សហព័ន្ធ​កីឡា​ប៊ូល​ និង​ប៉េតង់កម្ពុជា មិនបាន​យក​ករណី​វិជ្ជមានជំងឺ​កូវីដ​១៩ មកធ្វើ​ជា​លេស ដើម្បីពន្យារ​​​ការ​រៀបចំការ​ប្រកួតកីឡា​ប៊ូល និង​ប៉េតង់​ជ្រើស​រើសជើងឯក​ថ្នាក់ជាតិ ប្រចាំ​ឆ្នាំ​២០២១ ជាថ្មីទៀតនោះ​ទេ ដោយគណៈកម្មការ​ជំនាញ និង​អ្នកពាក់ព័ន្ធ បានជម្នះ​រៀបចំ​ការ​ប្រកួត​នេះ ទៅ​តាម​កាល​​​បរិច្ឆេទ កាលពី​ថ្ងៃសុក្រនេះ បើទោះបីជា ការ​ធ្វើ​តេស្ត បាន​រកឃើញ​ថា មានអ្នក​ចូល​រួម​ដល់​​១១​​នាក់ វិជ្ជមាន​កូវីដ​១៩ ដ៏​ដោយ។

នៅក្នុង​កម្មវិធីបើកការ​ប្រកួតថ្នាក់ជាតិ ​នៅ​វិទ្យាស្ថាន​អប់រំ​កាយ​ និង​កីឡា កាលពីព្រឹក​នេះ លោក ស សុខា ប្រធានសហព័ន្ធ​កីឡាប៊ូល និងប៉េតង់​កម្ពុជា បានជំរុញឱ្យ​គណៈកម្មការ និង​អ្នក​ពាក់ព័ន្ធ ត្រូវ​យក​ចិត្តទុកដាក់​ឱ្យបានខ្ពស់ ទៅលើការ​គោរពនូវ​វិធានការ ការពារ​ជំងឺ​ឆ្លង​កូវីដ​១៩នេះ ប៉ុន្តែ​លោក​​បាន​អះអាង​ថា យើង​ក៏មិនអាច​យកជំងឺ​កូវីដ​១៩នេះ គឺ​ជា​លេស​មួយ ដែលមិនអាច​រៀបចំកម្ម​វិធីប្រកួត នៅថ្ងៃ​នេះ​បាន​នោះដែរ។

លោក ស សុខា ​បាន​ថ្លែង​​ថា៖​ «តាម​របាយការណ៍​របស់ឯកឧត្តម ព្រុំ ប៊ុណ្ណយី បានលើក​ឡើង​ នៅមុន​នេះ គឺ​សមាសភាព​ចូលរួម នៅ​ក្នុងការ​ប្រកួតថ្នាក់ជាតិនេះ មានចំនួន​១៨៦​នាក់ (ស្រី​៦៧នាក់) ដោយ​ឡែក​យើង​ឃើញ​ថា មាន​១១នាក់ (ប្រុស​៣នាក់) បាន​តេស្ត​​​ឃើញ​​វិជ្ជមាន​កូវីដ​១៩ អ៊ីចឹងករណី​នេះ ខ្ញុំ​គិត​ថា ជា​ការងារ​ដ៏ចម្បង​មួយ ដែល​យើង​មិន​អាច​​មើល​​រំលង​​បាន ប៉ុន្តែ​យើង​ក៏មិនអាច​យកជំងឺ​កូវីដ​១៩នេះ គឺ​ជា​លេស​មួយ ដែលមិនអាច​បង្កើត​កម្មវិធី ឬ​រៀបចំកម្ម​វិធីប្រកួត នៅថ្ងៃ​នេះ​បាន នោះទេ»។

តាមខ្លឹម​សារ ដែល​បានប្រកាស នៅក្នុង​កម្ម​វិធីបើកការ​ប្រកួត កាលពី​ព្រឹក​មិញនេះ បាន​ឱ្យ​ដឹង​ថា ការ​ប្រកួត​កីឡាប៊ូល និង​ប៉េតង់ជ្រើស​រើសជើង​ឯក​ថ្នាក់ជាតិ ដែល​គ្រោង​នឹងបញ្ចប់ នៅថ្ងៃទី​៦ ខែមីនា នេះ  គឺ​ក្រុមអត្តពលិក​ចូលរួមទាំងអស់ ត្រូវ​ធ្វើការ​ប្រកួត​ប្រជែង​គ្នា នៅលើ​​ប្រភេទ​​វិញ្ញាសា​ចំនួន៦​ រួមមានការ​ប្រកួត ៣ទល់​៣​ ទាំង​ផ្នែក​បុរស-នារី​ ការ​វាយ​យក​ពិន្ទុ​ ទាំង​ផ្នែក​​បុរស-នារី​ ការ​ប្រកួត​​យុវជនអាយុ​ក្រោម​១៥​​ឆ្នាំ ១នាក់ទល់​១នាក់ និងការ​ប្រកួត​យុវតី ១នាក់​ទល់​១នាក់។

ជាមួយគ្នា​នេះ ទីលានប៊ូល និង​ប៉េតង់ ចំនួន​៦តារាង នៅវិទ្យាស្ថានជាតិ​អប់រំកាយ និងកីឡា ដែល​ទើបបានសម្ពោធជា​ផ្លូវការ កាលពី​ព្រឹក​មិញ​នេះ បានក្លាយ​ជា​ទីកន្លែង ដែល​ក្រុម​អត្តពលិក ត្រូវ​ប្រកួតប្រជែង​គ្នា ដើម្បីរក​គ្រាប់ពេជ្រ ឬ​អ្នកមាន​សមត្ថភាព ដាក់ចូល​ហ្វឹកហាត់ ក្នុង​ក្រុម​ជម្រើសជាតិ សម្រាប់ត្រៀមការ​ប្រកួតនៅលើ​ឆាក​អន្តរជាតិ ពិសេស​ការ​ប្រកួត​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ដែលកម្ពុជា ត្រូវ​ធ្វើ​ជា​ម្ចាស់ផ្ទះ។

​ចំពោះទីលាន​ថ្មី ដែលទើប​បាន​សម្ពោធនេះ លោក ស សុខា បាន​បញ្ជាក់​ថា៖​ «​សម្រាប់​គុណ​ភាព​តារាង​​របស់យើង​នេះ មិន​ចាញ់​តារាង​​មួយ​ចំនួន ដែលខ្ញុំ​បានចូល​រួមអមដំណើរ​បង កែ ឡេង ទៅប្រកួតស៊ីហ្គេម ​នៅ​ហ្វីលីពីន នោះទេ ដោយ​តារាង​របស់គេ ក៏មិនសូវល្អដូច​តារាង នៅទីនេះដែរ អ៊ីចឹងទីតាំង​នៅទីនេះ ក៏​អាច​ក្លាយជា​ទីតាំងមួយ ក្នុងចំណោម​ទីតាំង​ផ្សេងៗ​ទៀត ដែល​​យើងអាច​ធ្វើ​ជា​កន្លែង​រៀបចំការ​ប្រកួត ពេល​កម្ពុជា ធ្វើ​ជា​ម្ចាស់​ផ្ទះ​ស៊ីហ្គេម លើកទី​៣២ នៅ​ឆ្នាំ​២០២៣ ផងដែរ»៕