ក្រុមបាល់​ទះនារី​របស់​ខេត្តពោធិ៍សាត់ បាន​រក​ឃើញ​ជ័យជម្នះ​ដ៏សំខាន់មួយ ដើម្បី​ក្លាយ​ជា​​​ម្ចាស់​ជើងឯក ក្នុង​ព្រឹត្តិការណ៍ប្រកួត​កីឡា​បាល់​ទះ​នារី​  ចំថ្ងៃ​ពិសេស​​របស់​ខ្លួនតែ​ម្តង គឺ​ទិវា​អន្តរ​​ជាតិ​ ៨ មីនា ឆ្នាំ​២០២២ ដែល​មនុស្ស​នៅទូទាំង​ពិភពលោក បានយក​ថ្ងៃ​នេះ ដើម្បី​បញ្ជាក់​ថា នារី មានសិទ្ធិ​ស្មើ​បុរស និង​​អាច​ធ្វើ​អ្វីៗ បានដូច​បុរសដូចគ្នា។

តាម​រយៈ​ការ​ប្រកួត នៅ​លើ​ទីលាន​បាល់ទះ​កីឡដ្ឋាន​ព្រីនស៍ កាលពី​ថ្ងៃអង្គារ ម្សិលមិញ ក្រុម​នារី​ខេត្តពោធិ៍សាត់ បាន​យក​ឈ្នះក្រុម​ខេត្ត​ព្រៃវែង ៣សិត​ដាច់​តែ​ម្តង (៣-០) ដើម្បី​ឡើង​ទៅប្រកួត​ផ្តាច់​ព្រ័ត្រជាមួយ​ក្រុម​ខេត្តកំពង់ធំ ដែល​បាន​យក​ឈ្នះក្រុម​ខេត្តកំពង់ចាម ដោយ​លទ្ធផល ៣-២ នៅក្នុង​វគ្គ​ជម្រុះ​នោះ​ដូចគ្នា។

សម្រាប់ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ​រវាងក្រុម​ខេត្តពោធិ៍សាត់ និង​ក្រុម​កំពង់ធំ ពិតជា​មាន​ភាព​ស្វិត​ស្វាញ​ខ្លាំង ដោយការ​ប្រកួត​នេះ បានឈាន​ដល់សិត​ទី​៥ ហើយជាលទ្ធផល ខេត្ត​ពោធិ៍សាត់ បាន​យក​ឈ្នះ​ក្រុម​នារី​ខេត្តកំពង់ធំ ៣សិត​ទល់​២ ដើម្បីក្លាយ​ជា​ម្ចាស់ជើង​ឯក ចំណែក​​ក្រុមខេត្ត​ព្រៃវែង បាន​យក​ឈ្នះ​ក្រុម​ខេត្តកំពង់ចាម ៣-២ ដែរ ដើម្បីទទួលបាន​ចំណាត់​ថ្នាក់​​លេខ​៣។

ជាមួយការ​ឈ្នះតំណែង​ជើងឯក​នេះ ក្រុមខេត្តពោធិ៍សាត់ ទទួល​បាន​ប្រាក់​រង្វាន់​ចំនួន​២លាន​រៀល រីឯ​ក្រុមជើងឯក​រង ខេត្ត​កំពង់ធំ បាន​១,២​លាន​រៀល ក្រុមលេខ​៣ ខេត្ត​ព្រៃវែង បាន​៨០ម៉ឺន​រៀល ចំណែក​ក្រុម​លេខ​៤ ខេត្ត​កំពង់ចាម បាន​ប្រាក់​រង្វាន់​ចំនួន​៤០ម៉ឺន​រៀល ហើយ​ក្រុម​នារី​ទាំង​អស់នេះ ក៏​ទទួលបាន​ផ្កា​ម្នាក់១ទង ដែល​ផ្តល់ជូន​ដោយ​ថ្នាក់ដឹកនាំ ដែលបានចូល​រួម នៅក្នុងពិធីបិទ ការ​ប្រកួត​នោះ ផងដែរ។

នៅក្នុងពិធីបិទ​ការ​ប្រកួត​នោះ ក៏មានការ​ប្រគល់​វិញ្ញាបនបត្រ ដល់​អាជ្ញាកណ្តាល និង​ចៅ​ក្រមបាល់ទះក្នុងសាល​ផងដែរ ដោយសហព័ន្ធ បានប្រកាស​ជា​រួម​ថា៖ ​«សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា បាន​រៀបចំ​ការ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​បាល់​ទះ​នារី​ ដោយ​ជោគជ័យ​​ដើម្បី​ អបអរសាទរ ខួប លើក ទី ១១១ ​«ទិវា​អន្តរជាតិ​ ៨ មីនា ឆ្នាំ​២០២២» និង​ប្រគល់​វិញ្ញាបនបត្រ​ដល់​អាជ្ញា កណ្ដាល និង​ចៅក្រម​បាល់​ទះ​ក្នុង​សាល កម្រិត​មូលដ្ឋាន​ (គ​ ឬ ​C) នៅ​ថ្ងៃ​ទី​៨ ខែ​មីនា ឆ្នាំ​២០២២ លើ​​ទីលាន​បាល់ទះ​កីឡដ្ឋាន​ព្រីនស៍ ក្នុង​រាជធានី​ភ្នំពេញ»៕