នៅទីបំផុត​ក្រុម​នារី​ភ្នំពេញ​ក្រោន បានឈាន​ដល់​គោលដៅ ដែល​ពួកគេ បានកំណត់​ហើយ គឺ​ការ​បន្ត​យក​ឈ្នះ​លើ​ក្រុមណាហ្គាវើលដ៍​កំពង់ស្ពឺ ២-១ ដើម្បី​ក្លាយ​ជា​ម្ចាស់​ជើង​ឯក ការ​ប្រកួត​ជម្រើស​​ជើង​​ឯក​បាល់​ទាត់នារី ឆ្នាំ​២០២១ ជា​លើកដំបូង បន្ទាប់ពី​បានត្រឹម​លេខ​៣ កាលពី​ឆ្នាំ​២០២០។

បើទោះបីជា​ការ​ប្រកួត​ជម្រើស​​ជើង​​ឯក​បាល់​ទាត់នារី ឆ្នាំ​២០២១នេះ នៅសល់​ការ​ប្រកួត​វិល​ជុំ​រហូតដល់​៤​សប្តាហ៍​ទៀត ប៉ុន្តែ​តាម​រយៈការ​បន្តយក​ឈ្នះ​ក្រុមណាហ្គាវើលដ៍​កំពង់ស្ពឺ ២-១ កាលពី​ថ្ងៃអាទិត្យ ម្សិលមិញ វា​បានជួយ​ឱ្យ​ក្រុមនារី ភ្នំពេញ​ក្រោន ឈ្នះ​បាន​ពាន​នេះ ដោយស្វ័យ​ប្រវត្តិ​រួច​ទៅ​ហើយ។

ប្រធាន​ក្រុម​ភ្នំពេញក្រោន បាន​ ជាវៃ បាន​និយាយ ក្រោយ​ការ​ប្រកួត​​ថា៖​ «​នេះជា​ការ​លើក​​ពាន​របស់​ក្រុមនារី​​ភ្នំពេញ​ក្រោន ហើយនេះក៏ជា​លើកទី១​ផងដែរ ដែលពួក​យើង បាន​ឈ្នះ​​ពាន។ អ្វី​ដែល​សំខាន់ ខ្ញុំរីក​រាយសប្បាយ​ចិត្តមែនទែន ដោយសារ​តែ​គ្នា​របស់​ពួក​ខ្ញុំ ធ្វើបានល្អ​ណាស់ ដោយ​យើង​បាន​ឈ្នះ​គ្រប់ការ​ប្រកួត​ មិន​បានចាញ់សូម្បី១​ប្រកួត ហើយ​ពួក​យើង​នឹង​ខំប្រឹង​បន្ត​ទៀត សម្រាប់​ការ​ប្រកួត​លីគ​នារី ក្រោយៗ​ទៀត»។

តាម​រយៈការ​យក​ឈ្នះក្រុម​ណាហ្គាវើលដ៍ ២-១ ដែល​រក​បាន​ដោយ​ខ្សែ​ប្រយុទ្ធ ពឿន គន្ធា នៅនាទីទី​៦ និងទី​៤៥ លើកនេះ បាន​បង្ហាញ​ថា ក្រុមភ្នំពេញក្រោន បាន​ឈ្នះ​ទាំង​១១​ប្រកួត មាន​៣៣ពិន្ទុពេញ ដាច់ពី​ក្រុមម្ចាស់ជើងឯក ​ណាហ្គាវើលដ៍ ដែលមាន​ត្រឹម២១ពិន្ទុ​ដដែល។

ចំណែកក្រុម​នារី​សៀមរាប បាន​ត្រឹមស្មើ ១-១ ជាមួយ​ក្រុមបឹងកេត ហើយការ​ដណ្តើម​បាន​១ពិន្ទុនេះ បាន​ជួយ​ឱ្យពួកគេ ឡើង​ទៅ​ឈរ​នៅលេខ​២ ជា​បណ្តោះ​អាសន្ន លើ​ក្រុម​ណាហ្គាវើលដ៍ វិញ​ម្តង ដោយមាន​២២ពិន្ទុ។ រីឯ​ក្រុម​ព្រះ​ខ័នរាជស្វាយរៀង បាន​លត់​ក្រុម​ខេត្តកណ្តាល ១៣-០ ហើយ​ក្រុម​នារី​ខេត្តកំពង់ឆ្នាំង បាន​យក​ឈ្នះក្រុមនារី​ខេត្ត​បាត់ដំបង ៤-១ សម្រាប់ការ​ប្រកួតប្រចាំ​សប្តាហ៍ទី​១១​នេះ៕​