បរទេស៖ ក្រុមបាល់ទាត់ជម្រើសជាតិកាណាដា បានឈ្នះកៅអីទៅលេងក្នុងព្រឹត្តិការណ៍ World Cup ជុំផ្តាច់ព្រ័ត្រ ជាលើកទី២ កាលពីថ្ងៃអាទិត្យ ក្រោយពីបានផ្តួលក្រុមបាល់ទាត់ជម្រើសជាតិហ្សាម៉ាអុីក ក្នុងលទ្ធផល ៤-០ ដើម្បីកក់សំបុត្ររបស់ពួកគេទៅកាន់ប្រទេសកាតា និងបញ្ចប់ការបរាជ័យ និងការខកចិត្តអស់រយៈពេល៣៦ឆ្នាំ។
ក្រោយពីខកខានក្នុងការឈ្នះសិទ្ធិទៅលេងជុំផ្តាច់ព្រ័ត្រ ក្រោយពីចាញ់ក្រុមជម្រើសជាតិកូស្តារីកា ក្នុងលទ្ធផល ១-០ កាលពីថ្ងៃព្រហស្បតិ៍ កាណាដា បានវិលត្រឡប់ទៅផ្ទះវិញ ជាមួយនឹងគោលដៅថ្មី និងឱកាសដើម្បីបំពេញការងាររបស់ខ្លួននៅពីមុខអ្នកគាំទ្រដ៏ច្រើនកុះករ ដែលកំពុងគ្រវីទង់ជាតិពណ៌ក្រម នាកីឡដ្ឋាន BMO Field។
ពួកគេមិនបានខ្ជះខ្ជាយឱកាសលើកទី២របស់ខ្លួនឡើយ ខណៈដែលកីឡាករ Cyle Larin និង Tajon Buchanan បានស៊ុតបាល់បំប៉ោងសំណាញ់ទីដូចគ្នា នៅតង់ទី១ ហើយ Junior Hoilett បានបន្ថែម១គ្រាប់ទៀតនៅតង់ទី២ មុននឹងការធ្វើឲ្យបាល់ចូលទីខ្លួនឯងរបស់ Adrian Mariappa បានបំពេញជ័យជម្នះសម្រាប់ក្រុមម្ចាស់ផ្ទះតែម្តង។ ក្រុមជម្រើសជាតិកាណាដា នឹងទៅលេងក្នុងព្រឹត្តិការណ៍ World Cup ជាលើកទី១ បើគិតចាប់តាំងពីឆ្នាំ១៩៨៦ នៅប្រទេសម៉ិកស៊ិក ដែលកាលនោះ ពួកគេបានរងបរាជ័យរាល់ការប្រកួតក្នុងពូលទាំង៣លើក និងមិនបានស៊ុតបាល់បញ្ចូលទីសូម្បីតែ១គ្រាប់៕
ប្រភពព័ត៌មាន៖ Channel News Asia