នៅទីបំផុត ក្លិបបាល់​ទាត់វិសាខា បានដាក់សំណើ​ទៅ​កាន់​លោក​នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន​ខេមបូឌាន​ព្រីមៀរលីគ ជា​ផ្លូវការ​ នៅ​ថ្ងៃ​ចន្ទ​នេះ ដើម្បីបង្ហាញ​ពីការ​មិនអាច​ទទួល​យក​បាន ទៅលើ​ក្រុម​អាជ្ញាកណ្តាល​ ដែល​បានចូល​រួមការកាត់សេចក្តី នៅពេល​ក្រុម​វិសាខា ប្រកួត​​​ស្មើ​គ្នា ០-០ ជាមួយក្រុមការពារ​តំណែង​ជើង​ឯក​ ភ្នំពេញក្រោន ក្នុងការ​ប្រកួត​​ខេមបូឌាន​​ព្រីមៀរលីគ កាលពី​ថ្ងៃសៅរ៍។

នៅ​ក្នុង​លិខិត ដែលបាន​ផ្ញើ​ទៅឱ្យ​ លោក​នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន​ខេមបូឌាន​ព្រីមៀរលីគ កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​នេះ គឺ​ក្លិប​វិសាខា បាន​ស្នើ​សុំឱ្យមានការ​ពន្យល់​ពី​លោកអាជ្ញា​កណ្តាល ពាក់ព័ន្ធ​ទៅនឹងកំហុស មិន​ផ្តល់​ការពិន័យ​១១​ម៉ែត្រ មក​ឱ្យក្រុម​របស់​ខ្លួន ជុំវិញ​ការ​បង្កើត​កំហុស​របស់ខ្សែ​ការពារ ឆុំ ភីសា ដែលបានធ្វើ​ឱ្យ​កីឡាករ អ៊ិន សូដាវីដ ដួល ​ក្នុង​ប្រអប់គ្រោះ​ថ្នាក់ នៅ​ក្នុងនាទី​ទី ៥១:៤០។

​តាម​រយៈ​លិខិត បើកចំហនេះ ក្លិប​វិសាខា បានហៅ​ការកាត់សេចក្តី​របស់​លោក​អាជ្ញា​កណ្តាល (លឹម ប៊ុនធឿន) នាពេលនេះ ថា​បានបង្ហាញពី​ភាពអសមត្ថភាព​របស់​អាជ្ញា​កណ្តាល និង​មាន​ភាពអត្តិធម៌ មកលើ​ក្លិប​វិសាខា ដែល​ក្លិប​មួយនេះ បាន​បញ្ជាក់ថា ខ្លួន​មិន​អាច​​ទទួល​យកការ​កាត់សេចក្តី​បែបនេះ​បានទេ។

តាម​រយៈការ​ប្រកួត កាលពី​ថ្ងៃសៅរ៍ នៅកីឡដ្ឋានស្មាតអអេសអ៊ិន នោះ ខ្សែ​ការពារ ឆុំ ភីសា បាន​ព្យាយាម​រត់ទៅ​សង្រ្គោះ​បាល់ ពីការ​រត់មក​ឆក់​របស់ អ៊ិន សូដាវីដ តែ​ក៏​បាន​ប៉ះពារ​គ្នា បណ្តាល​ឱ្យ អ៊ិន សូដាវីដ ដួល នៅ​ក្នុងប្រអប់​គ្រោះ​ថ្នាក់។ ភ្លាមៗ​នោះ លោក​អាជ្ញាកណ្តាល លឹម ប៊ុនធឿន ក៏បាន​បង្ហាញ​ពី​ចេតនា ក្នុងការ​ផ្តល់បាល់​ពិន័យ​១១ម៉ែត្រ តៅ​ឱ្យ​ក្រុម​វិសាខា ផងដែរ ប៉ុន្តែ​ក្រោយការ​ពិភាក្សា​ជាមួយ​អាជ្ញាកណ្តាល​ខ្សែ​បន្ទាត់​រួច​​មក លោកក៏បាន​សម្រេច​ប្តូរជា​ការឱ្យទាត់បាល់​ហ្រ្វីឃីក​ជំនួស​វិញ។

ចំពោះបញ្ហា​នេះ ត្រូវបានអ្នក​ទស្សនា មានការ​យល់​ឃើញ​ខុស​គ្នាៗ ដោយអ្នកខ្លះ​ថា សម​តែ​ពិន័យ​បាល់​១១ម៉ែត្រ តែ អ្នកខ្លះ​ទៀត​ថា មិនអាច​ផ្តល់​បាល់ពិន័យ​១១​ម៉ែត្រ​នោះទេ ព្រោះ​ជើងរបស់ ឆុំ ភីសា បានទៅប៉ះបាល់​មុន ទើប​ប៉ះ​ជើង អ៊ិន សូដាវីដ ហើយការ​ប៉ះទង្គិច​គ្នា​នោះ ហាក់នៅក្រៅគំនូសសទៅ​ទៀត។ តែ​ទោះបីជា​យ៉ាង​ណា ​តាម​រយៈការ​បង្ហាញ​វីដេ​អូ​យឺតៗ​នោះ ក៏នៅតែមើល​មិនច្បាស់ ព្រោះជា​ការ​ថតពី​ចំហៀង ហេតុ​នេះ មានតែ​រង់ចាំ​ការ​សម្រេច​របស់​​មន្រ្តីជំនាញ​របស់ក្រុម​ហ៊ុន​ខេមបូឌាន​ព្រីមៀរលីគ ថា​តើ សំណើ​របស់វិសាខា ទទួល​បានផល ឬក៏​យ៉ាង​ណា?៕