ប្រធានសាកលវិទ្យាល័យកីឡាជាតិកូរ៉េ លោកសាស្រ្ដាចារ្យ Yong-Kyu Ahn និង​មន្រ្តី​អម​ដំណើរផ្សេងទៀត បាន​ធ្វើ​ដំណើរ​មក​ដល់​អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៃ​ប្រទេស​កម្ពុជា កាលពីវេលាម៉ោង២៣:៣០នាទី ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ក្រោមការ​ទទួល​ស្វាគមន៍​​យ៉ាងកក់ក្តៅ ពីសំណាក់​​លោក អ៊ុក សិទ្ធិជាតិ អគ្គនាយក អគ្គនាយកដ្ឋានកីឡា និងលោក​បណ្ឌិត ជេត ជាលី សាកលវិទ្យាធិការ សាកល​វិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ ព្រមទាំងម​ន្រ្តី និង​គ្រូ​បង្វឹក​កីឡា​មួយចំនួន​ទៀត។

សម្រាប់ការ​ធ្វើ​ទស្សនកិច្ច​មកកាន់ប្រទេស​កម្ពុជា លើកនេះ លោកសាស្រ្ដាចារ្យ Yong-Kyu Ahn និង​ប្រតិភូសាកលវិទ្យាល័យ​កីឡា​ជាតិ​កូរ៉េ នឹង​ចុះ​អនុស្សរណ:​យោគ​យល់ (MoU) ជា​មួយ​​សាកលវិទ្យា​ល័យ​ភូមិន្ទភ្នំពេញ ហើយប្រតិភូ​ទាំង​នេះ ក៏នឹង​ធ្វើ​​ទស្សន​កិច្ច​ការ​ហ្វឹកហាត់​របស់​ក្រុមជម្រើសជាតិ លើ​ប្រភេទ​កីឡា​មួយ​ចំនួនផងដែរ ដែល​គ្រោង​នឹង​ធ្វើ​ឡើង នាព្រឹក​ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ក្រោម​វត្ត​មានលោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា។

របៀប​វារៈ​សំខាន់ៗ​នៃ​កម្ម​វិធី​ចុះ​អនុស្សរណ:​យោគ​យល់​គ្នា នាព្រឹក​ថ្ងៃ​ពុធ ស្អែកនេះ នឹង​មាន​​ការ​​ថ្លែង​សន្ទរកថា ពី​លោក​បណ្ឌិត ជេត ជាលី សាកលវិទ្យាធិការ និង​លោក​សាស្រ្ដាចារ្យ Yong-Kyu Ahn ស្តីពី​ខ្លឹម​សារ នៃ​ការ​ចុះ MoU ជាមួយ​គ្នា​លើក​នេះ ហើយ​លោក ស សុខា ក៏នឹង​ថ្លែង​សន្ទរក នាពេល​នោះ​ផងដែរ។

តាម​គម្រោង​ដំណើរបេសកកម្ម​របស់​លោក​សាស្រ្ដា​ចារ្យ Yong-Kyu Ahn រយៈ​ពេល​៤​ថ្ងៃ (២១-២៤មីនា) នៅកម្ពុជា លើកនេះ គឺ​ក្រៅ​ពីការ​ចុះ​អនុស្សរណ:​យោគយល់​គ្នា លោក​សាស្ត្រាចារ្យ​ និង​ប្រតិភូ​របស់លោក ក៏​នឹង​អញ្ជើញ​ទស្សន​កិច្ច លើ​ការ​ហ្វឹក​ហាត់​របស់​ក្រុម​ជម្រើសជាតិក​ម្ពុជា លើ​ប្រភេទ​កីឡា​មួយ​ចំនួន ដូច​ជា​អត្តពល​កម្ម តេក្វាន់ដូ (WT) យូដូ នៅ​ពហុ​កីឡដ្ឋានជាតិមរតកតេជោ និង​ប្រភេទ​កីឡា​គុនដាវ និង​ប្រដាល់​សកល នៅ​សកល​វិទ្យាល័យ-វិទ្យាល័យ ទៀតផង៕