ក្រុម​មាន​មូលដ្ឋាន​នៅ​ទី​រួមខេត្តតាកែវ គិរីវង់សុខសែន​ជ័យ នឹងប្រើ​ប្រាស់រចនាសម្ព័ន្ធ​ដឹក​នាំ​ថ្មី ពីសំណាក់គ្រូ​បង្គោល​ជនជាតិ​អេស្ប៉ាញ លោក Manuel Retamero ដើម្បី​ប្រកួត​បើក​​ឆាក​លីគកំពូល​ឆ្នាំ​២០២២ ជាមួយក្រុម​ធ្លាប់​គ្រងតំណែង​ជើង​ឯក ព្រះខ័នរាជ​ស្វាយរៀង នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង នា​ល្ងាច​ម៉ោង ៦:៣០ ថ្ងៃ​អង្គារ​នេះ។

​តាមពិតជំនួប​រវាងក្រុម​ម្ចាស់​ផ្ទះ ស្វាយរៀង និងគិរីវង់ ត្រូវ​​ធ្វើ​តាំង​ពី​ថ្ងៃសៅរ៍ ប៉ុន្តែ​ត្រូវ​បាន​​ពន្យា​ពេល មក​ធ្វើ​នោះ​ថ្ងៃ​នេះ ខណៈ​ក្រុមចំនួន​៦​ទៀត បាន​បញ្ចប់ការ​ប្រកួត​បើក​ឆាក​របស់​ខ្លួន​រួច​ហើយ ហើយជា​លទ្ធផល​ក្រុម​វិសាខា បាន​យក​ឈ្នះ​ក្រុម​ម្ចាស់ផ្ទះ អង្គរថាយហ្គឺរ ៣-១ ដូចគ្នា​ទៅនឹងក្រុមម្ចាស់ផ្ទះ​បឹងកេត ដែលបាន​យក​ឈ្នះ​ក្រុមណាហ្គាវើលដ៍ ៣-១ ដែរ ប៉ុន្តែ​​ក្រុមការពារ​តំណែង​ជើង​ឯក ភ្នំពេញ​ក្រោន បានត្រឹមស្មើ ០-០ ជាមួយ​ក្រុមកង​យោធ​ពល​ខេមរ​ភូមិន្ទ(ទ័ព)។

​សម្រាប់ការ​ជួបគ្នា​២​លើក កាលពី​ឆ្នាំ​២០២១ ក្រុមគិរីវង់ បានចាញ់​ក្រុមស្វាយរៀង ទាំង​២​លើក ប៉ុន្តែ​ការ​ជួបគ្នា​លើកនេះ ត្រូវបានគេ​គិត​ថា អាចនឹង​មាន​អ្វី​ប្លែក​ជាង​មុន ព្រោះ​គិរីវង់ មិនត្រឹមតែ​ធ្វើការ​ផ្លាស់ប្តូរ​កីឡាករ​ក្នុងស្រុក​ភាគ​ច្រើនប៉ុណ្ណោះទេ ប៉ុន្តែ​​ក្រុម​នេះ ក៏បាន​​នាំ​យក​គ្រូ​បង្គោល​អេស្ប៉ាញ លោក Manuel Retamero មក​នាំ​ក្រុម​​នេះ ជំនួស​ការ​ចាកចេញ​របស់​​គ្រូ​​បង្គោលជនជាតិថៃ Ekapob Putisai ផងដែរ។

នៅ​ក្នុងបទសម្ភាស​ជាមួយក្លិប​ផ្ទាល់ គ្រូ​បង្វឹក​កាន់សញ្ញាបត្រកម្រិត UEFA Pro License លោក Manuel Retamero បានអះអា​ងថា លោក​នឹង​ប្រើប្រាស់បទពិសោធ ក្នុងនាមជា​គ្រូ​បង្វឹកចូល​១៨​ឆ្នាំ នៅតាមបណ្តា​ប្រទេស​នានា កន្លងមកនេះ ដើម្បី​មកជួយ​អភិវឌ្ឍ​​ក្រុមគិរីវង់ ហើយ​លោក​បានបញ្ជាក់ថា លោកបាន​ចាត់ទុក ក្រុមគិរីវង់ ជាបេះ​ដូង​របស់​លោក ព្រោះ​គ្រប់គ្នា នៅ​ក្នុង​ក្លិប​នេះ បានចាត់ទុកលោក​ដូចជា​ស្តេច និងតែងតែ​ខ្វល់​ពី​រូបលោក​។

