ខ្លារខិនខ្មៅ ឡុង ជិន បាន​ប្តេជ្ញាយក​ការ​ប្រកួត​បើក​ឆាក​ជាមួយ​ដៃគូ​ចាស់ កំពែង ខ្មៅ ក្នុង​វគ្គជម្រុះ​ដណ្តើមពានមាស នៅលើសង្វៀន​ថោន នា​ថ្ងៃ​អាទិត្យនេះ ជាពេលដែល​រូបគេ​ត្រូវ​​ស្តារ​កិត្តិយស​ឡើងវិញ ចំណែក​​បេក្ខភាព​ឈរ​នៅពូល​Bជាមួយគ្នា វៀត ប៊ុនឌឿន ក៏​បាន​បង្ហាញ​ពីមហិច្ឆតា ក្នុងការ​ប្រជែង​យក​ពានមាស រដូវ​កាល​ទី​២​ នេះផងដែរ ខណៈ​រដូវ​កាល​ទី​១ ឈុត សេរីវ៉ាន់ថង ជា​ម្ចាស់ពានមាស។

 

សម្រាប់ការ​ប្រកួត​បើក​ឆាក​រវាង​បេក្ខភាព​ទាំង​៤​នាក់ នៅ​ពូល​B នា​រសៀល​ថ្ងៃអាទិត្យ​នេះ កីឡាករ ឡុង ជិន នឹងត្រូវ​ប្រកួត​បើក​ឆាក​ជាមួយអ្នកប្រដាល់ កំពែង ខ្មៅ ហើយការ​ប្រកួតនេះ ឡុង ជិន បាន​ប្តេជ្ញាចិត្ត​ យកការ​ប្រកួត​នេះ ដើម្បី​ស្តារ​កិត្តិយស ចំពោះ​ការ​ធ្លាក់​ចុះ​នូវ​គុណ​ភាព​ប្រកួត នាពេល​ថ្មីៗ កន្លងមក​នេះ ដែល​ភាគ​ច្រើន ចាញ់​ដោយសន្លប់។

ឡុង ជិន បាន​និយាយ​​ថា៖ ​«ខ្ញុំ​ធ្លាប់បានជួបបង កំពែង ខ្មៅ ម្តង​ហើយ ដោយគាត់ជា​កីឡាករ​ល្អធន់ និង​មាន​ចិត្តស៊ូ ហើយសម្រាប់​ការ​ជួបគ្នា​លើកនេះ អាច​នឹងមានការពិបាក ព្រោះ​គាត់​បាន​និយាយ​ថា ត្រូវ​ដាក់​ចិត្ត​ហាត់ ដើម្បី​វ៉ៃ​​ឱ្យបានខ្លាំងជាងមុន។ តែ​ទោះបីជា​យ៉ាងណា នៅ​ថ្ងៃអាទិត្យនេះ ខ្ញុំ​នឹង​ខំ​ប្រឹង​ស្តារ​​កិត្តិយស​របស់ខ្ញុំ ​ឡើង​វិញឱ្យ​​បាន ព្រោះជា​វគ្គ​សំខាន់ ទាមទារ​​យក៣ពិន្ទុ ដើម្បី​អាច​បាន​ឡើង​ទៅ​ដណ្តើមពាន»។

យ៉ាង​ណា​មិញ កីឡាករ វៀត ប៊ុនឌឿន នឹង​ត្រូវប្រឈម​ជាមួយ​កីឡាករ​ជម្រើស​ជាតិ​ប្រដាល់​​កម្ពុជា អ៊ូច ធារិទ្ធ នា​ថ្ងៃបើក​ឆាក​នេះ ហើយនៅមុនការ​ប្រឈម​មុខដាក់​គ្នា​នេះ វៀត ប៊ុនឌឿន បានសរសើរ​ទៅដល់ អ៊ូច ធារិទ្ធ ថា ជា​កីឡាករ​ល្អម្នាក់ ដែលអាច​វាយ​បានគ្រប់​ក្បាច់។

កីឡាករ​ល្អ​កែង វៀត ប៊ុនឌឿន បាន​និយាយ​ថា៖ «អ៊ូច ធារិទ្ធ ជា​កីឡាករ​ល្អ​ម្នាក់ ដោយ​គាត់ល្អឡាំ​ជង្គង់ ហើយជង្គង់ ម៉ាត់ និងកែង គាត់​ចេះទាំង​អស់ ចំណែកការ​ជួបគាត់ ជា​លើក​ដំបូង​នេះ សម្រាប់ខ្ញុំ​ធម្មតាៗ​ទេ គឺ​មិន​តឹង​ប៉ុន្មាន ហើយក៏មិនងាយពេក​នោះ​ដែរ ប៉ុន្តែ​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្ញុំ មានតែ​ប្រឹងប្រែងហ្វឹកហាត់ ដើម្បី​យក​៣ពិន្ទុដំបូង ព្រោះ​គោល​ដៅ​​របស់ខ្ញុំ ក៏​ចង់​បានពាន​មាសដូចគ្នាដែរ»។

តាម​រយៈការ​បង្ហាញ​ពីមហិច្ឆតានេះ ប៊ុនឌឿន ត្រូវ​បានគេ​មើល​ឃើញ​ថា មាន​សមត្ថ​ភាព​ខ្លាំង ព្រោះសូម្បី​តែ​កីឡាករ​វ័យ​ក្មេង​កំពុង​ឡើង​ជើង​​ខ្លាំង សូត្រ វាសនា ក៏​ត្រូវ វៀត ប៊ុនឌឿន ម៉ាត់​ឱ្យសន្លប់ ក្នុងទឹក​ទី​២ កាលពី​សប្តាហ៍មុន​ផងដែរ ខណៈ សូត្រ វាសនា នេះ គឺ​ជា​​ម្ចាស់ជើងរង រដូវកាលទី​១ ដោយ​រូបគេ​បាន​ឈ្នះ​គ្រប់ការ​ប្រកួតទាំងអស់ តែ​បានចាញ់  ឈុត សេរីវ៉ាន់ថង នៅវគ្គ​ផ្តាច់​ព្រ័ត្រ។

ជាមួយ​ហេតុផលនេះ វៀត ប៊ុនឌឿន អាច​នឹងមានភាគ​រយ​ច្រើនគួរសម ក្នុង​ការ​ប្រជែងយក​ឱ្យ ឡើង​ទៅវគ្គ​បន្ត ជាមួយបេក្ខភាព ឈរ​នៅពូល​A ដែល​បាន​ប្រកួតបើក​ឆាក​រួច​ហើយ ដោយ​ក្នុង​នោះ កីឡាករ អេលីត ចំរើន បាន​ទាត់ រឿម វណ្ណៈ ឱ្យខូចជើង នៅ​ត្រឹម​ទឹក​ទី​២ ហើយ ធន់ អៀនឡៃ ក៏​បានម៉ាត់ឱ្យ ពុទ្ធ សំបូរ សន្លប់ នៅទឹកទី​២ដូចគ្នា៕