មន្រ្តីជំនាញ​របស់​គណៈកម្មការ​ធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​ស៊ីហ្គេម លើកទី​៣២ ឆ្នាំ​២០២៣ (CAMSOC) និង​ជា​អគ្គលេខា​ធិការ​សហ​ព័ន្ធ​កីឡា​ការ៉ាតេ​កម្ពុជា លោក វ៉ាត់ ចំរើន បាន​​អះអាង​ថា កម្ពុជា បាន​ត្រៀមខ្លួន​​រួច​រាល់​ហើយ ដើ​ម្បីធ្វើ​ជា​ម្ចាស់​ផ្ទះ​ ការ​ប្រកួត​កីឡា​ការ៉ា​តេ​​​ជ្រើស​រើស​​ជើង​ឯក​អាស៊ីអាគ្នេយ៍ ជា​លើក​ដំបូង ដែល​នឹង​បើក​ការ​​ប្រកួត​ផ្លូវការ ពី​ថ្ងៃទី​​២៥ ដល់​ថ្ងៃទី​២៧ ខែ​មីនា ឆ្នាំ​២០២២​នេះ។

សម្រាប់ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ ការ​​​ប្រកួត​កីឡាការ៉ាតេជើងឯកអាស៊ាន ជា​លើកដំបូងនេះ មាន​ប្រទេស​ចំនួន​៩ បានចូលរួម  រួម​មាន​​ប្រតិភូ​មក​​ពី​ប្រទេស​ថៃ វៀតណាម ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី ឡាវ ហ្វីលីពីន ប្រ៊ុយណេ និងកម្ពុជា ជា​ម្ចាស់​ផ្ទះ ហើយ​គិត​ត្រឹមពេល​នេះ លោក វ៉ាត់ ចំរើន បានអះអាង​ថា ប្រទេស​ជា​ភ្ញៀវ​ទាំង​៨នេះ បាន​ធ្វើ​ដំណើរ មកដល់​កម្ពុជា អស់ហើយ។

លោក វ៉ាត់ ចំរើន បាន​ប្រាប់​​ថា៖ ​«​យើង​បាន​រៀបចំ​បដិសណ្ឋារ​កិច្ច​ទទួល​ភ្ញៀវ មក​ដល់​សណ្ឋាគារ​អស់​ហើយ ដោយ​មាន​៩​ប្រទេស​ចូល​រួម រួម​ទាំង​កម្ពុជា​យើង។ ចំណែក​ការ​រៀបចំ​ទៅ​លើ​ការ​ងារ​បច្ចេក​ទេស និង​កិច្ច​ប្រជុំ​ផ្សេងៗ​ទៀត យើង​បាន​រៀបចំ ​ដំណើរ​ការ​ទៅ​ដោយ​រលូន ​ដែល​ធ្វើ​ឱ្យ​ប្រទេស​ទាំងអស់ បាន​កោត​សរសើរ​ពី​បដិ​សណ្ឋារកិច្ច និង​ការ​ទទួល​ភ្ញៀវបានល្អ​របស់​កម្ពុជា​យើង»។

ចំពោះ​​ប្រទេស​ទាំង​៩ ដែល​ត្រូវ​ចូល​រួម​ប្រកួត​ប្រជែង​គ្នា ទាំង​ទៅ​លើ​វិញ្ញាសា​សម្តែង​កាតា និង​ប្រយុទ្ធ ​នៅ​ក្នុង​ការ​ប្រកួត​កីឡា​ការ៉ាតេ​​ជ្រើស​រើស​​ជើងឯកអាស៊ាន​នេះ ត្រូវចូល​រួម​​ប្រជុំបច្ចេក​ទេស ​ការ​ថ្លឹង​ទម្ងន់ និង​ការ​ចាប់​ឆ្នោត នៅ​​ថ្ងៃ​ពុធ និងថ្ងៃព្រហស្បតិ៍​នេះ ហើយការ​ហ្វឹកហាត់សម នៅ​លើ​ទីលាន​ ដែល​ត្រូវ​ប្រកួត របស់​ក្រុមអត្តពលិក មក​ពី​បណ្តា​ប្រទេស​ទាំង​នេះ ក៏នឹងត្រូវ​ធ្វើឡើង​​ផងដែរ។

