សហព័ន្ធ​កីឡាបាល់​ទាត់​កម្ពុជា បាន​បង្ហាញ​បញ្ជីឈ្មោះ​កីឡាករ​បឋម សម្រាប់​ដាក់​ឱ្យ​ប្រមូល​​ផ្តុំហ្វឹកហាត់ នៅ​ក្នុង​ក្រុមជម្រើសជាតិ​ក្នុងសាល ជា​ផ្លូវ​ការ​ហើយ ដើម្បី​ត្រៀម​ចូល​រួម​ការ​ប្រកួត​ពាន​រង្វាន់ក្នុង​សាល AFF Futsal Championship 2022 ដែល​នឹង​ត្រូវ​ធ្វើ នៅប្រទេស​ថៃ។

សម្រាប់​បញ្ជី​ឈ្មោះ​កីឡាករ​ជាបឋម​នេះ សហព័ន្ធ​កីឡាបាល់​ទាត់​កម្ពុជា បាន​កោះហៅ​កីឡាករ​ចំនួន​២៥​នាក់ សម្រាប់​ដាក់​ឱ្យ​ប្រមូល​ផ្តុំហ្វឹក​ហាត់ ត្រៀម​ការ​ប្រកួតពាន AFF Futsal Championship 2022​នេះ ដែលនឹង​ត្រូវ​ធ្វើការ​ប្រកួតជម្រុះ​តាមពូល នៅ​ថ្ងៃទី​៣ ខែមេសា ខាង​មុខ​នេះ។

កីឡាករទាំង​២៥​នាក់នេះ ត្រូវបាន​ជ្រើស​រើស​ចេញពី​ក្រុម​ចំនួន​៩ ដែលកំពុង​ធ្វើ​ការ​ប្រកួត​ក្នុង​សាល​​ជើងឯកថ្នាក់ជាតិ ឆ្នាំ​២០២១ ប៉ុន្តែ​នៅក្នុង​នោះ មិន​មាន​សមាជិក​ក្រុម​មហាហង្ស ដែល​ជា​ក្រុម​ជើងឯក​ឆ្នាំ​ចាស់ នោះទេ ហើយកីឡាករ​មក​ពី​​ក្រុមចំនួន​១០​ទៀត ដែល​កំពុង​​ប្រកួត​ក្នុង​សាល​ថ្នាក់ជាតិ ក៏មិនត្រូវបានជ្រើស​រើស​នោះ​ដែរ។

សម្រាប់​ការ​ប្រកួតពាន​រង្វាន់ AFF Futsal Championship 2022 នេះ ក្រុម​កម្ពុជា បាន​ឈរ​នៅពូល​A ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ​ថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង​ប្រ៊ុយណេ ចំណែក​ពូល​B មាន​វៀតណាម ទីម័រ​ខាង​កើត មីយ៉ាន់ម៉ា និង​អូស្ត្រាលី៕