បរទេស៖ ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang បានរកគ្រាប់បាល់ឈ្នះ ខណៈដែលក្រុម Barcelona បានវាយបកតាមពីក្រោយ១គ្រាប់ ដើម្បីផ្តួលក្រុម Galatasaray ក្នុងលទ្ធផល២-១ កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីកក់កៅអីរបស់ពួកគេ ក្នុងវគ្គ៨ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Europa League។
ក្រោយពីការបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ ក្នុងការប្រកួតជើងទី១នាកីឡដ្ឋាន Camp Nou កាលពីសប្តាហ៍មុន ក្រុម Barca របស់លោក Xavi Hernandez បានរបូតគ្រាប់បាល់មុន ក្នុងការប្រកួតជើងទី២នៃវគ្គ១៦ក្រុមចុងក្រោយ នៅពេលដែលកីឡាករ Marcao បានតែតបាល់ជួយឲ្យក្រុម Galatasaray នាំមុខ នៅនាទី ទី២៨ ក្នុងការប្រកួតនៅទីក្រុង Istanbul។ ប៉ុន្តែ ខ្សែបម្រើវ័យ១៩ឆ្នាំ Pedri បានរកគ្រាប់បាល់តាមស្មើវិញសម្រាប់ក្រុមភ្ញៀវ នៅមុនពេលសម្រាកតង់ទី១។ ស្របពេលជាមួយគ្នានេះ គ្រាប់បាល់នៅនាទីបន្ថែមរបស់ខ្សែបម្រើអន្តរជាតិអ៊ុយក្រែន Andriy Yarmolenko បានជួយឲ្យក្រុម West Ham United ទទួលជ័យជម្នះក្នុងលទ្ធផល ២-០ លើក្រុម Sevilla កាលពីថ្ងៃព្រហស្បតិ៍ និងជួយឲ្យក្រុមអង់គ្លេសមួយនេះ ទៅវគ្គ៨ក្រុមចុងក្រោយ។
Yarmolenko ត្រូវបានអនុគ្រោះឲ្យសម្រាក ក្រោយពីការឈានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន និងបានអវត្តមាន ក្នុងពេល West Ham ចាញ់ ១-០ ក្នុងជើងទី១ នៅប្រទេសអេស្ប៉ាញ ដោយសារតែជំងឺ។ ប៉ុន្តែ រូបគេបានបញ្ចេញប្រតិកម្មយ៉ាងមុតស្រួច ដើម្បីជួយឲ្យក្រុមស្ថិតក្នុងទីក្រុងឡុងដ៍មួយនេះ ឈានទៅវគ្គ៨ក្រុមចុងក្រោយ ជាលើកដំបូងបើគិតចាប់តាំងពីឆ្នាំ១៩៨១ និងទម្លាក់ Sevilla ដែលជាម្ចាស់ជើងឯក៦សម័យកាល៕
ប្រភពព័ត៌មាន៖ Channel News Asia