បរទេស៖ សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) និងទ្វីបអឺរ៉ុប (UEFA) បានចាត់វិធានការជាឯកច្ឆន្ទ ដើម្បីដាក់ពិន័យព្យួរក្រុមរុស្ស៊ី ពីយុទ្ធការកីឡាបាល់ទាត់អន្តរជាតិនានា កាលពីថ្ងៃចន្ទ ខណៈដែលកីឡាជាសកល បានបិទទ្វារលើប្រទេសរុស្ស៊ី ក្រោយពីការឈ្លានពានប្រទេសអ៊ុយក្រែន។
អង្គភាពដ៏មានអំណាចបំផុតក្នុងកីឡាបាល់ទាត់ទាំង២នេះ បានចូលរួមជាមួយនឹងគណៈកម្មាធិការអូឡាំពិកអន្តរជាតិ ដើម្បីចាត់វិធានការនានា ក្រោយពីការតវ៉ាអស់រយៈពេលជាច្រើនថ្ងៃ។ ការដាក់ពិន័យព្យួរនេះ មានន័យថា រុស្ស៊ី នឹងមិនអាចប្រកួតជាមួយនឹងក្រុមបាល់ទាត់ជម្រើសជាតិប៉ូឡូញ ក្នុងការប្រកួតជម្រុះ World Cup វគ្គ Playoff ពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅខែក្រោយបានឡើយ ស្របពេលដែលក្រុមជម្រើសជាតិនារីរបស់ពួកគេ ក៏នឹងជាប់បម្រាមពីយុទ្ធនាការ European Championship នៅរដូវក្តៅនេះ ក្នុងប្រទេសអង់គ្លេសផងដែរ។
ជាមួយគ្នានេះ ក្លិប Spartak Moscow ដែលត្រូវលេងក្នុងយុទ្ធនាការអឺរ៉ុប ក៏មិនអាចចូលរួមប្រកួតក្នុងក្របខ័ណ្ឌ Europa League ផងដែរ។ ក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយ អង្គភាពទាំង២បានឲ្យដឹងថា៖ «FIFA និង UEFA បានសម្រេចរួមគ្នានៅថ្ងៃនេះថា រាល់ក្រុមរុស្ស៊ីទាំងអស់ មិនថា ក្រុមជម្រើសជាតិ ឬក្លិបក៏ដោយ នឹងត្រូវព្យួរពីការចូលរួមទាំងក្នុងយុទ្ធនាការ FIFA និង UEFA រហូតទាល់តែមានការជូនដំណឹងបន្ថែមទៀត»៕
ប្រភបព័ត៌មាន៖ The Guardian