បរទេស៖ ស្រប​ពេល​ដែល​ការ​ចាប់​​ឆ្នោត​វគ្គ​ចែកពូល​សម្រាប់​ការ​ប្រកួត World Cup នឹង​ប្រព្រឹត្ត​ទៅ​នៅថ្ងៃ​សុក្រ​ សប្តាហ៍​នេះ បាល់​​ផ្លូវ​ការ​សម្រាប់​ការ​ប្រកួត ត្រូវ​បាន​ដាក់​បង្ហាញ​ជាលើក​ដំវូង​សម្រាប់​អ្នក​គាំទ្រ​។ ដោយមាន​ឈ្មោះ​ថា «Al Rihla» បាល់​ផ្លូវ​ការ​សម្រាប់​ការ​ប្រកួត World Cup ឆ្នាំ​២០២២​នេះ គឺ​ជា​បាល់​ទី​១៤ ដែលត្រូវ​បាន​រចនា​ដោយ​ក្រុម​ហ៊ុន Adidas សម្រាប់​យុទ្ធនា​ការ World Cup​។

ក្រុម​ហ៊ុន Adidas បាន​រច​នា​បាល់​នេះ​ជាពិសេស​ដើម្បី​ឆ្លើយ​តប​ទៅនឹង​ការ​ប្រកួត​ដែល​តម្រូវ​ឲ្យ​ប្រើប្រាស់ល្បឿន​លឿន​។ ពិត​ណាស់ ក្រុមហ៊ុននេះ និងសហ​ព័ន្ធ​កីឡា​បាល់ទាត់អន្តរ​ជាតិហៅ​កាត់ថា FIFA បញ្ជាក់​ថា បាល់​សម្រាប់ World Cup ឆ្នាំ​២០២២ មាន​ចល​​នា​ក្នុង​អាកាស​លឿន​ជាង​បាល់​ផ្សេង​ទៀត បើ​ធៀប​ទៅនឹងប្រវត្តិ​បាល់​ក្នុង​យុទ្ធនាការ​​នេះ​។ បាល់​ដែលមាន​កម្រិត​ប្រហាក់​ប្រហែលនេះរបស់ក្រុមហ៊ុន Adidas ធ្លាប់​បាន​ផ្តល់​ការលំបាក​សម្រាប់​អ្នក​ចាំ​ទី​ជា​ច្រើន​រួចមក​ហើយ​។

ជាពិសេស ក្នុង​ឆ្នាំ​២០១០ បាល់​ឈ្មោះ ​ Jabulani បាន​ធ្វើ​ចល​នា​យ៉ាងលឿន​ពេលស្ថិតក្នុង​ខ្យល់ ដែល​នាំ​ឲ្យ​មាន​ការ​រិះ​គន់​ជាច្រើន សូម្បី​តែ​នៅមុន​ពេលយុទ្ធនាការ​​ចាប់​ផ្តើម​។ ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា Adidas បាន​បញ្ជាក់​ថា ការ​ធ្វើ​តេស្ត​តាមរយៈ​ការ​ប្រើប្រាស់​ទិន្នន័យ​ពី​ក្នុង​សាល ក្រោម​សម្ពាធ​ខ្យល់ និង​នៅលើ​ទីលាន​ប្រកួត បាន​នាំ​ឲ្យ​ពួកគេ​សម្រេច​ជ្រើស​រើសយក​បាល់​មួយនេះ​​។ ហេតុនេះ បាល់ Al Rihla នឹង​ផ្តល់​កម្រិត​នៃ​ភាព​ត្រឹម​ត្រូវ និង​ភាព​ជឿជាក់​ដ៏ខ្ពស់​បំផុត​ក្នុង​ពេល​លេង​នៅ​លើ​ទីលាន​ប្រកួត​៕

 

ប្រភព​ព័ត៌មាន៖ Channel News Asia