ព្រឹត្តិការណ៍​ប្រកួត​​​លីគ​​បាល់ទះ ទម្រង់​៤ស្មើ (៤នាក់ទល់​៤នាក់) នៅ​ក្នុង​ព្រឹត្តិការណ៍​បាល់​ទះ Ganzberg Special Volleyball League 2022 នឹង​ចាប់​ផ្តើម​ប្រកួត​​បើក​ឆាក​ នៅ​​ថ្ងៃ​សុក្រ និងថ្ងៃសៅរ៍ ចុង​សប្ដាហ៍​នេះ ហើយ​វាក៏ជាពេល​ ដែល​ខ្លាំងៗ ចំនួន៨ ក្នុងចំណោមក្រុមចុះ​ឈ្មោះ​ចូល​រួមប្រកួត​ទាំង​១៣ ត្រូវ​ប្រកួត​ប្រជែងគ្នា យកពិន្ទុ ជា​លើកដំបូង ផងដែរ ខណៈ​ព្រឹត្តិការណ៍នេះ គ្រោង​នឹងបញ្ចប់ នៅ​​ថ្ងៃ​ទី១៩ ខែ​សីហា ឆ្នាំ​២០២២។

វាជាលើក​ដំបូង​ហើយ ដែល​សហព័ន្ធ​កីឡាបាល់​ទះ​កម្ពុជា និងដៃ​គូសហការ​របស់​ខ្លួន បាន​រៀបចំ​ឱ្យ​មាន​ការ​ប្រកួត​លីគ​បាល់​ទះ ជា​លើក​ដំបូងនេះ ដោយ​ប្រើ​រូប​មន្ត​​ប្រកួត​៤​នាក់​ទល់​៤នាក់ ខណៈ​​ការ​ប្រកួត ៤ស្មើ កន្លង​មក ក្រុម​វិសាខា បាន​ក្លាយជា​ម្ចាស់​ជើង​ឯក ប៉ុន្តែ​នោះគ្រាន់​តែ​ជា​ការ​កម្រិត​ធម្មតា ដែលមានក្រុម​ចូល​រួម​តិច ដើម្បី​សាក​ល្បង​តែប៉ុណ្ណោះ គឺ​មិន​មែន​ជាក្របខ័ណ្ឌ​លីគ​បាល់​ទះ ដូចនៅពេលនេះទេ។

យ៉ាង​ណាមិញ សម្រាប់ការ​ប្រកួតលីគ​បាល់​ទះ ជា​លើក​ទី​១​នេះ ក៏មាន​វត្តមាន​ក្រុម​ខ្លាំង វិសាខា ចូល​រួម​ផងដែរ ខណៈ​ក្រុមចំនួន​១២​ទៀត រួម​មាន​ក្រុម​កងពលតូច​អន្តរាគមន៍​លេខ៩ ក្រុម​ Vong Plus ក្រុម​​យុវជន​ស្រុក​​ល្វាឯម ក្លិប​កីឡា​បាល់ទះ​ខេត្ត​កំពង់ស្ពឺ ក្រុម​​កីឡា​បាល់ទះ Sport KPC ក្រុម​ស្នងការ​នគរបាល​ ខេត្ត​ព្រៃវែង ក្រុម​កងពលធំ​អន្តរាគមន៍​​លេខ៣ ក្រុម​ស្នងការដ្ឋាន​នគរបាល​ខេត្ត​តាកែវ ក្រុម​នាយកដ្ឋាន​លិខិត​ឆ្លងដែន ក្រុម​​ក្រសួង​មហាផ្ទៃ ក្រុម​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ក្រុម​បាល់ទះ P.S Concrete។

នៅ​ក្នុង​ពិធី​ចាប់​​ឆ្នោត ​​នៅ​​ទីលាន​បាល់​ទះ​កីឡដ្ឋាន​ព្រីនស៍ កាល​ពីព្រឹក​ថ្ងៃ​សៅរ៍ ទី​១៩ ខែ​មីនា កន្លង​មក​នេះ លោក តែន ឡន ប្រធាន​​អនុគណៈ​កម្មការ​បច្ចេកទេស​​នៃ​ព្រឹត្តិការណ៍​ប្រកួត​នេះ ​បាន​ឱ្យ​ដឹង​​ថា ​ក្រុម​ទាំង​១៣ ដែល​បាន​ចូល​រួម នៅ​ក្នុង​ការ​ប្រកួត​​លីគ​បាល់​ទះ ៤នាក់ទល់​៤នាក់នេះ ​​ត្រូវ​ប្រកួត​គ្នា​វិលជុំ​១ជើង ​រួច​យក​​ក្រុម​​ចំណាត់​ថ្នាក់​ល្អ​ជាង​គេ​​ពី​លេខ១ ​ដល់​លេខ៤ ឡើង​ទៅ​​ប្រកួត​ខ្វែង​គ្នា ដោយ​ក្នុងនោះ ​ក្រុម​លេខ១ ត្រូវ​ជួប​ក្រុម​លេខ​៤ ហើយ​ក្រុម​លេខ២​ ជួប​ក្រុម​លេខ​៣ ដើម្បី​ដណ្តើម​កៅអី ​ឡើង​ទៅ​លេង នៅ​​វគ្គ​ផ្ដាច់​ព្រ័ត្រ។

