យ៉ាងហោច​ណាស់​មនុស្ស​ចំនួន​២៦នាក់ បាន​រង​របួស ក្រោយពី​​អំពើហិង្សា​ បានផ្ទុះ​ឡើង​​រវាង​អ្នក​គាំទ្រ​​ជា​គូ​បដិ​បក្ខ ក្នុង​ការ​ប្រកួត​​កីឡា​បាល់ទាត់មួយ​របស់​ម៉ិកស៊ិក​។​

នេះ​បើ​យោង​ទៅតាម​ការ​បញ្ជាក់​របស់ក្រុម​អាជ្ញា​ធរ កាលពីថ្ងៃ​អាទិត្យ​។ ការ​វាយ​តប់​គ្នា​ បាន​កើត​ឡើង ក្រោយពី​​ការ​ប្រកួត​រវាងក្រុម Queretaro និង Atlas បាន​ដំណើរ​ការ​បាន​១​ម៉ោង នាកីឡដ្ឋាន Corregidora ក្នុង​ទីក្រុង Queretaro​​។ បើ​ទោះ​បី​អ្នក​គាំទ្រ​ក្រុម​ម្ចាស់ផ្ទះ ក្នុងនោះ​រាប់​បញ្ចូល​ទាំង​សមា​ជិក​គ្រួ​សារ និង​កុមារ​ៗ​ដែរនោះ បាន​ព្យា​យាម​​រត់​​គេច​ចេញ​ក៏ដោយ ប៉ុន្តែ ការ​ប៉ះ​ទង្គិច​គ្នា បាន​ឆ្លង​ទៅដល់​ទីលាន​ប្រកួត ដែលនាំ​ឲ្យ​កីឡាករ​ត្រូវ​រត់​ចេញ​ទៅកាន់​កន្លែង​មាន​សុវត្ថិភាព​។

ក្នុង​ចំណោម​មនុស្ស​ចំនួន​២៦នាក់ ដែល​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរ​ពេទ្យ ៣នាក់ ត្រូវ​បាន​អនុ​ញ្ញាត​ឲ្យ​ចេញ​ពី​មន្ទីរពេទ្យ ប៉ុន្តែ «៣នាក់ផ្សេង​ទៀត ស្ថិតក្នុង​សភាព​ធ្ងន់ធ្ងរ ១០​នាក់​ស្ថិ​តក្នុង​កម្រិត​មធ្យម ហើយ​១០នាក់​ផ្សេង​ទៀត ស្ថិតក្នុងកម្រិត​ស្រាល​»​។ នេះ​បើយោង​ទៅតាម​ការ​បញ្ជាក់​របស់​លោក Mauricio Kuri អភិបាល​ក្រុង Queretaro កាលពីថ្ងៃ​អាទិត្យ​។ លោក Kuri បាន​បញ្ជាក់​ថា៖ «បើ​ទោះ​បី​គ្មាន​ករណី​ស្លាប់​ក៏ដោយ ប៉ុន្តែ យើង​មិនអាច​និយាយ​ថា នេះ​មិនមែន​ជា​សោក​នាដ​កម្មឡើយ​»​។ អង្គ​ភាព​គ្រប់គ្រង​កីឡា​បាល់ទាត់​ពិភព​លោក​ហៅ​កាត់ថា FIFA បាន​ចាត់ទុក​ថា នេះ​ជា​អំពើហិង្សា​ដែល​មិនអាច​ទទួល​យ​ក និង​គ្មានការ​អត់​ឱន​ឡើយ​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia