ស្របពេល​សង្វៀន​ដទៃ​ទៀត បានបន្ត​រៀបចំ​ឱ្យមានការ​ប្រកួត​រវាង​កីឡាករ​ខ្មែរ និងខ្មែរ​នោះ គឺ​សង្វៀន​បាយ័នស្ទឹង​មានជ័យ នៅ​សប្តាហ៍​នេះ បាន​បើក​ឱ្យ​មានការ​ប្រកួត​អន្តរជាតិ វិញ​ហើយ បន្ទាប់ពីបាន​ខក​ខាន​អស់រយៈពេល​ជិត​២​ឆ្នាំ ដោយ​សារវិបត្តិ​នៃ​ការ​ឆ្លង​ជំងឺកូវីដ​១៩ មានការ​រីក​រាល​ដាល​ខ្លាំង។

សម្រាប់ការ​ប្រកួត​ទាំង​៧​កម្ម​វិធី នៅ​ថ្ងៃសុក្រ ថ្ងៃ​សៅរ៍ និងថ្ងៃអាទិត្យនេះ អ្នក​គ្រប់​គ្រង​សង្វៀន​បាយ័នស្ទឹងមានជ័យ បាន​​រៀបចំ​ឱ្យ​មាន​ការ​ប្រកួត​គូ​​អន្តរជាតិ ចំនួន​៦​កម្មវិធី សរុប​ស្មើ​១២​គូ ហើយបរទេស ដែលសង្វៀនបាយ័ន នាំ​យកមក​ប្រកួត សម្រាប់សប្តាហ៍នេះ សុទ្ធ​តែជា​កីឡាករ​ថៃ​ទាំង​អស់។

យោងតាម​សមាសភាព​កីឡាករ​ថៃទាំង១២​នាក់ ដែលបានផ្គូផ្គង​រួច​ហើយ​នោះ គឺ​ភាគ​ច្រើនជា​កីឡាករ​ថៃ ដែល​ធ្លាប់​មក​ប្រកួត នៅកម្ពុជា កន្លង​មក ហើយ​អ្វី​ដែល​គេ​ចាំច្បាស់ជាង​គេ​នោះ គឺ​កីឡាករ​ ចាស់ វស្សា ទួនប៉េ ដែលគេ​ម្នាក់​នេះ ធ្លាប់បាន​យក​ឈ្នះកីឡាករ​កម្ពុជា ជា​ច្រើន​នាក់ តែ​បានចាញ់​ជើង​ខ្លាំង ឈុត សេរីវ៉ាន់ថង។

សម្រាប់ការ​វិល​មកជាន់​សង្វៀន​បាយ័ន ជាថ្មី​នេះ ទួនប៉េ មានការ​ស្រេក​អរ​ខ្លាំង បើទោះបីជា​លើក​នេះ រូបគេ​ត្រូវ​ប៉ះ​ជើង​ខ្លាំង ពេជ្រ ប៊ុនសិទ្ធ។ អ្នកទាំង​២​នេះ ត្រូវជួបគ្នា នៅ​យប់​ថ្ងៃសុក្រ​នោះ ក្នុងទម្ងន់​៥៧​គីឡួក្រាម ហើយ​សម្រាប់​ការ​ប្រកួត​នេះ ទួនប៉េ បាន​និយាយ​ថា គេ​ត្រៀម​ខ្លួន​បាន​ល្អ​ហើយ ​ប៉ុន្តែ​កីឡាករ​សម្បូរបទពិសោធ​រូបនេះ នៅមិនទាន់បាន​ឃើញ​សមត្ថ​ភាព​ប្រកួត​របស់ ពេជ្រ ប៊ុនសិទ្ធ នោះ​ឡើយ​ទេ។ ចំណែក​អ្នក​លេងកណ្តាប់ដៃ​ធ្ងន់ ពេជ្រ សម្បត្តិ ក៏​ត្រូវជួប​ថៃ ណាត់តាផុន ក្នុង​ទម្ងន់​៦០​គីឡូក្រាម នៅ​យប់ថ្ងៃសុក្រ​នេះដែរ។

សម្រាប់​ការ​ប្រកួត នៅ​ព្រឹក​ម៉ោង​៨ ថ្ងៃសៅរ៍ស្អែកនេះ កីឡាករ​កម្ពុជា ហុង សុវណ្ណចាន់សុធី ​ត្រូវជួប​ថៃ ស៊ុកកាស៊េម ទម្ងន់​ ៥៧​គីឡូក្រាម នៅមុនពេល សោម វិឆ័យ ប៉ះថៃ កៀតនិឃុម ក្នុងទម្ងន់​៦០​គីឡូក្រាម។ ចំពោះកម្មវិធី នា​រសៀលម៉ោង​១ ថ្ងៃសៅរ៍នោះ​ដែរ  កីឡាករ រិទ្ធ វិបុល ត្រូវ​ប្រកួតជាមួយ​ថៃ ភេតយុភីន ក្នុង​ទម្ងន់​៥៤​គីឡូក្រាម ហើយ សុខ វណ្ណា ត្រូវតទល់​ជាមួយ រ៉ុងស្យ៉ាម របស់ថៃ ក្នុងទម្ងន់​៥៧គីឡូក្រាម។ ចំណែល​នៅ​ល្ងាច​​៦​ ថ្ងៃសៅរ៍​នោះ​ដែរ កីឡាករ ណង សាវ ត្រូវជួបថៃ មឿងថុង ក្នុង​ទម្ងន់​៥៧គីឡូក្រាម និង អេ ណារ័ត្ន ប៉ះ ស៊ុនស៊ីឡេក ក្នុងទម្ងន់​៥៧គីឡូក្រាម។

ដោយឡែក សម្រាប់​ការ​ប្រកួត នៅថ្ងៃអាទិត្យ ចាប់ពី​ម៉ោង​១២ តទៅ កីឡារកកម្ពុជា ធន់ ក្របី ត្រូវ​ជួបថៃ ឡាហ្វាន់ ក្នុង​ប្រភេទ​ទម្ងន់​៥៧គីឡូក្រាម ខណៈជើងខ្លាំង ផល សោភ័ណ្ឌ ត្រូវ​ប្រឈម​ជាមួយ​ ណារ៉ូតុ ដែលជាជើង​ខ្លាំង​របស់ថៃ នៅ​ក្នុងទម្ងន់​៦៥គីឡូក្រាម។ ចំណែកនៅ​ល្ងាច​ម៉ោង​៦ ថ្ងៃអាទិត្យ​នោះ​ដែរ កីឡាករ នូវ សុខទី ត្រូវ​ជួបថៃ ប៉ាន់ដាស័ក្តិ ក្នុង​ទម្ងន់​៥៤គីឡូក្រាម ហើយ ឡុង បេនលឿន ត្រូវប៉ះថៃ ហ្វាប្រាច័ក្រ ក្នុង​ប្រភេទ​ទម្ងន់៦៥គីឡូក្រាម៕