យ៉ាងណា​មិញ សម្រាប់ការ​​​បើក​ឆាក ចំនួន​៤គូ នៅ​ថ្ងៃ​សុក្រ និងថ្ងៃសៅរ៍នេះ ការ​ជួបគ្នា​​រវាង​ក្រុម​ខ្លាំង វិសាខា និង​​ក្រសួង​មហាផ្ទៃ វា​បាន​ក្លាយ​ជា​ការ​ប្រកួត​ដ៏ទាក់ទាញ និងចាប់អារម្មណ៍មួយ ព្រោះក្រុមទាំង​២​នេះ ត្រូវ​​បាន​គេ​ចាត់​ទុក​ថា ជា​ក្រុម​លំដាប់ខ្លាំង នៅ​ស្រុក​ខ្មែរ។ កាលពីមុន ក្រុម​ក្រសួងមហាផ្ទៃ ធ្លាប់បានឈ្នះ​ពាន​ច្រើនព្រឹត្តិការណ៍ ប៉ុន្តែ​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មានឆ្នាំ​ចុង​ក្រោយនេះ ​ក្រុម​វិសាខា ដែល​មានការ​ប្រមូល​ផ្តុំ​ហ្វឹកហាត់​យ៉ាងត្រឹម​ត្រូវ​នោះ បាន​ក្លាយ​ជា​ក្រុម ដែលមាន​ភាព​លេច​ធ្លោរជាង​គេ និងតែងតែ​ឈ្នះពាន នៅរាល់​ព្រឹត្តិការណ៍ ដែលពួកគេ បាន​ចូល​រួម។

តែទោះបីជា​យ៉ាងណា សម្រាប់​ការ​ប្រកួត​លីគបាល់ទះ ជា​លើក​ដំបូង ដែលប្រើ​ទម្ងន់​៤ស្មើនេះ គេ​នៅមិនទាន់ច្បាស់ថា វិសាខា នៅតែ​អាច​ឈរ​នៅ​លំដាប់ជួរមុខ ឬ​យ៉ាងណា​នោះទេ ព្រោះ​ក្រុម​មួយចំនួន​ទៀត ដែល​បាន​ចូល​រួមក្នុង​ព្រឹត្តិការណ៍នេះ ក៏​ត្រៀមខ្លួន បានល្អ និងមានសមត្ថ​ភាព​ល្អ ក្នុងការ​ប្រកួត​ប្រជែង ផងដែរ។

ចំពោះ​ប្រាក់រង្វាន់វិញ ​ក្រុម​ដែល​​ឈ្នះ​តំណែង​ជើង​ឯក ​នឹង​ទទួល​បាន​ពាន១ មេដាយ​មាស និង​ថវិការ​២០​លាន​រៀល ហើយ​ក្រុម​ជើង​ឯក​រង ទទួល​បាន​មេដាយ​ប្រាក់ អម​ដោយ​ថវិកា​​៨លាន​រៀល ហើយ​ក្រុម​​លេខ​៣​ទទួល​​បាន​មេដាយ​សំរឹទ្ធ​ និង​​ថវិកា៤លាន​​រៀល។ ជាមួយ​គ្នា​នោះ​ ​ក៏​មាន​ការ​ដាក់​ពិន្ទុ ​​ប្រគល់​ពាន​ឯកត្តជន​ជូន​ដល់​​កីឡាករ​ឆ្នើម,​កីឡាករ​វាយ​ប្រយុទ្ធ​ល្អ​ជាង​គេ, កីឡាករ​លើក​បាល់​បាន​ល្អ​ជាង​គេ, កីឡាករ​វាយ​សេវា​ល្អ​ជាង​គេ, កីឡាករ​ធ្វើ​រនាំង​ល្អ​ជាង​គេ និង​ក្រុម​ដែល​ប្រកួត​យុត្តិធម៌​​ល្អ​ជាង​គេ ដើម្បី​ផ្តល់​ជូនជា​ពាន​តូច និង​ថវិកា​៨​សែន​រៀលដូចៗ​គ្នា៕