អ្នក​ប្រដាល់ជាកូនពៅ​ក្នុងត្រកូល «សូត្រ» គឺ សូត្រ សុឃីម បាន​​ធ្វើ​ឱ្យ​អ្នក​ទស្សនា មាន​ការភ្ញាក់ផ្អើលខ្លាំង តាម​រយៈការ​ប្រកួត​យ៉ាង​ល្អ​របស់គេ ដើម្បី​ក្លាយ​ជា​ម្ចាស់ប្រាក់លាន នៅលើ​សង្វៀន​ថោន កាលពី​ថ្ងៃអាទិត្យ ម្សិលមិញ ដោយ​​គ្មានការ​គ្រោងទុក​។

កីឡាករ​វ័យក្មេង សូត្រ សុឃីម បានទទួលដំណឹងមុន​ការ​ប្រកួតតែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ សម្រាប់ការ​ឡើង​ប្រកួតដណ្តើម​ប្រាក់លាន ជំនួសកីឡាករ ប៉ែកកាក់ ចៅចិត្រ កាលពី​ម្សិលមិញ​នេះ ប៉ុន្តែ​ប្អូនប្រុស​របស់​លោក​មេទ័ព សូត្រ ប៊ុនធី រូបនេះ បានបង្ហាញ​បច្ចេក​ទេស​ប្រកួត​យ៉ាង​ល្អ ដើម្បី​យក​ឈ្នះ​លើ ធន់ វណ្ណា ដោយ​ពិន្ទុដាច់ ៥-០ នៅក្នុងការ​ប្រកួត​ជម្រុះ​៣​ទឹក ដើម្បីឡើង​ទៅ ជួប ឡុង អាឆើត នៅវគ្គ​ផ្តាច់ព្រ័ត្រ ព្រោះ អាឆើត ក៏បាន​យក​​ឈ្នះ ​ ឆួន បួន ដោយ​ពិន្ទុដាច់ ៥-០ ដូចគ្នា។

ទាក់ទង​ទៅនឹងការ​ប្រកួតជម្រុះ​ជាមួយ ធន់ វណ្ណា នេះ សូត្រ សុឃីម បាននិយាយ ក្រោយការ​ប្រកួត​ថា៖​​ «ខ្ញុំ​មិនបានត្រៀម​ខ្លួន​នោះ​ទេ សម្រាប់ការ​ឡើងមក​ប្រកួតជំនួសគេលើក​​នេះ ហើយ​សម្រាប់​ការ​ប្រកួត​ជម្រុះជាមួយ ធន់ វណ្ណា មានការ​ពិបាក​ ព្រោះ​គាត់វ៉ៃ​បុកពេក អ៊ីចឹង​ខ្ញុំ​បាន​​ផ្លាស់ប្តូរបច្ចេក​ទេស ដោយ​វ៉ៃ​ដកៗ យក​ពិន្ទុ»។

យ៉ាង​ណា​មិញ សម្រាប់ការ​ប្រកួត​ផ្តាច់ព្រ័ត្រ​ជាមួយ ឡុង អាឆើត កីឡាករ សូត្រ សុឃីម បែរ​ជា​ពេញ​ចិត្ត ទៅនឹងការ​ប្តូរកណ្តាប់​ដៃ ដោយការ​ប្រកួតទាំង​៣​ទឹក​របស់អ្នកទាំង​២នេះ មាន​ភាព​ជក់ចិត្តខ្លាំង ដោយក្នុង​នោះ កណ្តាប់​ដៃ​របស់ សូត្រ សុឃីម វាយចំគោលដៅ​ល្អ​ជាង នៅទឹកទី​១ តែ​នៅទឹកទី​២ ឡុង អាឆើត មាន​ប្រៀប​វិញ តាមរយៈការ​បុកជង្គង់ និងទាត់​ឱ្យ សុឃីម ដួល ពី២ទៅ​៣​លើក។ តែ​ទោះបីជា​យ៉ាង​ណា នៅទឹកទី​​៣ សូត្រ សុឃីម បាន​ប្រើ​យុទ្ធ​វាយ​ដក​ថយ ដោយការ​ប្រើកណ្តាប់ដៃ​ភាគ​ច្រើន និងបាន​យក​ឈ្នះលើ ឡុង អាឆើត ដោយពិន្ទុ​មិន​​ឯកច្ឆន្ទ ៣-២។

ចំពោះការ​ប្រកួត​ផ្តាច់ព្រ័ត្រនេះ សូត្រ សុឃីម បានបញ្ជាក់ថា៖ ​«ការ​ឡើង​ទៅ​ជួប ឡុង អាឆើត នៅវគ្គ​ផ្តាច់ព្រ័ត្រ មិនសូវជាពិបាក​ទេ ដោយសារ​គាត់ដូយដៃ​ជាមួយ​ខ្ញុំ ព្រោះ​ខ្ញុំ​ចូល​ចិត្ត​ការ​វ៉ៃ​ដៃ​នេះ។ តែទោះបីជា​យ៉ាង​ ខ្ញុំចង់​ភ្លាត់ នៅចុងទឹក​ទី​២ ព្រោះ​ជើង​របស់​ខ្ញុំ ចង់មានបញ្ហា​ដែរ ដោយ​ឈឺ​ញូកៗ ពេលនគាត់ទាត់​ត្រូវ ហើយ​ពេលនោះ ខ្ញុំ​ក៏មានការ​បារម្ភ​ផងដែរ ប៉ុន្តែ​ចូល​ទឹក​ទី​៣ ខ្ញុំ​បាន​ផ្លាស់ប្តូរ​បច្ចេក​ទេស វ៉ៃដកវិញ»។

យ៉ាង​ណា​ក៏​ដោយ សម្រាប់​ការ​ឈ្នះប្រាក់លានចំនួន ៣,៤លាន​របស់ សូត្រ សុឃីម បាន​ធ្វើ​ឱ្យ​អ្នកទស្សនា​មួយចំនួន ជាពិសេស​អ្នកគាំទ្រ​របស់ ឡុង អាឆើត មិនសូវសប្បាយ​ចិត្តនោះ​ទេ ដោយពួកគេ​ឃើញ​ថា សូត្រ សុឃីម បានដួលច្រើន និងសមតែ​ចាញ់ ប៉ុន្តែ​ចំពោះ​សាមី​ខ្លួន ឡុង អាឆើត បាន​ទទួលស្គាល់ថា ការ​ចាញ់​លើកនេះ ដោយ​សារតែ​គេ​មាន​ការ​ធ្វេសប្រហែស នៅទឹក​ទី​៣ ដែលធ្វើ​ឱ្យ សូត្រ សុឃីម វ៉ៃ​ដៃ​ចូល​ច្រើន៕