លោក វ៉ាត់ ចំរើន បានបន្ថែម​ថា៖ «​នៅ​ថ្ងៃ​ពុធ​នេះ យើងនឹង​ប្រជុំ​ជាមួយ​ថ្នាក់ដឹកនាំ​ទាំង​អស់ នៅ​ក្នុងអាស៊ីអាគ្នេយ៍ ហើយ​នៅ​ថ្ងៃ​ទី​២៤ ខែមីនា យើងចាប់ផ្តើម​ថ្លឹង​ទម្ងន់ និងចាប់​ឆ្នោត ហើយ​យើងនឹងចាប់​ផ្តើម​ប្រកួត ពី​ថ្ងៃទី​២៥ ដល់​ថ្ងៃទី​២៧ ខែមីនា ដោយ​ព្រឹត្តិការណ៍នេះ មាន​​កីឡាករ កីឡាការិនី និង​ប្រតិភូ​ ជិត​២០០​នាក់ ដែល​កំពុងរៀបចំ​​ជាមួយ​​ចៅ​ក្រម និង​អាជ្ញា​កណ្តាល​​អន្តរជាតិ»។

សម្រាប់ការ​ប្រកួត​​កីឡា​​ការ៉ាតេ​​​ជ្រើស​រើស​​ជើងឯកអាស៊ាន ជា​លើក​​ដំបូង ដែល​​ត្រូវ​​ធ្វើ នៅ​​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​កា​រ៉ា​តេ ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​​នេះ វាជា​ពេល​វេលា​​ដ៏​សំខាន់ ដែល​​មន្រ្តីជំនាញ​របស់សហព័ន្ធ​កីឡា​ការ៉ាតេកម្ពុជា ជា​ពិសេស​មន្ត្រី​បច្ចេក​ទេស​របស់ CAMSOC ត្រូវតេស្ត​​ចំណេះ ជំនាញ​របស់​ខ្លួន ថា​តើ​ពួកគេ ​រៀបចំ​ការ​ប្រកួត​នេះ​​​បាន​​ល្អកម្រិតណា នៅមុន​ការ​ឈាន​ទៅ​រៀបចំការ​ប្រកួតស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ហើយ​ក៏ជា​ពេល​ដែល​ក្រុម​ជម្រើសជាតិ​ការ៉ាតេ បង្ហាញ​សមត្ថ​ភាព ​ប្រកួត​ប្រជែង​ជាមួយ​បណ្តា​ប្រទេស​ទាំង​៨​នេះ​ផងដែរ។

លោក វ៉ាត់ ចំរើន បាន​បញ្ជាក់​​ថា៖ ​«ការ​ប្រកួត​កម្រិត​អាស៊ីអាគ្នេយ៍នេះ ជា​ការវាស់ស្ទង់​សមត្ថភាព​​មួយ​ដ៏សំខាន់ ព្រោះ​តាម​រយៈការ​ប្រកួត​នេះ ​យើង​​អាច​​វិនិច្ឆ័យទៅលើចំណុច​ខ្លាំង និង​ចំណុច​ខ្សោយ​របស់​យើង ដើម្បី​ធ្វើការកែ​លំអ ឆ្ពោះទៅកាន់ស៊ីហ្គេម ឆ្នាំ​២០២៣ អ៊ីចឹង​អ្វី​ៗ ​ដែល​​យើង​ធ្វើ​នៅ​ពេល​នេះ យើង​បាន​កំណត់​​​ថា យើង​ត្រូវ​​ធ្វើឱ្យបានល្អប្រសើរ ហើយ​ស្រប​តាម​​​បរិបទ​កូវីដ​១៩ ដែល​យើង​ត្រូវ​បិទ​​ខ្ទប់ ឬ​​ត្រួត​ពិនិត្យ ​ទៅ​លើ​ប្រតិភូ​​ទាំងអស់ ដែលបាន​ចូលរួម ដើម្បី​​ឱ្យមានសុវត្ថិភាព​ទាំង​អស់​គ្នា»៕