ក្រុមនារី ភ្នំពេញក្រោន បានលត់ក្រុមមន្ទីរអយកខេត្តបាត់ដំបង រហូតដល់ ១៣-០ ដើម្បីបញ្ចប់ការប្រកួតជម្រើសជើងឯកបាល់ទាត់នារី ឆ្នាំ២០២១ (លីគនារី) ជាមួយលទ្ធផលដ៏ល្អបំផុត ក្នុងនាមជាម្ចាស់ជើងឯក ហើយពួកគេក៏ដណ្តើមបានពានឯកត្តជនចំនួន៣ ទៀតផងដែរ ខណៈក្រុមអតីតម្ចាស់ជើងឯកឆ្នាំចាស់ ណាហ្គាវើលដ៍កំពង់ស្ពឺ បានជាប់ចំណាត់ថ្នាក់លេខ២ នារដូវកាលនេះ។
តាមរយៈការយកឈ្នះក្រុមនារីខេត្តបាត់ដំបង ១៣-០ សម្រាប់ការប្រកួតបិទរដូវកាល នៅកីឡដ្ឋានស្មាតអអេសអិន កាលពីថ្ងៃអាទិត្យ ម្សិលមិញនេះ បានធ្វើឱ្យការប្រកួតវិលជុំទាំង២ជើង របស់ក្រុមសិង្ហក្រហម ភ្នំពេញក្រោន បញ្ចប់ដោយលទ្ធផលឈ្នះ១៣ និងចាញ់ត្រឹម១លើកគត់ ដើម្បីលើកពានលីគនារី ជាលើកដំបូង នៅរដូវកាលនេះ ខណៈការប្រកួត កាលពីឆ្នាំ២០២០ ពួកគេ បានត្រឹមចំណាត់ថ្នាក់លេខ៣ប៉ុណ្ណោះ។
ជាមួយគ្នានេះខ្សែប្រយុទ្ធជាប្រធានក្រុម បាន ជាវៃ ក៏រកបាន៤គ្រាប់ សម្រាប់ការយកឈ្នះក្រុមខេត្តបាត់ដំបង ១៣-០ នោះដែរ ដើម្បីក្លាយជាម្ចាស់ពានស្បែកជើងមាស ដោយរកបានគ្រាប់បាល់សរុបចំនួន៣៥គ្រាប់ ចំណែកកីឡាការិនី ម៉ាក់ ស្រីរ័ត្ន បានឈ្នះពានជាអ្នកចាំទីល្អជាងគេ ខណៈគ្រូបង្គោលក្រុមភ្នំពេញក្រោន អ្នកគ្រូ ម៉ៅ សាវីន ទទួលបានពាន ជាគ្រូបង្វឹកល្អប្រចាំព្រឹត្តិការណ៍នេះ។
ចំណែកក្រុមណាហ្គាវើលដ៍ កំពង់ស្ពឺ បានទទួលចំណាត់ថ្នាក់លេខ២ ដោយមាន៣៣ពិន្ទុ ជាមួយការឈ្នះ១១ដង និងចាញ់៣ដង ហើយណាហ្គាវើលដ៍ ក៏បានឈ្នះពាន ជាក្រុម Fair Play ប្រចាំព្រឹត្តិការណ៍នេះផងដែរ ខណៈខ្សែប្រយុទ្ធ យ៉ុន យ៉ើន របស់ក្រុមមួយនេះ ក៏បានឈ្នះពាន ជាកីឡាការិនីល្អជាងគេផងដែរ។ រីឯក្រុមបាល់ទាត់សៀមរាប ទទួលបានចំណាត់ថ្នាក់លេខ៣៕ឮ