មន្រ្តីជំនាញ​គណៈកម្មាធិការជាតិរៀបចំការ​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ២០២៣ (CAMSOC) បាន​អះអាង​ថា កម្ពុជា នឹង​បង្ហាញ​​ទស្សនីយ​ភាព​សំខាន់ៗ នៅពេល​ប្រតិភូ​របស់​ខ្លួន ទៅ​ទទួល​ទង់ស៊ីហ្គេម ពីប្រទេស​វៀតណាម នា​ថ្ងៃទី​២៣ ខែ​ឧសភា ឆ្នាំ​២០២២​ខាងមុខនេះ ដើម្បី​ទាក់ទាញ​បណ្តា​ប្រទេស នៅក្នុងតំបន់អាស៊ាន ឱ្យមាន​ភាព​អន្ទះសារ និងចាប់អារម្មណ៍កាន់តែ​ខ្លាំង ក្នុងការ​មក​ចូល​រួម ការ​ប្រកួត​​ស៊ីហ្គេម នៅ​កម្ពុជា​វិញ​ម្តង។

«យើង​ត្រូវ​​រៀបចំ​ធនធាន​មនុស្ស​​របស់​យើង សម្រាប់ការ​សម្តែង ទទួលទង់ស៊ីហ្គេម នៅប្រទេស​វៀតណាមនេះ ឱ្យបាន​គ្រប់​គ្រាន់ និង​រៀបចំ​ហ្វឹកហាត់ឱ្យបាន​១ខែ មុន​នឹងចេញ​ទៅ​   អ៊ីចឹង​នៅ​មុននេះ យើង​បាន​ពិនិត្យ​ និង​ធ្វើ​​វីដេអូ ឱ្យស៊ី​ទៅនឹងការ​សម្តែង​នេះ ដោយ​យើងបានការ​ណែនាំ​ពី​ឯកឧត្តម​បណ្ឌិត ថោង ខុន  ព្រម​ទាំង​លោក​គ្រូ ព្រឹទ្ធាចារ្យ និងឯកឧត្តម នៅ​ក្រសួង​វប្បធម៌ និងវិចិត្រ​សិល្បៈ ដោយ​លោក​បានខិតខំប្រឹង​ប្រែង និង​មើល​ការ​ខុសត្រូវ​​​យ៉ាងលម្អិតខាងលើ​​ផ្នែកបច្ចេក​ទេស​សម្តែង និងការ​រៀបចំ​ទស្សនីយភាព ដើម្បី​ធ្វើ​ឱ្យការ​សម្តែង​រយៈពេល​១២នាទី​ហ្នឹង ក្លាយ​ជា​មេដែក​​មួយ ក្នុងការ​ទាក់ទាញ​ប្រទេស​ទាំង​អស់ នៅក្នុង​អាស៊ីអាគ្នេយ៍​ហ្នឹង ឱ្យរងចាំ​ដោយ​ទន្ទះសារ​​មក​កម្ពុជា នៅ​ពេល​​កម្ពុជា ធ្វើ​ម្ចាស់​ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣»។

នេះជា​ការ​លើកឡើង​របស់​ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ​ CAMSOC ​នៅពេល​លោក​បានបញ្ចប់កិច្ច​ប្រជុំជាមួយគណៈកម្មការជំនាញ​របស់ CAMSOC កាលព្រឹក​ថ្ងៃអង្គារ​នេះ ដើម្បី​ធ្វើ​ការ​ប្រជុំ​ជំនាញ និងត្រួតពិនិត្យ​ឡើង​វិញ លើ​​ការ​រៀបចំសម្តែង​ ទៅ​ទទួល​ទង់​ស៊ីហ្គេម នៅប្រទេស​វៀតណាម នា​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០២២ នៅ​ក្នុង​ពិធី​បិទ​​ស៊ីហ្គេម នា​ទី​ក្រុងហាណូយ ប្រទេស​វៀតណាម ដោយ​ក្នុង​នោះ កម្ពុជា នឹង​បញ្ជួន​ក្រុម​សម្តែង​សរុប​​ចំនួន​៤០នាក់ ព្រមទាំង​គ្រូ​បង្វឹក និង​អ្នកអម​​ដំណើរ​រៀបចំ​បច្ចេកទេស ចំនួន​២០នាក់​ទៀត សរុប​៦០នាក់ ទៅចូល​រួម។

សម្រាប់ការ​សម្តែង​រយៈពេល​១២នាទី​នេះ លោក វ៉ាត់ ចំរើន បាន​លម្អិត​ថា៖ «យើង​នឹង​​​មាន​​របាំ ដែលបង្ហាញពី​បាវចនា​របស់យើង គឺ​កីឡារស់​ក្នុងសន្តិភាព និង​ពី​រូប​ភាព​នៃ​ស៊ីហ្គេម​​​របស់​​យើង ដែល​យើង​ត្រូវ​បង្ហាញ​ពីទស្សនីយភាព​នៃសន្តិភាព ហើយ​យើង​ក៏​មាន​ចម្រៀង​​ស្វាគមន៍​​ជាច្រើន​ទៀត ដែល​ចម្រៀងនេះ គឺស្វាគមន៍ប្រទេស​ទាំង​អស់ ពេលមក​​ចូល​រួមស៊ីហ្គេម នៅកម្ពុជា។ មួយ​ទៀត យើង​មានការ​បង្ហាញ​ នូវ​ក្បាច់​គុនល្បុក្កតោ ដែល​តំណាងឱ្យ​កីឡា​ជាអត្តសញ្ញាណ​ជាតិ ហើយ​យើង​ក៏​យក Mascot និងឡូហ្គោ​របស់យើងទៅ​បង្ហាញ​ផងដែរ ដើម្បីផ្តល់​ជាព័ត៌​មាន​ដល់​ប្រទេស​ទាំងអស់​ឱ្យបាន​ដឹង​ថា នៅខែឧសភា ឆ្នាំ​២០២៣ យើងនឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះស៊ីហ្គេម ស្វាគមន៍​ប្រទេស​ទាំង​នោះ​វិញ​ម្តង»។

អ្នកជំនាញរូបនេះ បានបញ្ជាក់ថា៖​ «ចំពោះ​ការ​រៀបចំនេះ យើង​នឹង​​ធ្វើ​ដោយ​ម៉ត់​ចត់​បំផុត ព្រោះ​ឥស្សរជនជាន់ខ្ពស់របស់យើង គឺ​សម្តេច​ពិជ័យសេនា ទៀ បាញ់ ជា​ប្រធាន CAMSOC នឹង​ទៅ​ចូល​រួម ក្នុងការ​ទទួលទង់​ស៊ីហ្គេម នៅ​ក្នុង​ពិធី​បិទ​ស៊ីហ្គេម នោះតែ​ម្តង ហើយ​​ម្ចាស់​ផ្ទះ​​វៀតណាម នឹងរៀបចំ​បដិសណ្ឋារកិច្ច​ជាពិសេស​សម្រាប់សម្តេច​ពិជ័យ អ៊ីចឹង​យើង​​រៀបចំ​អស់ហើយ​ ជាមួយម្ចាស់​ផ្ទះ ដោយយើង​ នឹង​ធ្វើកិច្ចការ​នេះ ដោយរលូន និង​មាន​សុវត្ថិភាព»៕