ក្រុមជម្រើសជាតិក្នុង​សាលកម្ពុជា ​នៅ​ថ្ងៃ​ពុធ​នេះ បាន​ធ្វើដំណើរ​ទៅ​ដល់​ទី​ក្រុង​បាំងកក ប្រទេស​ថៃហើយ ដែលជា​កន្លែង​ពួកគេ ត្រូវ​ប្រើការ​ហ្វឹកហាត់​រួមគ្នា ត្រឹម​ជាង​១សប្តាហ៍ ដើម្បី​​ប្រកួត​ប្រជែងដណ្តើម​​ពាន​រង្វាន់ក្នុង​សាល AFF Futsal Championship 2022 ដោយ​ព្រឹត្តិការណ៍នេះ នឹង​ចាប់ដំណើរ​ការ​ពី​ថ្ងៃទី​២ រដូវដល់​ថ្ងៃទី​១០ ខែមេសា ខាងមុខ​នេះ។

មានតែ​កីឡាករ​​១៤​នាក់ប៉ុណ្ណោះ ត្រូវបាន​ជ្រើស​រើស​តំណាង​ឱ្យ​កម្ពុជា សម្រាប់ទៅ​ចូល​រួមការ​ប្រកួតថ្នាកតំបន់​មួយនេះ ដែលអ្នកទាំង​នេះ ត្រូវបានជម្រុះ​ចេញពី​បេក្ខភាព​ចំនួន២៥​នាក់ ដែលសហព័ន្ធ​កីឡា​បាល់​ទាត់កម្ពុជា បាន​ធ្វើ​ការ​ប្រមូល​ផ្តុំ នៅ​ក្នុង​បញ្ជី​ឈ្មោះ​ជា​បឋម ហើយ​ពួកគេ បាន​តាំង​ចិត្តខ្ពស់ ក្នុងការប្រជែង​យក​ឱ្យបាន​លទ្ធផល​ល្អណា​មួយ បើទោះបីជា កន្លងមក​​​ក្រុម​កម្ពុជា តែងតែ​ធ្លាក់នៅ​ក្នុងវគ្គជម្រុះ​ក៏​ដោយ។

ខ្សែ​ប្រយុទ្ធ ព្រំ ឌីយ៉ាម៉ង់ បាន​និយាយ​ថា៖​ «វា​ពិត​ជា​អស្ចារ្យ​សម្រាប់​ខ្លួន​ខ្ញុំ ដែលបាន​ជាប់ជាជម្រើសជាតិ ហើយ​ចំពោះ​ខ្ញុំ និង​ក្រុមទាំងមូល មានការ​តាំង​ចិត្ត​មួយ​ថា ទៅ​យក​ជ័យជម្នះ សម្រាប់​ការ​ប្រកួត​ពានមួយ​នេះ។ បើទោះបីជា​លទ្ធផល ទទួល​បាន​បែបណា ប៉ុន្តែ​ពួក​យើង នឹង​ប្រឹង​ប្រែង​ឱ្យ​អស់ពី​សមត្ថ​ភាព ដែល​យើង​មាន ហើយ​សង្ឃឹម​ថា យើងនឹង​ទទួល​បាន​លទ្ធផល​ល្អណាមួយ សម្រាប់​ជាតិ​យើង»។

សម្រាប់បេក្ខភាពទាំង​១៤​នាក់ ដែល​ត្រូវបាន​បញ្ជូន​ឱ្យ​ទៅ​ចូល​រួមការ​​ប្រកួត​ពាន​រង្វាន់ AFF Futsal Championship 2022 នៅប្រទេស​ថៃ​លើក​នេះ រួម​មាន​កីឡាករ គន្ធ លន់ដារ៉ូត​, កែវ ជាតួ​, កែវ សុចិត្រា​, តុង ច័ន្ទមុន្នី​ របស់​ក្រុម The Blue Warriors កីឡាករ ឌុក សុផាត​​, ព្រំ ឌីយ៉ាម៉ង់​ របស់​ក្រុម Tai Chi FT កីឡាករ អោកចាន់ សេរីវង្ស​, រស់ ស៊ីរដ្ឋា​, រស់ ស៊ីចំរើន របស់​ក្រុម Alpha FT​ កីឡាករ ញឹក ថាលីដា​, ឡាក់ ភីរុណ និង​អ្នកចាំទី នួន វាសនា របស់​ក្រុម​ឪម៉ាល រួមទាំង​កីឡាករ លន់ សុធីតារ័ត្ន និង​អ្នកចាំទី ភឿន ចាន់វាសនា របស់​ក្រុម Young Gun FT។

គួរបញ្ជាក់ថា ​ការ​ប្រកួតពាន​រង្វាន់ AFF Futsal Championship 2022 នេះ ក្រុម​កម្ពុជា បាន​ឈរ​នៅពូល​A ដោយក្នុង​នោះ កម្ពុជា ត្រូវប៉ះ​ក្រុមម៉ាឡេស៊ី នៅថ្ងៃទី​២ មុន​ទៅ​ជួបក្រុម​ម្ចាស់​ផ្ទះ​ថៃ នៅថ្ងៃទី​៣ រួច​បន្ត​ទៅប្រកួត​ជាមួយ​ក្រុមប្រ៊ុណេ នៅថ្ងៃទី​៤ ហើយ​ចុងក្រោយ​ត្រូវ​ប្រឈម​ជាមួយ​ក្រុម​​ឥណ្ឌូនេស៊ី នៅថ្ងៃទី​៦ ខែមេសា ចំណែក​ពូល​B មាន​វៀតណាម ទីម័រ​ខាង​កើត មីយ៉ាន់ម៉ា និង​អូស្ត្រាលី៕