ក្រុមជម្រើសជាតិបាល់ទាត់ក្នុងសាលកម្ពុជា នៅមិនទាន់អាច​រកឃើញការ​ឈ្នះ នៅឡើយ​ទេ បន្ទាប់ពីបានចាញ់ទាំង​២លើកជាប់ៗ​គ្នា នៅក្នុងការប្រកួតពានរង្វាន់ AFF Futsal Championship 2022 នៅប្រទេស​ថៃ ហើយ​នៅ​ម៉ោង​៥ ថ្ងៃ​ចន្ទ​នេះ ពួកគេ ត្រូវ​បន្ត​ជួប​ក្រុម​ប្រ៊ុយណេ។

សម្រាប់ការ​ប្រកួត​បើក​ឆាក​ប្រចាំពូល​A កាលពី​ថ្ងៃសៅរ៍ ក្រុម​ជម្រើសជាតិ​កម្ពុជា បាន​ធ្វើការ​ប្រកួត​ជាមួយក្រុម​ម៉ាឡេស៊ី យ៉ាង​ស្វិតស្វាញបំផុត នៅមុនពេល​ពួកគេ បានចាញ់ ក្នុង​លទ្ធផល ៧-៦ ដ៏គួរឱ្យសោកស្តាយ​បំផុត។ ​យ៉ាង​ណាមិញ សម្រាប់ការ​ជួបក្រុម​ម្ចាស់​ផ្ទះ​ថៃ កាលពី​ថ្ងៃអាទិត្យ ម្សិលមិញ ក្រុមកម្ពុជា បានចាញ់​យ៉ាង​ជូរចត់បំផុត គឺ​រហូត​ដល់ ១៦-០។

ដោយឡែក​សម្រាប់ការ​វិល​មកជួបក្រុមប្រ៊ុយណេ របស់​កម្ពុជា នៅ​ថ្ងៃ​នេះ វា​បាន​ក្លាយ​ជា​ការ​ប្រកួត​រវាង​ក្រុម​ចាញ់ និងក្រុម​ចាញ់ ព្រោះ​២​ប្រកួត​មក​នេះ ក្រុមប្រ៊ុយណេ បានចាញ់​ក្រុម​ថៃ ១៣-០ និងចាញ់​ក្រុម​ឥណ្ឌូនេស៊ី ១២-០ ហើយកំពុង​ឈរ​នៅបាត​តារាង​ប្រចាំពូល​A​នេះ ដោយគ្មាន​ពិន្ទុ​រាប់ដូច​កម្ពុជា​ដែរ ខណៈ​ក្រុម​ថៃ បាន​ឈរ​នៅលេខ​១ ដោយមាន​៦ពិន្ទុ​ពេញ ស្មើជាមួយ​ក្រុមលេខ​២ ឥណ្ឌូនេស៊ី។

តាម​រយៈលទ្ធផល​នៃ​ការ​ប្រកួត​នេះ អាច​និយាយបាន​ថា ក្រុមកម្ពុជា និង​ប្រ៊ុយណេ សុទ្ធតែ​អាច​មានលទ្ធភាពរៀងៗ​ខ្លួន ក្នុង​ការ​ដណ្តើម​យក​៣ពិន្ទុ ជា​លើកដំបូង ហើយការ​ប្រកួត​នេះ អាច​មានភាព​ស្វិតស្វាញ  ព្រោះ​កម្រិត​លេង​របស់​ក្រុមទាំង​២​នេះ មានភាព​ប្រដំប្រសង​គ្នា។ ចំណែកក្រុមឥណ្ឌូនេស៊ី ក៏​ត្រូវ​ប្រកួតជាមួយក្រុមលេខ​៣ ម៉ាឡេស៊ី នៅ​ថ្ងៃ​ចន្ទ​នេះ ផងដែរ៕