ក្រុម​ជម្រើសជាតិ​ហ្វុតសាល​កម្ពុជា ដែលទើបបានប្រមូល​ផ្តុំ​នោះ នឹង​ត្រូវ​ប្រកួត​​មិត្ត​ភាព​​​ដក​ស្រង់បច្ចេក​ទេស​ ជាមួយ​ក្រុម The Blue Warriors នៅ​មជ្ឈមណ្ឌលកីឡា ដឹប្លូស្ពតអារីណា នា​ល្ងាចម៉ោង៦ល្ងាច ថ្ងៃ​ពុធនេះ ដើម្បី​ត្រៀម​ខ្លួន ​ចូល​រួម​ការ​​​​ប្រកួត​ពាន​រង្វាន់ក្នុង​សាល AFF Futsal Championship 2022 ដែល​នឹង​ត្រូវ​ធ្វើ នៅ​ប្រទេស​ថៃ។

នេះជា​ការ​​ប្រកួត​មិត្ត​ភាពដក​ស្រង់បច្ចេកទេស លើក​ដំបូង​របសើ​ក្រុមជម្រើសជាតិ​ហ្វុត​សាល​កម្ពុជា បន្ទាប់ពី​ក្រុម​មួយនេះ ត្រូវបាន​ប្រកាស​ឱ្យប្រមូល​ផ្តុំ កាលពី​ថ្ងៃ​ចន្ទ​កន្លង​មកនេះ ហើយ​​បញ្ជី​ឈ្មោះ​ជាបឋម​នេះ មាន​កីឡាករ​ចំនួន​២៥នាក់ មក​ពី​ក្លិប​ចំនួន​៩ ដែល​កំពុង​ប្រកួត​ប្រជែង នៅ​ក្នុង​ការ​ប្រកួត​ ពាន​​រង្វាន់​បាល់ទាត់​ក្នុង​សាលថ្នាក់ជាតិ ប្រចាំ​ឆ្នាំ​២០២១ នៅ​​មជ្ឈ​មណ្ឌលកីឡា ដឹប្លូស្ពតអារីណា នេះ​តែ​ម្តង។

ចំណែក​ក្រុម The Blue Warriors ដែល​ត្រូវ​ប្រកួត​មិត្ត​ភាព​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ហ្វុតសាល នាល្ងាច​ថ្ងៃនេះ គឺ​ជា​ក្រុម​ដ៏​ខ្លាំង ដែល​មិនទាន់​បានស្គាល់​ការ​ចាញ់​សោះ នៅ​ក្នុងការ​ប្រកួត ពាន​​រង្វាន់​បាល់ទាត់​ក្នុង​សាលថ្នាក់ជាតិ ឆ្នាំ​២០២១នេះ ដោយ២​ប្រកួត​កន្លង​មកនេះ​ពួក​គេ បាន​លត់​ក្រុ​ម Young Fighter FC ២០-៣ និង​បន្ត​បំបាក់ក្រុម​ Beggar FC ១២-៣ ដើម្បី​ឈរ​នៅពូល​D។

តែទោះបីជា​យ៉ាង​ណា កម្រិត​លេង​របស់​ក្រុម The Blue Warriors អាច​នឹង​មានការ​ថមថយ​ខ្លះ សម្រាប់​ការ​ប្រកួតមិត្ត​ភាពជាមួយក្រុមជម្រើសជាតិ​ហ្វុតសាល នៅ​ថ្ងៃ​នេះ ព្រោះ​កីឡាករ​សំខាន់​របស់ពួកគេ​ រហូត​ដល់​៥នាក់ រួម​មាន​កីឡាករ គន្ធ លន់ដារ៉ូត, កែវ ផាតួ, កែវ សុចិត្រា, តុង ច័ន្ទមុន្នី, អុល ច័ន្ទបូរ៉ា នឹងត្រូវចូល​រួម​ជាមួយក្រុមជម្រើសជាតិ ដើម្បី​ប្រកួត​ប្រឆាំង​​ជាមួយពួកគេ​វិញ។

យ៉ាង​ណា​ក៏ដោយ នេះ​គ្រាន់តែ​ជា​ការ​ប្រកួតដកស្រង់បច្ចេក​ទេស ដើម្បី​ពង្រឹង​សមត្ថ​ភាព​របស់​ក្រុម​ជម្រើសជាតិហ្វុតសាល​កម្ពុជា ត្រៀម​ចូល​រួម​​ការ​ប្រកួតពាន​រង្វាន់ AFF Futsal Championship 2022 ដោយ​ក្រុម​កម្ពុជា ​ឈរ​នៅពូល​A ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ​ថៃ ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង​ប្រ៊ុយណេ ចំណែក​ពូល​B មាន​វៀតណាម ទីម័រ​ខាង​កើត មីយ៉ាន់ម៉ា និង​អូស្ត្រាលី ហើយការ​ប្រកួតជម្រុះតាមពូល​នេះ នឹង​ចាប់​ដំណើរ​ការ នៅ​ថ្ងៃទី​៣ ខែមេសា ខាងមុខ​នេះ៕