ក្រុម​អគ្គិសនី​កម្ពុជា និង​នគរ​បាលជាតិ (ប៉ូលិស) បានបញ្ចប់ការ​ប្រកួត ដោយគ្មាន​អ្នក​ឈ្នះ ដើម្បី​បន្ត​ឈរ​នៅលេខ​១ និងលេខ​២ នៃ​ការ​ប្រកួត​លីគ​២ ស្របពេល​ក្រុម​កំពុង​ឡើង​ជើង ISI ដង្កោរសែន​ជ័យ បាន​ជួបការ​បរាជ័យ ក្រោមស្នា​ដៃ​ក្រុមអាស៊ីអឺរ៉ុប ចំណែក​ក្រុមកោះកុង ក៏​រក​​បាន​៣ពិន្ទុ ផងដែរ។

នៅ​មុន​ការ​ជួប​គ្នា កាលពី​ថ្ងៃអាទិត្យ ម្សិលមិញ​នេះ ទាំង​លោក អ៊ុង កនយ៉ានិត គ្រូ​បង្គោល​ក្រុម​នគរបាលជាតិ និងគ្រូ​បង្វឹក​ក្រុម​អគ្គិសនី​កម្ពុជា លោក ទុំ សារ៉ាយ  សុទ្ធតែ​បាន​បង្ហាញ​ពី​ការ​ខ្លាចគ្នា  ព្រោះ​អគ្គិសនីកម្ពុជា ​បានចាត់ទុក​​ក្រុម​ប៉ូលិស ជា​ឧបសគ្គ​ធំ ក្នុងការ​ដណ្តើម​យកតំណែង​ជើ​ងឯក ហើយប៉ូលិស ក៏បានចាត់ទុកក្រុម​អគ្គិសនីកម្ពុជា ជា​រនាំង​ធំ សម្រាប់ពួក​គេ​ដូចគ្នា។

តែ​ទោះបីជា​យ៉ាងណា តាម​រយៈ​ការ​ប្រកួតគ្នា​ផ្ទាល់ កាលពី​ម្សិលមិញ​នេះ ក្រុមអគ្គិសនី​កម្ពុជា និង​ក្រុម​ប៉ូលិស បានបញ្ចប់​ការ​ប្រកួត ដោយគ្មាន​ការ​ស៊ុតបាល់​បញ្ចូល​ទី​ដូចគ្នា ហើយ​ជាមួយ​ការ​ស្មើ​គ្នា ០-០ នេះ អគ្គិសនី​កម្ពុជា នៅ​តែ​បន្ត​ឈរ​នៅ​លេខ​១ ហើយ​ក្រុម​ប៉ូលិស បន្ត​ឈរ​នៅលេខ​២ ដោយមាន​៧ពិន្ទុស្មើ​គ្នា។

យ៉ាង​ណា​ក៏​ដោយ ការ​អាច​រក្សា​ទីតាំង​នៅលើកំពូល​តារាង​របស់​ក្រុម​ទាំង​២​នេះ ក៏​មាន​ការ​​រួ​មចំណែក​ពីអតីតក្រុម​លេង​នៅលីគកំពូល​កម្ពុជា ជាមួយ​គ្នា អាស៊ីអឺរ៉ុប ផងដែរ ព្រោះ​កាលពីថ្ងៃអាទិត្យ​នោះ អាស៊ីអឺរ៉ុប បាន​យក​ឈ្នះ​ក្រុម​មិន​ធ្លាប់ចាញ់ ISIដង្កោរសែន​ជ័យ រហូត​ដល់ ៣-១ នៅលើ​ទឹក​ដី​ខ្លួន​ឯង ដែល​ធ្វើ​ឱ្យក្រុមទាំង​​២​នេះ មាន​៦ពិន្ទុ​ស្មើគ្នា។

យ៉ាង​ណា​មិញ ក្រុម​កោះកុងអេហ្វស៊ី របស់​លោក ហុក សុជីវ័ន បាន​យក​ឈ្នះ​ក្រុម​សៀម​រាប ២-១ នៅលើទឹក​ដី​ខ្លួនឯង ដើម្បី​ឡើងមក​ឈរ​នៅលេខ​៣ ជាបណ្តោះ​អាសន្ន ដោយ​មាន​៧ពិន្ទុ​ដែរ ប៉ុន្តែ​ក្រុមសូល​ទីឡូអង្គរ បានបន្ត​ចាញ់​ក្រុមព្រៃវែង​អេហ្វស៊ី ៣-១។

ជាមួយគ្នានេះ ក្រុម​សាលាកីឡាបាល់​ទាត់ជាតិ បាន​រក​ឃើញការ​ឈ្នះ​ជា​លើក​ដំបូង​របស់​ខ្លួន​ហើយ បន្ទាប់ពី​ពួកគេ​បាន​លត់​ក្រុម​ខេត្តត្បូងឃ្មុំ ៤-០ កាលពី​ថ្ងៃអាទិត្យ​នោះ​ដែរ ចំណែក​​ក្រុម​បន្ទាយមានជ័យ ក៏បាន​រក​ឃើញការ​ឈ្នះ​ជាលើក​ដំបូង​របស់ខ្លួន​ផងដែរ ជាមួយ​នឹង​ការ​យក​ឈ្នះក្រុម​ណិចស្តិប​អេហ្វស៊ី ២-១ នៅលើទឹក​ដី​ខ្លួន​ឯង៕​