ព្រឹត្តិការណ៍ប្រកួត​អន្តរជាតិ ដែល​បាន​ខក​ខានរៀបចំ​ឱ្យមាន​ឡើង នៅកម្ពុជា ​អស់​រយៈពេល​ជិត​២​ឆ្នាំ ដោយ​សារ​វិបត្តិ​នៃជំងឺ​កូវីដ១៩​នោះ នឹង​ត្រូវបាន​រៀបចំ​ឱ្យមាន​ឡើង​វិញ និង​មាន​ទ្រុងទ្រាយធំ ​ នៅ​ក្នុង​ព្រឹត្តិការណ៍​គុនខ្មែរ​អលស្តារ​វគ្គ៣ (Kun Khmer All Star 3) នា​ព្រលប់​ថ្ងៃ​សុក្រ​នេះ។

ជាមួយការ​បើកឱ្យមានការ​ប្រកួត​លក្ខណៈ​អន្តរជាតិ​ដ៏ធំ សារជាថ្មី​នេះ កីឡាករ​ជើង​ខ្លាំង​របស់​កម្ពុជាចំនួន​៦នាក់ រួម​មាន ធឿន ធារ៉ា, អេលីត សុខហ៊ុច, អេលីត សាន់, អេលីត សម្ភស្ស, គង់ សំបូរ និង ម៉ាលី អូប៉ បាន​ត្រៀម​ខ្លួន​រួចជា​ស្រេច ដើម្បី​វ៉ៃ​ជាមួយ​អ្នកប្រយុទ្ធ​របស់​ថៃ ទាំង​៦​នាក់ នៅ​យប់នេះ។

លោក ស៊ន អេលីត ស្ថាបនិក​បង្កើត​កម្ម​វិធី គុនខ្មែរអលស្តារ នេះ អះអាង​ថា បេក្ខភាព​ទាំង​៦​នាក់​នេះ សុទ្ធ​តែ​ជា​អ្នកមាន​សមត្ថ​ភាពល្អ ក្នុង​នោះ​ក៏មាន​អ្នក​ធ្លាប់ឈ្នះបាន​ខ្សែ​ក្រវាត់ ផងដែរ ហើយ​ប្រតិភូ​កីឡាករ​ថៃ​ទាំង​នេះ បាន​ធ្វើ​ដំណើរ​មក​ដល់​កម្ពុជា ជាង​១សប្តាហ៍​មកហើយ ដោយអ្នកទាំង​នេះ បាន​ថ្លឹង​ទម្ងន់ ជាមួយ​កីឡាករ​កម្ពុជា​ទាំង​៦នាក់រួច​រាល់ កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ម្សិលមិញ។

សម្រាប់ការ​ប្រកួតនេះ ​ជើង​ខ្លាំងរបស់​កម្ពុជា ធឿន  ធារ៉ា នឹង​ត្រូវដាក់ឱ្យប្រកួត នៅ​គូ​ទី​៩​ចុងក្រោយ​គេ ជាមួយ​អ្នកប្រដាល់​របស់​ថៃ Yod Khunphon ហើយ​សម្រាប់ជំនួបនេះ ធឿន ធារ៉ា បាន​និយាយ​ថា៖​ «​ខ្ញុំ​ធ្លាប់​ឃើញ​ការ​ប្រកួតដៃគូ​របស់ខ្ញុំ បាន​ម្តង​ តែ​យូរដែរ​ហើយ ដោយ​ឃើញ​ថា គាត់​ល្អទាត់ និងដៃ តែទោះបីជា​យ៉ាង​ណា ក្បាច់​វ៉ៃ ខ្ញុំមានគ្រប់​គ្រាន់​អស់​ហើយ ហើយ​ខ្ញុំ​ក៏បាន​ពង្រឹងកម្លាំងសុហ្វ បានល្អ​ផងដែរ អ៊ីចឹងការប្រកួតនេះ ខ្ញុំ​នឹង​ខំប្រឹង​ឱ្យ​អស់ពីសមត្ថភាព ធានាថា នឹង​ល្អមើល»។

