អតីតក្រុម​ធ្លាប់លេង​នៅលីគកំពូលកម្ពុជា អគ្គិសនីកម្ពុជា និង​នគរបាលជាតិ បាន​នឹង​កំពុង​ បាន​បង្ហាញ​ភាព​ខ្លាំង នៅ​ក្នុងការ​ប្រកួត​ជម្រើសជើងឯក​លីគ​២ ឆ្នាំ​២០២២ ប៉ុន្តែ​ក្រុម​សូល​ទីឡូអង្គរ របស់​អ្នកចាត់ការ​ទូទៅ​ក្រុមជម្រើសជាតិកម្ពុជា លោក Keisuke Honda នៅមិនទាន់​រក​​ឃើញ​ការ​ឈ្នះ នៅ​ឡើយ​ទេ។

តាម​រយៈការ​ប្រកួត​ប្រចាំ​សប្តាហ៍ទី​២ កាលពី​ថ្ងៃអាទិត្យ ម្សិលមិញ​នេះ ក្រុម​អគ្គិសនី​កម្ពុជា បាន​បន្ត​យក​ឈ្នះលើ​ក្រុមសៀមរាបអេហ្វស៊ី ១-០ ហើយ​ការ​រកបាន​ត្រឹម​១​គ្រាប់នេះ វា​គ្រប់​គ្រាន់ សម្រាប់ពួក​គេ ក្នុង​ការ​ហក់ពី​លេខ​២ ទៅ​ឈរ​នៅកំពូល​តារាង ជាបណ្តោះ​អាសន្ន ខណៈ​ក្រុម​ធ្លាប់​ឈរ​នៅលេខ​១ កោះកុងអេហ្វស៊ី របស់​លោក ហុក សុជីវ័ន បាន​ត្រឹម​ស្មើ ១-១ ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ ខេត្តបន្ទាយ​មានជ័យ នោះ។

ជាមួយ​គ្នា​នេះ ក្រុម​នគរបាលជាតិ បាន​ប្រៀប​ប្រាស់​ការ​មនា​ប្រៀប ក្នុងនាមជា​ម្ចាស់​ផ្ទះ ដើម្បី​​យក​លើ​ក្រុម​គូ​សត្រូវ អាស៊ីអឺរ៉ុប រហូត​ដល់ ៤-១ ដើម្បីហក់ពីលេខ​៥ ទៅ​ឈរ​នៅលេខ​២ ជា​បណ្តោះ​អាសន្ន ដោយមាន​៦ពិន្ទុពេញ ស្មើជាមួយក្រុម​អគ្គិសនីកម្ពុជា និងក្រុម ISI ដង្កោសែន​ជ័យ ដែលបាន​យក​ឈ្នះក្រុម​ភ្ញៀវ សូលទីឡូអង្គរ ១-០ ដើម្បី​ឡើង​មក​ឈរ​នៅលេខ​៣។

ផ្ទុយ​ពីនេះ​ក្រុម ធ្លាប់​ឈ្នះ​៣ពិន្ទុ ក្នុងការ​ប្រកួតបើក​ឆាក ណិចស្តិបអេហ្វស៊ី បាន​ទៅចាញ់​ក្រុម​ម្ចាស់​ផ្ទះ ខេត្តត្បូងឃ្មុំ ២-១ ស្របពេល​ក្រុម​ម្ចាស់​ផ្ទះ ខេត្ត​ព្រៃវែង បាន​យក​ឈ្នះ​អតីត​លេង​នៅ​​លីគ​កំពូល​ដូចគ្នា គឺ​សាលាបាល់​ទាត់ជាតិ ២-១ ដើម្បី​ទទួលបាន​៣ពិន្ទុ ជា​លើកដំបូង ក្រោយ​​ចាញ់​ក្រុម​ ISI ដង្កោសែន​ជ័យ ៤-៣ កាលប្រកួតបើក​ឆាក។

គួរបញ្ជាក់ថា សម្រាប់ការ​ប្រកួត​លីគ​២ នា​រដូវកាលឆ្នាំ​២០២២​នេះ មាន១២ក្រុមចូល​រួម ហើយ​ក្រុមទាំង​នេះ ត្រូវ​ប្រកួតគ្នា​ចំនួន​២ជុំ សរុប​ស្មើនឹង​១៣២​ប្រកួត រួច​ទើប​បូកសរុបពិន្ទុជាង​គេ ឡើង​ទៅលេង នៅលីគកំពូលកម្ពុជា ឆ្នាំ​២០២៣៕