សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ TIFFY ARMY FC (ទ័ព) កាល​ពីថ្ងៃ​ពុធ បានធ្វើការ​ប្រកាសសុំ​ទោសជា​សាធារណៈ​ ជុំវិញ​បញ្ហា​​បច្ចេកទេស​ភ្លើង​បំភ្លឺ​ទីលាន នៅ​កីឡ​ដ្ឋាន​ស្តាតចាស់ ក្នុងការ​ប្រកួត​ពាន​រង្វាន់ Cambodian Super Cup 2020 កាលពីថ្ងៃ​ចន្ទ។

នៅក្នុងការ​ប្រកួត​ដណ្តើម​ពានត្រៀម​បើករដូវកាលថ្មី ​​រវាងក្រុម​ម្ចាស់ជើង​ឯក​លីគ​កំពូល​កម្ពុជា ភ្នំពេញក្រោន និង​ក្រុម​ជើង​ឯក​ពានរង្វាន់សម្តេច ហ៊ុន សែន វិសាខា កាល​ពីយប់​ថ្ងៃ​ចន្ទ​នោះ គឺ​ភ្លើងបំភ្លឺ​ នៅលើទី​លាន​ មាន​​ពណ៌​ខៀវ​ខ្ចីខ្លាំង ដែលបាន​ប៉ះពាល់ខ្លាំងទៅលើការ​ផ្សាយ​ផ្ទាល់​របស់ទូរទស្សន៍ប៉ុស្តិ៍លេខ​៥ និងក្រុមអ្នក​សារព័ត៌មាន ដែល​បានចូលទៅ​ផ្តិត​យក​រូបភាព​នៃ​ការ​ប្រកួត​នោះ។

ជាមួយបញ្ហាចោទ ដែល​កើត​មានឡើង​ដោយការ​ដាក់ពណ៌ភ្លើង​ខុស​បច្ចេកទេស​នេះ គឺ​ក្រុម​ផ្សាយ​ផ្ទាល់​របស់ទូរទស្សន៍ប៉ុស្តិ៍លេខ​៥ បានទទួលរងគ្រោះខ្លាំង​ជាងគេ ព្រោះ​អ្នកទស្សនា​ភាគ​ច្រើន ដែល​មិនបានដឹងច្បាស់ពី​បញ្ហា​នេះ បាន​នាំ​រិះគន់ទៅលើ​​ការ​ផ្សាយ​ផ្ទាល់​របស់​ប៉ុស្តិ៍​លេខ​៥ ថា​គ្មានគុណ​ភាព រូប​ភាព​មើល​មិនច្បាស់ ហើយ​អ្នក​ខ្លះ ក៏បាន​សុំ​ឱ្យសហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា សម្រេចពិចារណា​ឡើង​វិញ ចំពោះ​ការ​យក​ទូរទស្សន៍នេះ មក​ផ្សាយ​ផ្ទាល់ ក្នុង​ការ​ប្រកួត​​លីគកំពូលកម្ពុជា ផងដែរ។

ជាមួយគ្នានេះ សម្រាប់​​ក្រុមអ្នក​សារព័ត៌មាន ដែល​បានចូល​ថតរូប​ផ្ទាល់ នៅក្នុង​ព្រឹត្តិការណ៍​នោះ បានសម្តែងការ​ហួស​ចិត្ត ទៅនឹងការ​បំពាក់អំពូល​ភ្លើង​ នៅកីឡដ្ឋាន​ស្តាត​ចាស់​នេះថា វា​ជិត​ដូច​ភ្លើ​ង​នៅ​ក្នុង​ក្លិប​រាំកម្សាន្ត​ទៅ​ហើយ ដែល​មិនអាច​ថត​រូបបានច្បាស់ល្អ​នោះ​ទេ។

អ្នក​ថត​រូប​ជើងចាស់ លោក កឹម សុវណ្ណា បានប្រដូច​ការ​បំពាក់​ភ្លើង នៅកីឡដ្ឋាន​ចាស់ ថា ជា​ភ្លើង​នៅឋាន​ព្រឥន្ទ ដោយ​លោក​បានសរសេរ នៅលើ​ហ្វេសប៊ុក​ថា៖​«សុំ​អត់យល់​ភ្លើង​កីឡដ្ឋាន​ស្តាតចាស់ (ភ្លើងឋានព្រះឥន្ទ)»។ ចំណែក​អ្នកថត​រូប​ផ្សេង​ទៀត សុទ្ធតែ​បាន​រិះ​គន់​ទៅនលើការ​បំពាក់​ភ្លើងនេះដូច​គ្នា។

ជាមួយនឹងកំហុស​ឆ្គងនេះ ទ័ព បាន​ប្រកាស​សុំទោសជា​សាធារណៈ​ថា៖ «សមាគម​កីឡា​បាល់​ទាត់​កងយោធពលខេមរភូមិន្ទ TIFFY ARMY FC សូម​ធ្វើ​ការ​អភ័យ​ទោស ចំពោះ​បញ្ហា​​បច្ចេក​ទេស​ភ្លើង​បំភ្លឺ​ទីលាន ដោយ​មាន​សភាព​ពន្លឺ​ពណ៌​ខៀវ​ខ្ចីខ្លាំង ដែល​ជា​ផល​ប៉ះ​ពាល់​ដល់​ការ​ផ្សាយផ្ទាល់​របស់ស្ថានីយ៍ទូរទស្សន៍​កងយោធពលខេមរ​ភូមិន្ទ​ប៉ុស្ត៍​លេខ​៥ ក៏​ដូច​ជា​បង​ប្អូន​អ្នក​ថត​រូប​​មក​ពី​ស្ថាប័ន អង្គ​ភាព​ផ្សេងៗ ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ CAMBODIAN SUPER CUP 2022 កាល​ពីរាត្រី​ថ្ងៃទី​០១ ខែមីនា ឆ្នាំ២០២២ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​គុណ​ភាព រូប​ភាព​​មាន​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង»។

«ក្រុមការងារ​បច្ចេក​ទេស​របស់​កីឡដ្ឋាន TIFFY ARMY STADIUM បាន​នឹង​កំពុង​តែ​ព្យាយាម​ធ្វើការ​ជួសជុល​កែ​តម្រូវ​ផ្លាស់​ប្ដូរ​អំពូល​ភ្លើង​ថ្មី​ មាន​កម្រិត​ពន្លឺ​ភ្លឺ​ច្បាស់​ល្អ ដើម្បី​ឱ្យ​ទាន់​កម្ម​​​វិធី​ប្រកួត​ពាន​រង្វាន់ CAMBODIAN PREMIER LEAGUE នៅ​សប្តាហ៍​បន្ត​បន្ទាប់​ទៀត។ សូមអរគុណ»។ ទ័ព បានបញ្ជាក់​បន្ថែម នៅក្នុងសេចក្តី​ប្រកាស​របស់ខ្លួន៕