អតីតក្រុម​ធ្លាប់​លេង​នៅលីគ​កំពូលកម្ពុជា អគ្គិសនីកម្ពុជា បានអះអាង​ថា គោលដៅ​ធំ សម្រាប់​ការ​ប្រកួត​​​ជម្រើស​ជើង​ឯក​លីគ​​២​​​ នា​រដូវ​កាល ឆ្នាំ​២០២២​នេះ គឺ​ការ​ប្រជែង​ឱ្យបាន​កៅអី ឡើង​ទៅកាន់ការ​ប្រកួត​លីគកំពូលកម្ពុជា ជា​ថ្មី​វិញ នៅ​ឆ្នាំ​២០២៣ បើទោះបីជា​ពួកគេ នៅ​រក្សា​​គោលការណ៍​ប្រើប្រាស់កីឡាករ​ខ្មែរសុទ្ធ​ក៏​ដោយ។

«ក្រុម​របស់​យើង ​នៅ​តែ​រក្សា​គោលការណ៍ ប្រើ​ប្រាស់​កីឡាករ​ក្នុង​ស្រុក​សុទ្ធ​ដដែល ព្រោះ​​ថ្នាក់​ដឹកនាំ​របស់​យើង ចង់​ផ្តល់​ឱកាស​ឱ្យ​យុវជន​ខ្មែរ មាន​ឱកាស​លេងបាន​ច្រើន និង​អាច​​ បាន​ជាប់នៅ​ក្នុង​ក្រុម​ជម្រើស​ជាតិ​ ហើយ​ជាមួយ​គ្នា​នេះ ទិស​ដៅ​ធំ​របស់​អគ្គិសនី​កម្ពុជា គឺ​ការ​​ប្រជែង​​យក​​កៅអី ដើម្បី​បាន​​ឡើង​ទៅ​លេង ​នៅ​លីគកំពូល​​កម្ពុជា​វិញ»។ នេះជា​ការ​លើក​ឡើង​​របស់អតីតកីឡាករ​ជម្រើសជាតិ ទុំ សារ៉ាយ ដែល​កំពុងដឹកនាំ​ក្រុម​អគ្គិសនីកម្ពុជា ក្នុង​នាម​​ជា​គ្រូ​បង្គោល។

​តាម​រយៈ​ការ​ប្រកួត​២លើក កន្លងមកនេះ ក្រុម​អគ្គិសនី​កម្ពុជា បាន​យក​ឈ្នះ​ក្រុម​​បន្ទាយ​មានជ័យ​អេហ្វស៊ី ៦-១ នា​ថ្ងៃ​​បើក​ឆាក នៅ​លើ​ទឹកដី​ខ្លួន​ឯង និងបាន​​បន្ត​ឈ្នះ​ក្រុម​ម្ចាស់​​ផ្ទះ​សៀមរាប​អេហ្វស៊ី ១-០ សម្រាប់​ការ​ប្រកួត​លើក​ទី​២ កាល​ពី​ថ្ងៃ​អាទិត្យ ដើម្បី​ឡើង​ទៅ​​ឈរ​នៅលើកំពូលតារាង ជាបណ្តោះអាសន្ន។

តែ​ទោះបីជា​យ៉ាង​ណា ​គ្រូ​បង្គោល ទុំ សារ៉ាយ បានអះអាង​ថា ជ័យជម្នះ​២លើក​កន្លង​មកនេះ វា​គ្រាន់តែ​ជា​ការ​ឈ្នះ​ក្រុម​នៅខេត្ត​ ដែលមិនទាន់អាច​យក​មកប្រៀបធៀប​​ថា យើង​មាន​​​កម្រិត​នៅលើ​គេ​នោះទេ។ «ការ​យក​យក​ឈ្នះ ​ក្រុមនៅ​ខេត្តនេះ យើង​នៅ​មិន​ទាន់​អាច​​ចាត់​​ទុក​​ថា ក្រុម​​​​យើង មាន​​ភាព​លេច​ធ្លោរ​នោះ​ទេ គឺ​​លុះ​ត្រា​តែ​យើង​បាន​ឈ្នះ ឬជួប​ក្រុម​មានមូល​ដ្ឋាន​នៅ​​ភ្នំពេញ ជាពិសេស​​ក្រុម​ធ្លាប់​លេង​​នៅ​លីគ​​កំពូល​​កម្ពុជា ជាមួយ​យើង កាលពី​ឆ្នាំ​២០២១ ចំនួន​២ទៅ​៣​​ប្រកួត​​អ៊ីសិន ទើប​យើង​អាច​វាយ​តម្លៃបាន»។

