បរទេស​៖ តារា​ឆ្នើម Sadio Mane របស់​ក្លិប Liverpool បាន​​ស៊ុត​បាល់​​ប៉េ​ណាល់​ទី​​ចូល​ទី​យ៉ាងល្អ​កាលពីថ្ងៃ​អង្គារ ដើម្បី​ជួយ​ឲ្យ​ក្រុម​ម្ចាស់​ជើង​ឯក​ទ្វីប​អា​ហ្វ្រិក សេណេហ្គាល់ ឈ្នះកៅអី​ទៅ​ព្រឹត្តិការណ៍ World Cup ឆ្នាំ​២០២២ ក្នុង​ប្រទេស​កា​តា តាមរយៈ​ការ​ទម្លាក់ក្រុម​ជម្រើស​ជាតិ​អេ​ហ្ស៊ីប​។

ក្រុម​ជម្រើស​ជាតិ​ហ្គា​ណា ម៉ាទុក និង​ទុយនីស៊ី ក៏​បាន​កក់​កៅអី​របស់​ខ្លួន​ទៅកាន់​ជុំ​ផ្តាច់​ព្រ័ត្រ​ផង​ដែរ ក្នុង​​រាត្រី​ប្រកួត​ដ៏រំភើប និង​ទាក់ទាញ​។ ក្រុម​ជម្រើស​ជាតិ​សេណេ​ហ្គាល់ បាន​ទទួល​ជ័យ​ជម្នះ​ក្នុង​ការ​ប្រកួត​​ជើង​ទី​២​នៃ​វគ្គ​ Playoff ក្នុង​លទ្ធផល ១-០ ក្នុង​ទីក្រុង Diamniadio តាមរយៈ​គ្រាប់​បាល់​នៅនាទី ទី​៤​របស់​កីឡាករ Boulaye Dia ហើយ​ក្រុម​ទាំង​២ បាន​បញ្ចប់​ក្នុង​លទ្ធ​ផល​ស្មើ ១-១ ក្នុង​ការ​ប្រកួត​ទាំង​២​ជើង បន្ទាប់​ពី​នាទី​បន្ថែម​១៥នាទី២​ដង​។

វា​ដូច​ទៅនឹង​ករណី​​ក្នុង​ព្រឹត្តិការណ៍ Africa Cup of Nations កាលពី​ខែមុន អ៊ី​ចឹង​ដែរ ខណៈ​ដែល Mane ត្រូវ​បាន​ផ្តល់​​ឱកាស​ឲ្យ​ទទួល​ខុស​ត្រូវ​​ស៊ុត​បាល់​ប៉េណាល់​ទី​គ្រាប់​បាល់​ទី​៥​ដ៏សំខាន់​​របស់​សេណេហ្គាល់ ហើយ​រូប​គេ​មិន​បាន​ធ្វើ​ឲ្យ​មាន​កំហុស​ឡើយ ដើម្បី​ជួយ​ឲ្យ​ក្រុម​ខ្លួន​ទទួល​ជ័យ​ជម្នះ​ក្នុងលទ្ធផល ៣-១​។ ក្នុង​ចំណោម​កីឡាករ​ទាំង​៣នាក់​របស់​អេហ្ស៊ីប ដែល​មិន​បាន​ស៊ុត​បាល់បញ្ចូល​ទី ក៏​មាន​មិត្ត​រួមក្លិប Liverpool របស់​ Mane គឺ Mohamed Salah ផង​ដែរ ក្រោយពី​រូប​គេ​បាន​ស៊ុត​បាល់​រំលង​របារទី​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia