ព្រឹត្តិការណ៍ដ៏ធំ មិនធ្លាប់មាន នៅកម្ពុជា «Wurkz ប្រដាល់គុនខ្មែរប្រចាំប្រទេស» នឹងចាប់ដំណើរការប្រកួតជាផ្លូវការ នៅរសៀលថ្ងៃសៅរ៍នេះ ហើយវាក៏ពេលដែល ស្ថានីយទូរទស្សន៍ថោន និងដៃគូឧបត្ថម្ភរបស់ខ្លួន ត្រូវបើកសម្ពោធសង្វៀន៨ទិសដ៏ទំនើប និងមិនធ្លាប់មាន នៅក្នុងប្រទេសកម្ពុជា ផងដែរ។
ជាមួយការរចនាបានយ៉ាងស្អាត និងទំនើបនេះ សង្វៀន៨ទិស នឹងក្លាយជារេញ សម្រាប់ការប្រកួតប្រជែងរកជើងខ្លាំង ក្នុងប្រភេទទម្ងន់៦៥គីឡូក្រាមចំនួន២៤នាក់ ស្មើនឹង១២គូ ដែលអ្នកទាំងនេះ ត្រូវបានសម្រិតសម្រាំងនៅទូទាំងប្រទេស ដើម្បីយកមកប្រកួតគ្នា រកអ្នកខ្លាំងៗ ឡើងទៅប្រកួតដណ្តើមខ្សែក្រវាត់លំដាប់ពិភពលោក «IPCC Kun Khmer» ដែលមានប្រាក់រង្វាន់ សរុបដល់ ១២០ លានរៀល។
ចំពោះបេក្ខភាពទាំង ២៤នាក់ ដែលត្រូវធ្វើការប្រកួតជម្រុះ នៅថ្ងៃបើកកម្មវិធី នារសៀលថ្ងៃសៅរ៍នេះ ត្រូវបានផ្គូផ្គងរួចហើយ ដោយក្នុងនោះ ម៉ន ព្រហ្មម៉ាញ ត្រូវជួប អឿន សុផា ឯ នួន រ៉ាថេប ប៉ះ កន ចន្ថា ហើយ ភិន សុខទី ប្រកួតជាមួយ ចាន់ ប៊ុនហឿន ខណៈ រិទ្ធ ប៊ុនម៉ៅ ត្រូវតទល់នឹង សោម ពិសិដ្ឋ និង គង់ សំបូរ ជួប ខុន បូឡា។
ចំណែក រិន សារ័ត្ន ប៉ះ ផាន់ គ្រាន់ រីឯជើងចាស់ ភុំ សារ៉ាយ ត្រូវវិលមកជួបអ្នកប្រយុទ្ធ ធន់ ចាន់តាក់ ហើយ ឡុង បេនលឿន ប្រកួតនឹង សូដា កូម៉ាន់។ ទន្ទឹមនឹងនេះ សួន ចាន់នី ត្រូវប្រឈមនឹង ឡុង សំណាង ស្របពេល សោម វិឆ័យ ប្រកួតជាមួយ សី ពិសិដ្ឋ ហើយ ធា នុរាជ ប្រឈមមុខជាមួយអ្នកលេងស្នៀតជើង មឿន សុខហ៊ុច ហើយ ផល សោភ័ណ្ឌ ប៉ះ សួន ខេវិន។
ទាក់ទងទៅនឹងលក្ខខណ្ឌនៃការប្រកួតនេះ លោក ជួប វុត្ថា ជាអ្នកផ្គូផ្គងកីឡាករប្រចាំនៅសង្វៀនថោន បានប្រាប់ថា កីឡាករទាំង២៤នាក់នេះ ត្រូវបានជ្រើសរើសនៅទូទាំងប្រទេស ហើយពួកគាត់ ត្រូវប្រកួតជម្រុះចាញ់ធ្លាក់ៗ ហើយអ្នកឈ្នះទាំង១២នាក់ នឹងត្រូវដាក់ឱ្យចូលប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោក «IPCC Kun Khmer» ដោយត្រូវចែកជា២ពូល ហើយការប្រកួតនឹងត្រូវធ្វើនៅចុងខែមេសា ឆ្នាំ២០២២នេះ។
ពិធីករប្រដាល់ លោក ជួប វុត្ថា បានបន្ថែមថា៖ «ព្រឹត្តិការណ៍នេះ វាខុសពីព្រឹត្តិការណ៍មុនៗតែម្តង ដោយយើងប្រើសង្វៀន៨ទិសដ៏ទំនើប ហើយយើងមានការប្រកួតជម្រុះរវាងកីឡាករមកពីទូទាំងប្រទេសរហូតដល់២៤នាក់ ដើម្បីយកអ្នកឈ្នះទាំង ១២ ឱ្យចូលរួមការប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោក ចំណែកប្រាក់រង្វាន់ មានចំនួនច្រើន ជាងការប្រកួតរាល់ដង អ៊ីចឹងកម្មវិធីនេះ វាជាមហាព្រឹត្តិការណ៍មួយសម្រាប់ថោន ដែលបានចេញកម្មវិធីមួយទៀត គឺសង្វៀន ៨ ទិសនេះ»៕