អ្នក​ប្រដាល់មាន​មូលដ្ឋាន​ នៅខេត្តសៀមរាប សេក ចៅជូត ដែល​ខំប្រឹង​ជម្នះ​ការ​លំបាក ដោយ​ប្តូរ​ញើសឈាម ដើម្បី​​ក្រសោបបាន​ភាព​ល្បីល្បាញ​គួរសម​ទៅហើយ​នោះ បាននឹង​កំពុង​ស្ថិត នៅលើ​ភាព​មិនច្បាស់លាស់ ​តើ​ថា​រូបគេ នឹង​អាច​បានឡើង​ប្រកួតវិញ ឬ​យ៉ាង​ណា​នោះ​ទេ ព្រោះ​ពេល​នេះ ចៅជូត ​កំពុង​ធ្លាក់ខ្លួន​ឈឺ​ និងត្រូវ​ការ​ប្រាក់ជាចាំ​បាច់ ដើម្បីអាច​មាន​លទ្ធភាព​​ធ្វើការ​វះកាត់​របួសជើង។

ភាព​ទីទល់​ក្រ បាន​ធ្វើ​ឱ្យ​កីឡាករ​​មាន​ចរិតស្លូតបូត មិនសូវ​ចេះមាត់ក សេក ចៅជូត នៅពេល​នេះ បានត្រឹមដេក​នៅលើគ្រែ ហើយ​សំពះ​សុំចិត្ត​ ទៅ​ដល់​សប្បុរជន​ជិត​ឆ្ងាយ មេត្តាជួយ​ដល់​រូបគេ ដើម្បី​អាច​មានលទ្ធភាព ធ្វើការ​វះកាត់​របួសជើងនេះ។

ដោយ​ភាព​អស់​សង្ឃឹម សេក ចៅជូត បានសរសេរ​បង្ហោះ នៅ​លើ​ហ្វេសប៊ុក​របស់​ខ្លួន​ថា៖​ «ខ្ញុំ​​បាទ​ឈ្មោះ សេក  ចៅជូត ជា​កីឡាករ​ប្រដាល់​ក្នុង​ខេត្ត​សៀមរាប ពេល​នេះ​ខ្ញុំបាទ មាន​បញ្ហ​របួស​ជើង​ត្រូវ​ការ​វះ​កាត់ ដោយ​ខ្វះ​ថវិកា។ ខ្ញុំបាទ​សុំ​អំពាវនាវ​ ដល់​សប្បុរស​ជន​មេត្តា​ជួយ​ដល់​​ខ្ញុំ​ផង។ លេខទូរស័ព្ទ ០៧៧ ៤៥៥ ០៩៩ សូមអគុណ»។

នៅមិនទាន់មានប្រភព​ច្បាស់ថា សេក ចៅជូត មាន​របួសជើង ដោយមូល​ហេតុ​អ្វី​ឱ្យប្រាកដ​នោះ​ទេ ប៉ុន្តែ​គេ​នៅចាំ​បានថា សេក ចៅជូត បានបញ្ហា​របួសជើង​ក្រោម រហូត​បង្ខំ​ចុះចាញ់ ឈុត សេរីវ៉ាន់ថង នៅទឹកទី​៥  ពេល​ប្រកួត​ជម្រុះ​ដណ្តើម​ពាន​មាស នៅលើ​សង្វៀន​ថោន កាលពីថ្ងៃទី​២៣ ខែមករា ហើយក្រោយ​​មក គេ​បានបន្ត​ចាញ់ពិន្ទុ វ៉ាន់ វឿន និង​បាន​ធ្លាក់ចេញ​ពីការ​ប្រកួតនេះតែម្តង។

យ៉ាង​ណាមិញ សម្រាប់ការ​ប្រកួតជម្រុះដណ្តើមខ្សែ​ក្រវាត់ នៅលើសង្វៀន​ PNN កាលពី​ថ្ងៃទី​២៧ ខែកុម្ភៈ កន្លង​មក​នេះ សេក ចៅជូត បានចាញ់​ពិន្ទុ ព្រឿង សុជាតិ និង​បាន​ធ្លាក់ចេញពីការ​ប្រកួត​នេះ​ហើយ ហើយ​នៅ​ក្នុងការ​បង្ហាញខ្លួន​ចុងក្រោយ​នោះ ចៅជូត ក៏មិន​បាន​បង្ហាញ​ការ​ឈឺ​ជើង​អ្វី​នោះ​ដែរ ប៉ុន្តែ​​នៅទឹកទី​៥ ព្រឿង សុជាតិ បានទាត់​ទៅលើ​ជន្ទល់​ក្រោម​របស់​គេ​ច្រើន ខណៈពេលនេះ ស្រាបតែឃើញ ចៅជូត ដេកនៅលើ​គ្រែ ដោយគ្មាន​ថវិកា​វះកាត់​របួស​ជើង ដ៏គួរ​ឱ្យសង្វេគ​ទៅវិញ៕