សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា នឹងត្រូវបញ្ជូលកីឡាករជម្រើសជាតិរបស់ខ្លួន ចំនួន៣នាក់ ឱ្យទៅបោះជំរំហ្វឹកហាត់ និងប្រកួត Thailand Open International Boxing Tournament 2022 នៅខេត្តភូកេត ប្រទេសថៃ ដែលអ្នកទាំង៣នាក់នេះ សុទ្ធតែទើបដណ្តើមបានមេដាយ ពីការប្រកួតថ្នាក់ជាតិដូចគ្នា។
លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានឱ្យដឹងថា បេក្ខភាពជាកីឡាករជម្រើសជាតិ ទាំង៣នាក់ ដែលនឹងត្រូវបញ្ចូលឱ្យទៅបោះជំរំហ្វឹកហាត់ និងប្រកួត នៅប្រទេសថៃ លើកនេះ រួមមានម្ចាស់មេដាយមានទម្ងន់៦៩គីឡូក្រាម វី សុភ័ស្ស កីឡាករមានទម្ងន់៦០គីឡូក្រាម ទូច ដេវីត និងជើងខ្លាំងទម្ងន់៥៧គីឡូក្រាម សៅ រង្សី។
អ្នកទាំង៣នេះ នឹងធ្វើដំណើរចេញទៅខេត្តភូកេត ប្រទេសថៃ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ ក្រោមការដឹកនាំរបស់លោកគ្រូ ជ័យ ណារ៉ា ដើម្បីចូលរួមបោះជំរំហ្វឹកហាត់ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២២ ជាមួយបណ្តាប្រទេសផ្សេងៗទៀត ដែលបានចូលរួមប្រកួត Thailand Open International Boxing Tournament 2022 ដោយការប្រកួតនេះ នឹងចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២។
សម្រាប់ការចេញទៅបោះជំរំហ្វឹកហាត់ និងប្រកួត នៅប្រទេសថៃ លើកនេះ ម្ចាស់ផ្ទះថៃ ជាអ្នករាប់រងទៅលើសំបុត្រយន្តហោះ ការហូបចុក និងការស្នាក់នៅ ចំណែក លោក ខេស៊ី បាណេត បានឧបត្ថម្ភ ទៅលើថ្លៃទិដ្ឋាការ ទិញធានារ៉ាប់រង ធ្វើតេស្ត PCR និងពិនិត្យសុខភាពសម្រាប់ក្រុមកម្ពុជា ហើយអគារប្តូរប្រាក់ ទៀត ប៊ុនហាក់ ក៏បានចូលរួមឧបត្ថម្ភប្រាក់ហោប៉ៅក្នុងដល់ប្រតិភូកម្ពុជាទាំងនេះ ក្នុងម្នាក់ចំនួន ១០០ ដុល្លារផងដែរ។
ជាមួយគ្នានេះ លោក ប៊ុយ សុភ័ណ្ឌ បានចាត់ទុក ការទៅចូលរួមបោះជំរំហ្វឹកហាត់ និង ប្រកួត នៅប្រទេសនេះ ថា ជាឱកាស ដ៏សំខាន់ សម្រាប់ក្រុមជម្រើសជាតិប្រដាល់សកល ក្នុងការពង្រឹង និងវាស់វែងកម្រិតបច្ចេកទេសរបស់ពួកគេ ដើម្បីត្រៀមខ្លួន ចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅវៀតណាម ដោយប្រភេទកីឡាប្រដាល់សកល នឹងចាប់ផ្តើមពីថ្ងៃទី១៦ ដល់ ២២ ខែឧសភា ឆ្នាំ២០២២ នៅខេត្ត Bac Ninh ប្រទេសវៀតណាម ហើយសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា គ្រោងបញ្ជូនក្រុមជម្រើសជាតិសរុប៨នាក់ (ស្រី២នាក់) ទៅចូលរួម៕