ចំណែក គង់ សំបូរ ត្រូវ​ដាក់​ឱ្យ​ប្រកួតជាមួយ​ថៃ Chhnas Soek នៅ​ក្នុង​គូ​ទី​៥​ ហើយ​សម្រាប់ជំនួប​នេះ សំបូរ បាន​និយាយ​ថា៖ «​ខ្ញុំ​បាន​បុក​ហាត់​​ខ្លាំង ចំនួន​៣​សប្តាហ៍​ពេញ ដោយ​ខ្ញុំ​​ហាត់​ច្រើន ទៅ​លើ​ការ​ទាត់ និងកែង ហើយ​សម្រាប់​ការ​ប្រកួត​៣ទឹក​នេះ ខ្ញុំ​នឹង​ប្តូរ​ផ្តាច់​ឱ្យ​អស់ពី​សមត្ថ​ភាព តែ​អាវុធ​ ដែល​ខ្ញុំ​នឹង​ប្រើ​ខ្លាំង​ជាង​គេ គឺកែង​​តែម្តង»។

យ៉ាង​ណា​មិញ កីឡាករ ម៉ាលី អូប៉ ដែល​ត្រូវជួប​ថៃ Phet Siri នោះ បាន​និយាយ​ថា៖ ​«​ខ្ញុំបាន​ប្រឹងប្រែង​ហ្វឹកហាត់ពេញ​គ្រប់​ផ្នែក១០០​ភាគ​រយ ហើយ​ខ្ញុំនឹង​​​វ៉ៃ​​បុក​​​តែ​ម្តង។ ខ្ញុំ​អត់​ខ្លាច​នោះ​ទេ ព្រោះ​ពីមុនក៏​ខ្ញុំ​វាយ​បុក​ដែរ ហើយ​ពេលនេះ ខ្ញុំ​មានកម្លាំង​ពេញ​​វិញ​ហើយ អ៊ីចឹង​ខ្ញុំ​នឹង​ខំប្រឹ​វ៉ៃ​ឱ្យអស់ពី​លទ្ធភាពរបស់​ខ្ញុំ ដើម្បី​ឱ្យ​បង​ប្អូនពេញ​ចិត្ត និង​ល្អ​មើល»។

ជាមួយគ្នានេះ អ្នក​លេងស្នៀតជើង អេលីត សុខហ៊ុច នឹងត្រូវ​ប្រកួត​ជាមួយ​អ្នកប្រយុទ្ធរបស់​ថៃ Chhlam Nouk ក្នុងគូ​ទី​៨ ហើយ​កីឡាករ​វាយមិន​ដកថយ អេលីត សាន់ ត្រូវ​ជួប​ថៃ Moengkan York ក្នុងលំដាប់គូ​ទី​៧ ចំណែក​កីឡាករ​ប្រដាល់​ជម្រើសជាតិ អេលីត សម្ភស្ស (វី សុភ័ស្ស) ​ត្រូវ​ដាក់​ឱ្យ​ប្រកួត​សកល ជាមួយ​​ម្ចាស់​ខ្សែ​ក្រវាត់ M150 របស់​ថៃ PhiPhat Chhayphoum ក្នុង​ទម្ងន់​៦៥​គីឡូក្រាម។ បន្ថែម​លើនេះ ក៏​មានការ​ប្រកួត «គូពន្លក​គុនខ្មែរ» រវាង​កីឡាករ​ក្មេងៗ មាន​ទម្ងន់ស្រាល ចំនួន​៣គូទៀត​ផងដែរ៕

គូ​ទី​៩ ម្ចាស់ពូថៅ​ពិឃាត ធឿន ធារ៉ា ជួប​ថៃ យ៉ត ឃុនភុន (Yod Khunphon)

គូ​ទី​៨ អេលីត សុខហ៊ុច ជួប​ថៃ  ឆ្លាមនុក (Chhlam Nouk)

គូទី​៧ គីកុងកំណាច អេលីត សាន់ ជួប​ថៃ មឹងកន យ៉ុក (Moengkan York)

គូទី​៤ ម៉ាលី អូប៉ ជួប​ថៃ ផេត សិរី (Phet Siri)​

គូ​ទី​៦ អេលីត សម្ភស្ស ជួប​ម្ចាស់​ខ្សែ​ក្រវាត់ M150 ភីផាត់ ឆាយភូម (PhiPhat Chhayphoum) ទម្ងន់​៦៥​គីឡូក្រាម ប្រដាល់​សកល

គូ​ទី​៥ គង់ សំបូរ ជួប​ថៃ ឆ្នាស់ សឹក (Chhnas Soek)