លោក Manuel Retamero ​បាន​និយាយ​ថា៖ «ខ្ញុំបាន​ត្រៀម​ខ្លួន​រួចជា​ស្រេច ក្នុងការ​ខិតខំប្រឹង​ប្រែង និងកែ​លំអអ្វី​គ្រប់យ៉ាង ដើម្បី​ផ្តល់​ទៅ​​ឱ្យក្លិប​របស់ខ្ញុំ ព្រោះ​ក្លិប​នេះ​​ជា​បេះដូច​របស់​ខ្ញុំ ជាមួយនឹងក្រុមការងារ និង​កីឡាករ​របស់ខ្ញុំ ហើយ​អ្វីដែល​សំខាន់នោះ គឺ​ត្រូវតែ​ជា​ដុំថ្ម​ដ៏រឹងមាំ​មួយ ដើម្បីជួយ​ជ្រោមជ្រែង​ក្លិប​ ឱ្យ​ក្លាយ​ទៅជា​គ្រួសារ​តែ​មួយ។​ ជា​ការពិតណាស់ យើង​នឹង​មានភាព​​រីកចម្រើន ហើយ​ពួកយើង​នៅទី​នេះ ស្ថិត​នៅ​ក្នុង​គោលដៅ​រួម​ដូចគ្នា»។

យ៉ាង​ណា​ក៏​ដោយ គេ​នៅមិនទាន់ប្រាកដ​ថា ក្រុមគិរីវង់ នឹង​អាច​កែ​ប្រែ​ស្ថាន​ភាព​ប្រកួត​បាន​ល្អកម្រិតណា ដើម្បី​ទប់ទល់ជាមួយ​ក្រុមស្វាយរៀង នោះទេ ព្រោះ​គ្រូ​បង្គោលជនជាតិ​អៀរឡង់ ​លោក Conor Nestor បាន​អះអាង​ថា ​​ក្រុម​ស្វាយរៀង មានការ​ហ្វឹកហាត់ខ្លាំង​ណាស់ ដើម្បីស្វែង​រក​លទ្ធផល​ដ៏​ល្អមួយ នៅ​ក្នុងការ​ប្រកួតលីគកំពូលកម្ពុជា នា​រដូវ​កាល ឆ្នាំ​២០២២​នេះ។

ជាមួយគ្នានេះ ធនធាន​កីឡាករ​បរទេស​របស់​ក្រុមស្វាយរៀង រួម​មាន​ខ្សែ​ប្រយុទ្ធ​កាមេរូន Emmauel Mbarga ខ្សែ​ប្រយុទ្ធកាណាដា Marcus Baber កីឡាករ​ជប៉ុន Takashi Odawara និង Hikaru Mizuno រួមទាំង​កីឡាករចំណូល​ថ្មីរបស់​អៀរឡង់ Clyde O’Connell អាច​មានគុណ​ភាពលេង​បាន​ល្អ និងស៊ីចង្វាក់គ្នាជាងកីឡាករ​បរទេស​ទាំង​៥​នាក់​របស់​​ក្រុមគិរីវង់។

កីឡាករ​បរទេស​​៤នាក់របស់គិរីវង់ រួម​មាន​ខ្សែបម្រើប្រយុទ្ធ​សញ្ជាតិហ្គាណា Ghansah Robert ខ្សែបម្រើ​ស្លាប​កូនកាត់ហ្វីលីពីន-ម៉ាឡេស៊ី OJ Porteria​ ខ្សែ​ការពារ​អ៊ូសបេគីស្ថាន​ Suhrob Rakhmonov​ ខ្សែបម្រើប្រយុទ្ធកូនកាត់ប្រេស៊ីល-ទីម័រ Thiago Fernandes Oliveira សុទ្ធតែ​ជា​កីឡាករ​ចំណូល​ថ្មី គឺ​មានតែ​កីឡាករ David Julein William Koum ម្នាក់ទេ ដែល​ធ្លាប់លេង​​ឱ្យ​គិរីវង់ កាលពី​រដូវ​កាលមុន។ តែ​ទោះបីជា​យ៉ាង​ណា សម្រាប់ការ​ប្រកួតដណ្តើម​ពានរដូវ​កាល នៅមុន​ការ​ប្រកួតផ្លូវការ​នេះ ទាំង​ក្រុម​ស្វាយរៀង និង​គិរីវង់ សុទ្ធតែ​បានចាញ់គូ​ប្រកួត និង​ធ្លាក់ នៅ​ក្នុង​វគ្គ​ជម្រុះ​ដូចគ្នា៕