ក្រុមចំណូល​ថ្មី ដែលប្រមូល​ផ្តុំ​ដោយ​កីឡាករ​មានបទពិសោធ BEE FC មានការ​ជឿជាក់ថា ពួកគេ អាច​នឹង​ឆ្លង​ផុត​វគ្គជម្រុះ​តាមពូល នៃ​ការ​ប្រកួត​ពាន​រង្វាន់​បាល់​ទាត់​ក្នុងសាល ឆ្នាំ​២០២១ ដែលបាន​លើក​មក​ធ្វើ នៅ​ឆ្នាំ​២០២២ ហើយ​កំពុងដំណើរការ​ នៅ​មជ្ឈមណ្ឌលកីឡា ដឹប្លូស្ពតអារីណា។

ការ​បង្ហាញ​ភាពជឿជាក់នេះ គឺ​បន្ទាប់ពី​ក្រុម BEE FC បាន​យក​ឈ្នះក្រុមការពារ​តំណែង​ជើងឯក មហាហង្ស ក្នុង​លទ្ធផល ៥-១ តាម​រយៈការ​បង្ហាញ​សមត្ថ​ភាព​លេង​រួមគ្នា យ៉ាង​ល្អ នៅ​ក្នុង​ការ​ប្រកួត​បើក​ឆាក​ប្រចាំពូល​B ហើយ​ក្រុមចំនួន​១៨​ទៀត ក៏បាន​បញ្ចប់​ការ​ប្រកួត​លើក​ដំបូង​របស់ពួកគេ ដូចគ្នា កាលពី​ថ្ងៃសៅរ៍ និង​ថ្ងៃអាទិត្យ កន្លងមកនេះ។

លោក ស វឌ្ឍនៈ ជាអ្នក​ចាត់ការ​ក្រុម BEE FC  បាន​និយាយ​ថា៖​ «​គ្រប់​ប្រព័ន្ធ​លេង ទាំងនៅ​តំបន់ការពារ និង​ប្រយុទ្ធ គ្រប់​ប្រព័ន្ធ​លេង ​គឺ​យើង​មានភាពច្បាស់លាស់ទាំង​អស់។ ជាមួយគ្នា​នេះ ​ការ​ស៊ុតបាល់បញ្ចូល​ទី​របស់​ខ្សែ​ប្រយុទ្ធ អ៊ឹង ស្លូត ពិតជា​មាន​ភាព​អស្ចារ្យ​ខ្លាំង ហើយ​​តាម​រយៈការ​យក​ឈ្នះ ក្រុមការពារ​តំណែង​ជើង​ឯក ​លើកនេះ យើងមានការ​ជឿជាក់​៨០ភាគ​រយ​ថា យើងនឹង​បាន​ឡើង ទៅ​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ»។

បន្ទាប់ពីការ​ដណ្តើមបាន​៣ពិន្ទុ ពីក្រុម​ម្ចាស់​ជើងឯក មហាហង្ស ដើម្បី​ឡើង​ទៅ​ឈរ​នៅកំពូល​តារាង​ប្រចាំពូល​B ជាបណ្តោះអាសន្ន​នេះ ក្រុម BEE FC នៅសល់ការ​ប្រកួត​២​ទៀត ជាមួយ​​ក្រុម​ Arigato United និង​ក្រុម Neak Asia ដោយការ​ប្រកួត​បើក​ឆាក​រវាងក្រុមទាំង​២​នេះ កាលពី​ថ្ងៃសៅរ៍ គឺ​ក្រុម Neak Asia បាន​យក​ឈ្នះក្រុម ៤-៣។

​ចំពោះការត្រៀម​ខ្លួន ដើម្បី​ប្រកួត​ជាមួយ​ក្រុម Arigato United និង​ក្រុម Neak Asia នេះ លោក ស វឌ្ឍនៈ បាន​បញ្ជាក់​ថា៖ «​សម្រាប់ការ​ប្រកួត​២​លើក ដែល​នៅ​សល់ យើង​មិន​ទាន់​ច្បាស់​​ថា យើងនឹង​អាច​យក​ឈ្នះ​គេ ដោយងាយស្រួល ឬ​យ៉ាងណា​នោះទេ ប៉ុន្តែ​យើងនឹង​ខំប្រឹង​ឱ្យ​បាន​ខ្លាំងជាងនេះ​ថែម​ទៀត»។

សម្រាប់ការ​ប្រកួត​ពាន​រង្វាន់​បាល់​ទាត់​ក្នុងសាល ឆ្នាំ​២០២១នេះ មានក្រុម​ចំនួន​២០​ក្រុម បាន​ចូល​រួម ដោយបាន​​ចែក​ការ​ប្រកួត​ជា​៥ពូល។ ពូលទាំង​៥​នេះ ត្រូវ​​ប្រកួតសន្សំពិន្ទុ ដើម្បី​យក​ក្រុមលេខ​១ តាមពូលទាំង​៥ រួមទាំង​ក្រុម​លេខ​២​ល្អ​ចំនួន​​១​ក្រុម សរុប​​៦​ក្រុម ត្រូវ​ឡើង​ទៅ​ប្រកួត​ដំណាក់កាល​ទី​២។

នៅ​ក្រោយ​បញ្ចប់ការ​ប្រកួត​វិលជុំ ដំណាក់កាលទី​២​​ហើយ គេ​យក​ក្រុម​លេខ​៣ និងលេខ​៤ ទៅប្រកួត​ខ្វែង​ យក​ក្រុម​ឈ្នះ ឡើង​ទៅជួបក្រុម​លេខ​២ នៅវគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ ចំណែក​ក្រុម​ឈ្នះ​នៅ​វគ្គ​នេះ ត្រូវ​ឡើងទៅ​ប្រកួត​ផ្តាច់​ព្រ័ត្រ ជាមួយក្រុមលេខ១ ដែល​ឈរ​ចាំ ដណ្តើម​យក​ពាន៕