បរទេស៖ ក្រុមបាល់​ទាត់​ជម្រើស​ជាតិ​ព័រ​ទុយ​ហ្គាល់ បានផ្តួលក្រុម​ជម្រើស​ជាតិ​ម៉ា​សេដ្វាន ខាង​ជើង ក្នុង​លទ្ធ​ផល ២-០ ហើយ​ប៉ូឡូញ បាន​យក​ឈ្នះ​លើ​ក្រុម​ជម្រើស​ជាតិ​ស៊ុយ​អែត ក្នុង​លទ្ធ​ផល​ដូចគ្នា ក្នុង​ការ​ប្រកួត​វគ្គ Playoff កាលពីថ្ងៃ​អង្គារ ដើម្បី​កក់​កៅអី​របស់ពួក​គេ​ក្នុង​ព្រឹត្តិការណ៍ World Cup ឆ្នាំ​២០២២ ក្នុង​ប្រទេស​កា​តា​។

ខ្សែ​បម្រើ​ប្រយុទ្ធ​ដ៏​មាន​ឥទ្ធិ​ពល Bruno Fernandes រក​បាន​គ្រាប់​បាល់​ទាំង​២​គ្រាប់​សម្រាប់​ក្រុម​ជម្រើស​​ជាតិ​ព័រ​ទុយ​ហ្គាល់ ដើម្បី​យក​ឈ្នះ​លើ​ក្រុម​ជម្រើស​ជាតិ​ម៉ា​សេដ្វាន ដែល​បាន​ទម្លាក់​ក្រុម​ម្ចាស់​ជើង​​ឯក​ទ្វីប​អឺ​រ៉ុប អុីតាលី ក្នុង​លទ្ធ​ផល​ដ៏មិននឹកស្មាន​ដល់​កាលពីសប្តាហ៍​មុន​។ ការ​ធ្លាក់​ចេញ​ដ៏គួរ​ឲ្យ​ភ្ញាក់​ផ្អើល​របស់​ក្រុម​ជម្រើស​ជាតិ​អុីតាលី បាន​ធ្វើ​ឲ្យ​ក្រុម​ម៉ា​សេដ្វាន មានក្តី​សង្ឃឹម​ក្នុង​ការ​បង្ហាញខ្លួន​ក្នុង​ព្រឹត្តិការណ៍ World Cup ជុំ​ផ្តាច់​ព្រ័ត្រ​ជាលើក​ដំបូង ប៉ុន្តែ ក្រុម​ជម្រើស​ជាតិ​ព័រ​ទុយ​ហ្គាល់ បាន​បង្ហាញ​ពី​កម្រិត​រឹង​មាំ​ដ៏​គួរ​ឲ្យ​កត់​សម្គាល់​ក្នុង​ទីក្រុង Porto​។

Fernandes បាន​ត្រួស​ត្រាយផ្លូវ​សម្រាប់​ក្រុម​ព័​រ​ទុយ​ហ្គាល់ នាកីឡដ្ឋាន Estadio do Dragao តាមរយៈ​ការ​ស៊ុត​បាល់​បំ​ប៉ោង​សំណាញ់​ទី​យ៉ាងល្អ​ បន្ទាប់​ពីការ​បញ្ជូន​បាល់​របស់ Cristiano Ronaldo នៅ​តង់ទី​១ ហើយ​បន្ទាប់​មក បាន​ធ្វើ​ឲ្យ​ជ័យ​ជម្នះ​​សម្រាប់​ក្រុម​ខ្លួន​គេច​ផុត​ពីការ​មន្ទិល​សង្ស័យ តាមរយៈ​គ្រាប់បាល់​ទី​២​របស់​គេ នៅ​តង់ទី​២ ក្រោយពី​ការ​បញ្ជូន​បាល់​ឆ្លង​យ៉ាងល្អ​ពី Diogo Jota​។

ជ័យ​ជម្នះ​នេះ​មានន័យ​ថា ព័រ​ទុយ​ហ្គាល់ បាន​បង្ហាញខ្លួន​ក្នុង​ព្រឹត្តិការណ៍ World Cup ទាំង​៦លើក បើ​គិត​ចាប់​​​តាំងពី​ចូល​សត​វត្សរ៍​ថ្មី ស្រប​ពេល​ដែល​ខ្សែ​ប្រយុទ្ធ Ronaldo របស់​ក្លិប Manchester United ស្ថិត​លើផ្លូវ​ឆ្ពោះ​ទៅកាន់​ការ​បង្ហាញខ្លួន​ជាលើក​ទី​៥​របស់គេក្នុង​វ័យ​​៣៧ឆ្នាំ​៕

ប្រភព​ព័ត៌មាន៖ Channel News Asia