បរទេស៖ ខ្សែបម្រើ-ការពារក្រុមញញួរធំ West Ham កីឡាករ Declan Rice មានបំណងចង់ចូលរួមជាមួយក្លឹប Chelsea នៅរដូវក្តៅនេះជាជាង ផ្លាស់ទៅកាន់ Man. Utd បើទោះបីជាក្លឹបដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍កំពុងមានបញ្ហាដ៏ចម្រូងចម្រាសជាមួយរដ្ឋាភិបាលចក្រភពអង់គ្លេសដោយតាមការចុះផ្សាយរបស់ Evening Standard។
ក្រុមជើងឯកChampion League បច្ចុប្បន្នកំពុងជួបនិងបញ្ហាមិនច្បាស់លាស់ក្រោយពីទទួលការដាក់ទណ្ឌកម្មលើម្ចាស់ក្លឹប មហាសេដ្ឋីលោកRoman Abramovich ខណៈក្រុមតោខៀវត្រូវរង់ចាំមើលលទ្ធផលថាតើពួកគេនិងមានសិទ្ធិនាំយកកីឡាករចំណូលថ្មីមករួមក្រុមនៅរដូវក្តៅនេះដែរឬយ៉ាងណា។ សម្រាប់អនាគតរបស់ Rice នៅក្លឹប West Ham នៅតែជាទីចាប់អារម្មណ៏សម្រាប់ក្លឹបធំៗ ក្រោយពីកីឡាករអន្តរជាតិអង់គ្លេសរូបនេះ បានបង្ហាញទម្រង់លេងគួរអោយចាប់អារម្មណ៏ដោយបានជួយក្រុមឈានទៅវគ្គ ១/៤ ផ្តាច់ព្រ័ត្រ Europa League ។កីឡាករវ័យ ២៣ ឆ្នាំរូបនេះរកបានគ្រាប់បាល់៤គ្រាប់ និង assists ៤ដងក្នុងការបង្ហាញខ្លួន ៣៨ លើក ក្នុងរដូវកាលនេះ ខណៈRice ត្រូវបានWest Hamទិញពី Chelsea តាំងពីរូបគេនៅមានវ័យត្រឹមតែ១៤ ឆ្នាំ។
West Ham មានចេតនាចង់រក្សាកីឡាករឆ្នើមរបស់ពួកគេបន្តលេងនៅទឹកដី London Stadium យូរឆ្នាំទៀត ប៉ុន្តែ កាលពីពេលថ្មីៗនេះក្លឹបក៏បានសម្រេចដាក់តម្លៃខ្លួនលក់ Rice ប្រមាណ១៥០ លានផោនសម្រាប់ក្លឹបដែលចង់បានរូបគេ ។ បច្ចុប្បន្ន Rice មានកុងត្រាជាមួយក្លឹបនៅមានសុពលភាព ជាងពីរឆ្នាំទៀតនៅឯ កីឡដ្ឋាន London Stadium៕
ប្រភពព័ត៍មាន៖ Sportsmole