ខ្សែ​ប្រយុទ្ធ​ចំណូល​ថ្មីជនជាតិអាហ្គានីស្ថាន Fareed Sadat ពិតជា​បាន​បង្ហាញ​ពី​ភាព​មុតស្រួច ខណៈ​រូបគេ​រកបាន​២​គ្រាប់តែ​ម្នាក់​ឯង ជួយ​ឱ្យ​ក្រុម​ភ្នំពេញក្រោន យក​ឈ្នះក្រុម​វិសាខា ២-១ ដើម្បី​​លើក​ពាន​ការ​ប្រកួត​បើក​រដូវកាល Cambodian Super Cup 2022 កាល​ពីថ្ងៃ​អង្គារ។

ជាមួយការ​ប្រកួតនៅកីឡដ្ឋានស្តាតចាស់ ដែល​មានបំពាក់​ភ្លើង ឡើងខៀវខ្ចី ជិត​ដូច​ភ្លើង​កន្លែង​​ផឹក​ស៊ី​នោះ ​ក្រុម​ម្ចាស់ជើងឯក​លីគកំពូលកម្ពុជា ភ្នំពេញក្រោន និង​ក្រុម​ជើង​ឯក​ពាន​រង្វាន់​សម្តេច ហ៊ុន សែន វិសាខា បាន​ប្រកួតគ្នា​យ៉ាងស្វិតស្វាញ​បំផុត ដោយក្រុមទាំង​២ សុទ្ធតែ​បាន​បង្កើត​ឱកាស​រៀងៗ​ខ្លួន។

តែទោះបីជា​យ៉ាង​ណា ក្រុមសិង្ហក្រហម ទទួល​បានភាព​រីក​រាយ​ខ្លាំង​ជាង បន្ទាប់ពី​ ខ្សែ​ប្រយុទ្ធ Fareed Sadat អាច​ស៊ុតទម្លុះសំណាញ់​ទី ចំនួន២​គ្រាប់ជាប់ៗ​គ្នា នៅនាទីទី​១៥ និង​ទៅទី​៣៧ នោះ ហើយនេះ​ក៏ជា​គ្រាប់បាល់​ជ័យជម្នះ​សម្រាប់​ក្រុម​ភ្នំពេញក្រោន ផងដែរ ខណៈ វិសាខា រក​បាន​ត្រឹម​១​គ្រាប់​វិញ ដែលជា​ការ​តែតបាល់បញ្ចូល​ទី​របស់ កែវ សុខផេង នៅនាទីទី​៥០ នោះ។

តាមការ​រកបាន​២​គ្រាប់ សម្រាប់ការ​បង្ហាញខ្លួន​ជា​លើក​ដំបូងនេះ បាន​បង្ហាញ​ឱ្យ​ឃើញ​ថា Fareed Sadat ពិតជា​មានសមត្ថភាពខ្ពស់ ក្នុងការបញ្ចប់​ទី ហើយក៏​មាន​ភាពវៃឆ្លាត ក្នុងការ​លេង​ផងដែរ។  ជាមួយគ្នា​នេះ Fareed Sadat ក៏​ទទួលបាន​ពានជា​កីឡាករ​លេងបានល្អ​ជាង​គេ ប្រចាំការ​ប្រកួត​ផងដែរ  ខណៈ​ការ​មកចូល​រួមជាមួយក្រុម​ភ្នំពេញក្រោន នេះ Fareed ធ្លាប់​បានអះអាង​ថា គេ​បានមកទីនេះ ដើម្បីជួយក្រុមភ្នំពេញ​ក្រោន ឱ្យ​ទទួលគោលដៅថ្មី បន្ថែម​ទៀត ជាពិសេស គឺការប្រកួតពានរង្វាន់ AFC CUP។

តាម​រយៈ​ការ​ឈ្នះពាន​បើក​រដូវ​កាល ដែល​រៀបចំ​ឡើង​ដោយសហព័ន្ធ​កីឡាបាល់​ទាត់​កម្ពុជា និងក្រុម​ហ៊ុន​លីគ​បាល់ទាត់​កម្ពុជា នេះ បានបញ្ជាក់ថា ភ្នំពេញ​ក្រោន បានក្លាយជា​ក្រុម ដែល​ទទួលបានភាព​ជោគ​ជ័យ​​ខ្លាំង​ជាងគេ  ក្នុងការប្រមាញ់​យក​ពាន​រង្វាន់ត្រៀមបើករដូវកាល​ថ្មី ព្រោះ​នេះជា​ពាន​ទី​២​ហើយ ដែលពួកគេ​ដណ្តើមបាន ខណៈ​ពាន​បើក​រដូវ​កាលទី​១ ពួកគេ បាន​ឈ្នះ​នៅកីឡដ្ឋាន​ព្រីនស៍ របស់វិសាខា ផ្ទាល់តែ​ម្តង បន្ទាប់ពី​ពួកគេ បានឈ្នះ​ក្រុម​កង​យោធពល​ខេមរភូមិន្ទ (ទ័ព) នៅ​វគ្គ​ផ្តាច់ព្រ័ត្រ។

យ៉ា​ងណា​ក៏ដោយ បន្ទាប់ពីការ​បង្ហាញ​ភាពសប្បាយ​រីក​រាយ នៅ​ក្នុងការ​លើក​ពាន អម​ជាមួយ​​ប្រាក់​​រង្វាន់​ចំនួន​២០​លាន​រៀលនេះ ក្រុម​ភ្នំពេញក្រោន ក៏​បានបង្ហាញ​អាវយឺត និង​ទង់​ជាតិ​​របស់​​ប្រទេសអ៊ុយក្រែន ដើម្បី​បញ្ជាក់ពី​សោដនាតកម្ម​នៃ​ការ​ផ្ទះ​សង្រ្គាម​នៅ​ប្រទេស​អ៊ុយក្រែន ផងដែរ ខណៈ​គ្រូបង្គោល​លោក Oleg Starynskyi គ្រូជំនួយ​លោក Anatolii និង​ខ្សែ​ការពារ Valerii Grishiin សុទ្ធតែជាជនជាតិ​អ៊ុយក្រែន៕