ក្រុមអត្តពលិក​កីឡាការ៉ាតេកម្ពុជា បាន​បង្កើត​នូវ​កំណត់​ត្រា​ដ៏​ល្អ​បំផុត ដែល​គ្រប់​គ្នា​ស្ទើរ​តែ​មិនចង់​ជឿ ខណៈ​ពួកគេ អាច​ដណ្តើមបាន​ទាំង​មេដាយមាស ប្រាក់ និង​សំរឹទ្ធសរុប​ចំនួន​៧ ហើយ​អាច​ឈរ​នៅក្នុង​​ចំណាត់លេខ​៤ ក្នុងចំណោម​ប្រទេស​ចូលរួមប្រកួត​ទាំង​៩ ក្នុងតំបន់​អាស៊ាន​នោះ។

ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ ការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី៩ (The 9th  South East Asian Karate Championship) ឆ្នាំ២០២២ ជា​លើក​ដំបូង​នេះ ក្រុម​អត្តពលិក​ការ៉ាតេ​កម្ពុជា មិន​បាន​ធ្វើ​ឱ្យ​កម្ពុជា​ បាក់​មុខ​នោះ​ទេ ដោយ​ពួក​គេ អាច​ដណ្តើម​បាន​មេដាយមាស​១ ប្រាក់​១ និងសំរឹទ្ធចំនួន​៥ ដែល​លទ្ធផល​នេះ ត្រូវ​បាន​ថ្នាក់​ដឹកនាំ​សហព័ន្ធ​កីឡា​ការ៉ាតេ​កម្ពុជា ចាត់​ទុក​ថា ជា​ជោគ​ជ័យ​ដ៏សំខាន់ ដែល​យើងមិននឹក​ស្មាន​ដល់ថា អាច​កើត​មាន​។

លោក សាមឺឌី ស៊ីវឌ្ឍនា អនុប្រធានទី៣ សហព័ន្ធកីឡាការ៉ាតេអាស៊ីអាគ្នេយ៍ និង​ជា​អនុ​ប្រធាន​សហព័ន្ធកីឡាការ៉ាតេកម្ពុជា បាន​ថ្លែង ក្រោយ​បញ្ចប់​ការ​ប្រកួត កាលពី​ថ្ងៃ​អាទិត្យ ម្សិលមិញ​ថា៖ «ខ្ញុំនិយាយតាម​ត្រង់ ខ្ញុំមិននឹកស្មានថា កីឡាករ​កីឡាការិនី​កម្ពុជា​យើង​បាន​ឈ្នះ​មេដាយ​​ផង ដោយ​យើង​បាន​ដាក់​ក្តី​សង្ឃឹម​ថា បាន​ត្រឹម​មេដាយ​សំរឹទ្ធ​ប៉ុណ្ណោះ ប៉ុន្តែ​កម្ពុជា​ដណ្តើម​​បាន​​រហូត​ដល់​មេដាយមាស​១ ប្រាក់១ និងមេដាយ​សំរឹទ្ធ ជាច្រើនគ្រឿងទៀត»។

ជាមួយគ្នា​នេះ លោក សាមឺឌី ស៊ីវឌ្ឍនា ក៏បាន​អះអាង​ថា កម្ពុជា បានទទួល​ការ​សរសើរ​ខ្លាំង សម្រាប់ ការ​ធ្វើ​ជា​​ម្ចាស់​ផ្ទះ ការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ជា​លើក​​ដំបូង​នេះ។​ «គណៈប្រតិភូ នៃ​បណ្តា​ប្រទេស​ក្នុង​អាស៊ីអាគ្នេយ៍​ទាំងអស់​បាន​កោតសរសើរ ចំពោះ​ការ​រៀបចំធ្វើម្ចាស់ផ្ទះកម្ពុជា ជាពិសេស គឺ គណៈ កម្មការ បច្ចេក​ទេស​អន្តរ​ជាតិ បាន កោត​សរសើរ​ពី​កម្ពុជាថា រៀបចំ​បានល្អ ទាំង​ការ​ទទួលអាហារ ការរៀបចំ​ផ្នែក​រថយន្ត​ក៏​មាន​លក្ខណៈ​ល្អ​ប្រសើរ​ផងដែរ។ សម្រាប់ការរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣ យើងជឿជាក់ថា យើង​នឹង​អាច​ធ្វើ​បាន​បែបនេះ ឬ​អាច​ល្អ​ជាង​នេះ»។

គួរ​បញ្ជាក់ថា ការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើក​ទី​៩ ឆ្នាំ​២០២២​ ដែល​បាន​ធ្វើ​នៅ​មជ្ឈមណ្ឌល​កីឡាការ៉ាតេ​​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ នេះ មាន​ប្រទេស​ចំនួន​៩ បាន​ចូល​រួម រួមមានម្ចាស់ផ្ទះកម្ពុជា វៀតណាម ថៃ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី ហ្វីលីពីន ឡាវ និងប្រ៊ុយណេ។

តែ​ទោះបីជា​យ៉ាង​ណា តាម​រយៈការ​ប្រកួត​ចំនួន៣​ថ្ងៃ ដែល​ទើប​បានបញ្ចប់ កាលពី​ថ្ងៃអាទិត្យ ម្សិលមិញ​នេះ គឺ​សិង្ហបុរី និង​ប្រ៊ុយណេ មិនដណ្តើម​បាន​មេដាយ​នោះ​ទេ ខណៈ​ប្រទេស​វៀតណាម ឈរ​នៅលេខ​១ ដោយ​ដណ្តើមបានមេដាយមាស​៥ ប្រាក់​៥ សំរឹទ្ធ​៣ តាមពីក្រោយដោយ​ឥណ្ឌូនេស៊ី ដែល​ឈ្នះមេដាយមាស​៥ ប្រាក់​៣ សំរឹទ្ធ​៦ ម៉ាឡេស៊ី បាន​មាស​៥ ប្រាក់​៣ សំរឹទ្ធ​៤ កម្ពុជា បានមាស​១ ប្រាក់​១ សំរឹទ្ធ​៥ ថៃ បានប្រាក់​៣ សំរឹទ្ធ​៦ ហ្វីលីពីន ប្រាក់​១ សំរឹទ្ធ​២ និងប្រទេស​ឡាវ បាន​មេដាយសំរឹទ្ធ​២ ខណៈមេដាយមាស​១​របស់​កម្ពុជា​រក​បាន​ដោយ​កីឡាករ ស្រួង វិរៈ​ លើវិញ្ញសាប្រយុទ្ធ ទម្ងន់ក្រោម ៨៤គីឡូក្រាម ក្រោយ​យក​ឈ្នះ​កីឡាករ​ម៉ាឡេស៊ី S Gnanasekaran Kathish នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ៕