរយៈពេលមួយភ្លែត»។
ជាមួយគ្នានេះ ឡុង ជិន ក៏ទទួលស្គាល់ដែរថា ការឈ្នះបានប្រាក់លានលេខ១ ចំនួន ៣,៤លានរៀលលើកនេះ គឺរូបគេពិតជាទទួលបានភាពអំណោយផល នៅពេល អេលីត សាន់ បានប្រកួតជាមួយ ឯម សុធី ឡើងអស់ពីខ្លួន និងឈឺខ្លួនរួចទៅហើយនោះ ចំណែក ឡុង ជិន ផ្ទាល់ បានយកឈ្នះ កំពែងខ្មៅ ដោយពិន្ទុ ខណៈ កំពែង ខ្មៅ និង អេលីត សាន់ ត្រូវតែត្រូវដាក់ឱ្យប្រកួតជំនួស វៀត ប៊ុនឌឿន និង ធន់ អៀនឡៃ ភ្លាមៗដូចគ្នា។
ឡុង ជិន បាននិយាយថា៖ «ការហ្វឹកហាត់របស់ខ្ញុំ គឺត្រៀមសម្រាប់បេក្ខភាព ៤នាក់ដំបូង ប៉ុន្តែដល់ពេលមានការផ្លាស់ប្តូរបែបនេះ ធ្វើឱ្យមានការព្រួយបារម្ភដែរ គឺខ្ញុំព្រួយបារម្ភទៅលើ អេលីត សាន់ និង ឯម សុធី។ តែទោះបីជាយ៉ាងណា នៅពេលឃើញពួកគាត់ប្រកួតគ្នា នៅជុំទី១ ដោយវ៉ៃគ្នាឡើងអស់ពីខ្លួនរៀងៗខ្លួនបែបនេះ វាបានផ្តល់ភាពអំណោយផលដល់យើង ព្រោះពួកគាត់ឈឺខ្លួនអស់ទៅហើយ»៕