គូពន្លក​គុនខ្មែរ ឆន់ បុរី ជួប ឆូយ សុថាប់ និង ចាំ សិលា ប៉ះ រិទ្ធ ទេវតា ព្រមទាំង​ការជួបគ្នា​រវាង សូដា សុភា និង ផាន់ រក្សា

គង់ សំបូរ បាន​និយាយ​ថា៖​ «​ខ្ញុំ​បាន​បុក​ហាត់​​ខ្លាំង ចំនួន​៣​សប្តាហ៍​ពេញ ដោយ​ខ្ញុំ​​ហាត់​ច្រើន ទៅ​លើ​ការ​ទាត់ និងកែង ព្រោះ​ការ​ប្រកួត​ជាមួយ​ថៃ យើង​ផ្តោតខ្លាំង​ទៅលើ​ស្នៀត​ទាំ​ង​២​នេះ ហើយដោយសារ​យើង​ប្រកួត​តែជាមួយតែ​​ខ្មែរ​គ្នា​ឯងយូរមក​​ហើយ​នោះ អ៊ីចឹង​ពេល​បាន​ប្រកួត ជាមួយ​កីឡាករ​បរទេស​វិញ វា​មានអារម្មណ៍​​ប្លែក ហេតុ​នេះខ្ញុំនឹង​ធ្វើ​ឱ្យ​អស់​ពី​សមត្ថ​ភាព​ដោយ​ខ្ញុំ​គិត​ថា ការ​ប្រកួត​៣ទឹក​នេះ ខ្ញុំ​នឹង​ប្តូរ​ផ្តាច់​ឱ្យ​អស់ពី​សមត្ថ​ភាព តែ​អាវុធ​ ដែល​ខ្ញុំ​នឹង​ប្រើ​ខ្លាំង​ជាង​គេ គឺកែវ​តែម្តង»។

ធឿន ធារ៉ា បាន​និយាយ​ថា៖​ «​ខ្ញុំ​សប្បាយ​ចិត្ត ដែល​បាន​ចូល​រួមការប្រកួត ក្នុង​កម្ម​វិធី​គុនខ្មែរ​អល​ស្តារ​វគ្គ៣នេះ ដោយ​ខ្ញុំ​បាន​ហ្វឹកហាត់​ត្រៀម​ខ្លាំង ចំណែក​ដៃគូ​របស់ខ្ញុំ គឺ​ខ្ញុំ​ធ្លាប់​ឃើញ​ការ​ប្រកួត​គាត់​បាន​ម្តង​ តែ​យូរដែរ​ហើយ ដោយ​ឃើញ​ថា គាត់​ល្អទាត់ និងដៃ។ តែទោះបីជា​យ៉ាង​ណា ក្បាច់​វ៉ៃ ខ្ញុំមានគ្រប់​គ្រាន់​អស់​ហើយ ហើយខ្ញុំក៏បាន​ពង្រឹងកម្លាំងសុហ្វ បានល្អ​ផងដែរ អ៊ីចឹងការប្រកួតនេះ ខ្ញុំ​នឹង​ខំប្រឹង​ឱ្យ​អស់ពីសមត្ថភាព ធានាថា នឹង​ល្អមើល»។

ម៉ាលី អូប៉ បាន​និយាយ​ថា៖ ​«​ខ្ញុំបាន​ប្រឹងប្រែង​ហ្វឹកហាត់ពេញ​គ្រប់​ផ្នែក១០០​ភាគ​រយ ហើយ​ការ​ទទួលបាន​ឱកាស​ប្រកួត​នៅក្នុងកម្ម​វិធី​គុនខ្មែរ​អលស្តារ ជា​លើក​ដំបូង​នេះ គឺ​ខ្ញុំ​ទៅដល់​វ៉ៃ​បុក​យក​តែ​ម្តង។ ខ្ញុំ​អត់​ខ្លាច​នោះ​ទេ ព្រោះ​ពីមុនក៏​ខ្ញុំ​វាយ​បុក​ដែរ ហើយ​ពេលនេះ ខ្ញុំ​មានកម្លាំង​ពេញ​​វិញ​ហើយ អ៊ីចឹង​ខ្ញុំ​នឹង​ខំប្រឹ​វ៉ៃ​ឱ្យអស់ពី​លទ្ធភាពរបស់​ខ្ញុំ ដើម្បី​ឱ្យ​បង​ប្អូនពេញ​ចិត្ត និង​ល្អ​មើល»។