មន្ត្រី​ជំនាញ​របស់ក្រសួងអប់រំ យុវជន និងកីឡា លោក ស សុខា បាន​​ក្រើន​រំឭកជាថ្មី ទៅ​ដល់​គ្រូ​បង្វឹក និងកីឡាករ កីឡាការិនីជម្រើសជាតិ ដែល​កំពុង​បិទខ្ទប់ហ្វឹកហាត់ នៅ​ពហុ​កីឡ​​ដ្ឋានជាតិ​មរត​កតេជោ ត្រូវ​ខិតខំប្រឹង​ហ្វឹក​ហាត់​ពង្រឹង​សមត្ថ​ភាពឱ្យបានខ្លាំង ដើម្បីឱ្យ​ស័ក្តិសម​ជា​អត្តពលិក ត្រូវ​ចេញ​ទៅប្រកួត​តំណាង​ឱ្យ​ជាតិ គឺ​មិនមែន​ពាក់អាវជម្រើសជាតិ មាន​​ទង់​ជាតិ​កម្ពុជា​ហើយ ​ចេញ​ទៅប្រកួត ​ដើម្បីតែ​រកបទពិសោធ ឬបានជិះយន្តហោះ ដើរ​លេង​​សប្បាយ​ទៀត​នោះទេ។

លោក ស សុខា បាន​ថ្លែង នៅក្នុងពិធីសំណេះសំណាល​ជាមួយក្រុមជម្រើសជាតិ ក្នុង​មណ្ឌល​​ហាត់​ហ្វឹកហ្វឺន​បិទ​ខ្ទប់ នៅពហុកីឡដ្ឋានជាតិ​មរតក​តេជោ កាលពី​​ព្រឹក​ថ្ងៃ​ពុធ​ថា៖ «នៅទីនេះ កីឡាករ កីឡាការិនី មាន​តួនាទី​សំខាន់ និង​ខ្ពស់​បំផុត​ ហើយ​ការពាក់អាវ ដែល​​មាន​ទង់ជាតិ​កម្ពុជា​​របស់​​យើង ទៅ​ចូល​​រួម​​ការ​​ប្រកួត នៅ​លើ​ឆាក​អន្តរជាតិ​នេះ គឺ​មិន​មែន​ត្រៀម​​តែការ​ប្រកួត​ស៊ីហ្គេម ​មួយនោះទេ។ ជាមួយគ្នា​នេះ ខ្ញុំ​នៅ​តែ​​ទទួច​ថា កុំ​ពាក់​អាវ​មាន​ទង់​ជាតិ​​កម្ពុជា ទៅប្រកួត នៅលើ​ឆាក​អន្តរជាតិនេះ ​ដើម្បី​យក​តែ​​​បទពិសោធ»។   រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោក ស សុខា បាន​បន្ថែម​ថា៖ «តែ​ពាក់​អាវ​នេះ​​ហើយ មិនមែន​ទៅ​​យក​បទពិសោធទៀត​នោះទេ គឺ​ទៅប្រកួតប្រជែង​យក​មេដាយ​តែម្តង ព្រោះ​ការ​ដាក់ទុនទាំង​អស់ (របស់រាជរដ្ឋាភិបាល) នេះ បើ​យើង​គ្រប់គ្រង​មិនបាន​ច្បាស់លាស់ទេ គឺនឹងបរាជ័យ​ទាំង​អស់​គ្នា»។

ជាមួយ​គ្នា​នេះលោក ស សុខា បាន​លើក​ឡើងចំៗ ចំពោះ​ទម្លាប់មិន​ល្អមួយ​ចំនួន ដែលបាន​កើតមាន​ឡើង នៅក្នុង​ក្រុមជម្រើសជាតិ ជាពិសេស​ថ្នាក់​ដឹកនាំ​របស់សហព័ន្ធ​កីឡា​ជាតិ មួយចំនួន ដែលប្រើ​ប្រាស់មនោសញ្ចេតនា​ជ្រុលពេក ក្នុងការ​ជ្រើស​រើស​អត្តពលិក ឱ្យ​ចេញ​ទៅ​ប្រកួត​តំណាង​ឱ្យ​ជាតិ ជាមួយហេតុ​ផល​មិនល្អ​ថា «ឱ្យវាចេញ​ទៅ​ប្រកួត​ទៅ ដើម្បី​បាន​​បទពិសោធ» ប៉ុន្តែ​ លោក ស សុខា បានប្រាប់​ឱ្យ​បញ្ឈប់ ការប្រើ​ទម្លាប់មិន​ល្អនេះ ត​ទៅ​ទៀត។

អ្នក​គ្រប់គ្រង​ផ្នែកកីឡាប្រចាំនៅ​ក្រសួងអប់រំ យុវជន និង​កីឡា លោក ស សុខា បាន​សង្កតើធ្ងន់ថា៖ «កន្លងមក ធ្លាប់មាន​ការ​លើកឡើង​ថា យកវាទៅ ដើម្បីដកស្រង់បទពិសោធ! យក​វាទៅ ដើម្បី​ផ្តល់​ឱកាស ប៉ុន្តែ​ពេលនេះ អត់​មាន​​បែប​នេះទៀតទេ គឺ​អ្នក​​ទៅ ជា​អ្នកដែល​មាន​​គុណ​​ភាព​​ពិតប្រាកដ មិនមែន​យក​ទៅ ដើម្បី​ផ្តល់​​ឱកាស​​ជិះ​យន្ត​ហោះ បានដើរ​លេង​សប្បាយទេ! អាហ្នឹង​សូមជម្រាបឱ្យ​ហើយ»៕