ជាមួយគ្នានេះ ទុំ សារ៉ាយ បាន​ចាត់ទុក​ក្រុម​នគរបាលជាតិ និងក្រុម ISI ដង្កោសែន​ជ័យ ជាឧបសគ្គ​ធំ ចំពោះក្រុមអគ្គិសនីកម្ពុជា ក្នុងការ​ប្រជែង​កៅអី ឡើង​ទៅលេង​នៅ​លីគកំពូល​វិញ ចំណែកអតីត​ក្រុម​ធ្លាប់​លេងនៅលីគកំពូលកម្ពុជា អាស៊ីអឺរ៉ុប និងក្រុម​ខេត្ត​ព្រៃវែង ត្រូវបាន ទុំ សារ៉ាយ ពន្យល់ថា អាស៊ីអឺរ៉ុប ពេល​នេះ មាន​កីឡាករ​ក្មេងៗ​ច្រើន ដែល​ការ​លេង​​នៅមានកម្រិត ចំណែក​ក្រុម​ខេត្តព្រៃវែង គឺ​កីឡាករ​ល្អៗ​របស់ក្រុមនេះ ក៏ត្រូវបានយក​ទៅលេង​នៅក្លិប​វិសាខា ផងដែរ អ៊ីចឹងវា​មិន​មែនជាឧបសគ្គធំ​នោះទេ។

គ្រូ​បង្វឹក​ក្រុម​អគ្គិសនី​កម្ពុជា ទុំ សារ៉ាយ បាន​បញ្ជាក់ថា៖ «ខ្ញុំ​មើល​ឃើញថា ក្រុម ISI ដង្កោសែន​ជ័យ និង​ក្រុម​នគរ​បាល​ជាតិ មាន​ទម្រង់​លេង​ល្អ ដែល​ជា​ឧបសគ្គ​ធំ សម្រាប់​យើង ចំណែកក្រុម​អាស៊ីអឺរ៉ុប និង​ក្រុម​​​ខេត្ត​ព្រៃវែង រួម​ជាមួយ​ក្រុម​ផ្សេង​ទៀត ខ្ញុំគិត​ថា មិនជា​ឧបសគ្គធំ សម្រាប់​យើង​នោះ​ទេ គឺ​យើង​អាចប្រកួត​​​ប្រជែង​​បាន»។

គួរបញ្ជាក់ថា សម្រាប់ការ​ប្រកួត​លីគ​២ នា​រដូវកាលឆ្នាំ​២០២២​នេះ មាន១២ក្រុមចូល​រួម ហើយ​ក្រុមទាំង​នេះ ត្រូវ​ប្រកួតគ្នា​ចំនួន​២ជុំ សរុប​ស្មើនឹង​១៣២​ប្រកួត ហើយក្រុម​លេខ​១ និង​លេខ​២ នឹង​ត្រូវ​ឡើង​ទៅប្រកួត​នៅ​​លីគកំពូលកម្ពុជា នា​ឆ្នាំ​២០២៣ ចំនែក​ក្រុម​លេខ​៣ នឹងត្រូវដាក់​ឱ្យប្រកួត​ជម្រុះជាមួយក្រុម​លេខ​៨​ចុងក្រោយ​គេ នៃ​លីគកំពូល ឆ្នាំ​២០២២​នេះ ដើម្បី​យក​ក្រុម​ឈ្នះ ទៅ​លេង​នៅរដូវ​កាលថ្មី៕