ខ្សែ​ប្រយុទ្ធ​ចំណូល​ថ្មីជនជាតិអាហ្គានីស្ថាន Fareed Sadat របស់​​ក្លិប​បាល់ទាត់​ភ្នំពេញក្រោន ដែល​មិនទាន់​ទាំង​បាន​ចូល​រួម​ការប្រកួត​លីគកំពូលកម្ពុជា ជា​ផ្លូវ​ការ​ផង​នោះ បែរ​ជា​​​ហ៊ាន​ដាក់គោលដៅប្រជែង​យកស្បែក​ជើង​មាស តាមរយៈការ​ជួយ​រក​គ្រាប់បាល់​ឱ្យបាន​ច្រើន​ឱ្យ​​ក្រុម​សិង្ហក្រហម នៅរដូវកាលនេះ។

​          «ពីមុន​ខ្ញុំ​មិន​សូវ​បាន​ដឹង​ពី​លីគ​កម្ពុជា​ប៉ុន្មាន​ទេ​ ខ្ញុំ​បាន​ទម្លាប់​ខ្លះៗ​ហើយ​នៅ​ពេល​នេះ។ គោល​​ដៅ​របស់​ខ្ញុំ គឺ​ទាត់​បញ្ចូល​ទី​បាន​ច្រើន ​តាម​តែ​អាច​ធ្វើ​បាន ដើម្បី​ជួយ​ក្រុម និង​ប្រជែង​យក​ស្បែក​ជើង​មាស​នៅ​លីគ»។

នេះជា​ការ​លើក​ឡើង​របស់ខ្សែ​ប្រយុទ្ធ Fareed Sadat តាម​រយៈ​ផេច​ហ្វេសប៊ុកផ្ទាល់​របស់​ក្រុម​ភ្នំពេញ​ក្រោន នៅថ្ងៃ​សុក្រ​នេះ គឺ​ស្រប​ពេល​ដែល ភ្នំពេញក្រោន កំពុង​ផ្តោត​យ៉ាង​ខ្លាំង ទៅ​លើការ​ប្រកួតប្រជែង​លីគកំពូលកម្ពុជា នៅរដូវកាល ឆ្នាំ​២០២២​នេះ ដោយ​ ភ្នំពេញក្រោន បាន​ដាក់គោលដៅប្រជែងយក​ជើង​ឯក​ម្តង​ទៀត។

ការលើក​ឡើង​របស់ Fareed Sadat វា​បាន​ក្លាយ​ជា​ការ​រំញូច​អារម្មណ៍​មួយ ទៅដល់​អ្នក​គាំ​ទ្រ​ នៅកម្ពុជា​ផងដែរ ខណៈ​ខ្សែ​ប្រយុទ្ធរបស់អាហ្គានីស្ថាន​រូប​នេះ ពិតជា​ធ្វើ​បានល្អ សម្រាប់​ការ​​បង្ហាញខ្លួន នៅ​ក្នុង​ការ​ប្រកួតដណ្តើម​​បើក​រដូវកាល Cambodian Super Cup 2022 កាល​​ពីថ្ងៃ​អង្គារ ដោយ​រូបគេ រកបាន​២​គ្រាបតែ​ម្នាក់​ឯង ជួយ​ឱ្យក្រុមភ្នំពេញក្រោន យកឈ្នះ​ក្រុម​វិសាខា ២-១ ដើម្បីលើក​ពាន ហើយ Fareed ក៏បាន​ឈ្នះ​ពាន​ជា​កីឡាករ​លេង​ល្អជាង​គេ ប្រចាំព្រឹត្តិការណ៍នេះ ផងដែរ។

គួរបញ្ជាក់​ថា ការ​ប្រកួតលីគកំពូល​កម្ពុជា ឆ្នាំ​២០២២ នឹងចាប់ដំណើរ​ការ​ប្រកួត​ជា​ផ្លូវការ នៅថ្ងៃសៅរ៍​ស្អែក​នេះ ដោយក្នុង​នោះ ក្រុមម្ចាស់ជើង​ឯក ភ្នំពេញក្រោន ត្រូវជួបក្រុម​ម្ចាស់​ផ្ទះ ក្រុមកង​យោធពល​ខេមរភូមិន្ទ (ទ័ព) ខណៈ​ការ​ប្រកួត​ដណ្តើមពានបើក​រដូវ​កាល កាលពីពេល​ថ្មីៗ​នេះ ភ្នំពេញក្រោន បានយក​ឈ្នះក្រុមទ័ព ទាំង​ការ​ប្រកួត នៅ​ក្នុង​​ជម្រុះ​តាម​ពូល និង​វគ្គ​ផ្តាច់​ព្រ័ត្រ៕