ការ​ប្រកួតដណ្តើម​៣ពិន្ទុ នៅលើសង្វៀន​ថោន កាលពីថ្ងៃអាទិត្យ រវាងអ្នក​លេងស្នោតជើង​ អេលីត ចំរើន និង ធន់ អៀនឡៃ ត្រូវ​បានគេ​ចាត់ទុក​ថា ជាការ​ប្រកួត ដែលមាន​ភាពជក់​ចិត្ត និង​មាន​ភាព​ស្វិតស្វាញ​ខ្លាំង​បំផុត ព្រោះ​អ្នកទាំង​២នេះ បាន​វ៉ៃ​ប្តូរ​សងគ្នា ៥ទឹក​ពេញ​តែម្តង។

នៅក្រោយការ​ប្រកួតបានបញ្ចប់ អ្នក​គាំ​ទ្រ​ផ្ទាល់ ហាក់មាន​ការ​គាំទ្រ ទៅ​លើ ធន់ អៀនឡៃ ច្រើនជាង ព្រោះ​គេជាអ្នក​ចូល​វ៉ៃ ដែល​ផ្តើម​ឱ្យមាន​ការ​ប្រកួត​ដ៏កក្រើក​កើត​ឡើង ហើយផ្លែ​កែង​របស់គេ បាន​ធ្វើឱ្យ​ក្តោង​ច្រមុះ អេលីត ចំរើន បែក និងហូរឈាម តាំងពី​ទឹក​ទី​​២។ តែ​ទោះបីជា​យ៉ាងណា ចំរើន បាន​ស៊ូ និង​វ៉ៃ​ប្តូរ សម្រាប់ការ​ប្រកួត​៣ទឹក​ចុងក្រោយជាមួយ ធន់ អៀនឡៃ រហូត​ទទួលបាន​ជោគ​ជ័យ ដោយ​ចៅ​ក្រម បានសម្រេច​ឱ្យ​ឈ្នះ ធន់ អៀនឡៃ ដោយពិន្ទុមិន​ឯកច្ឆន្ទ ៤-១។

ប៉ុន្តែ​សម្រាប់ស្ថាន​ភាពជាក់ស្តែង នៅ​ក្រោយការ​ប្រកួត គឺ អេលីត ចំរើន ទ្រម​ខ្លួន​ខ្លាំង ដោយ​ផ្ទៃ​មុខ​របស់គេ មានស្នាម​បែក និងហើម គួរ​ឱ្យអាណិត ពិសេស​របួស​បែក នៅលើ​ក្តោងច្រមុំ​របស់គេ ចំណែក ធន់ អៀនឡៃ មិន​បាន​បង្ហាញការ​ទ្រន់ទ្រោម ទៅលើ​ផ្នែកណា​មួយ​នោះ​ទេ។​

យ៉ាង​ណា​ក៏ដោយ អេលីត ចំរើន បាន​និយាយ​ថា៖​ «ថ្ងៃ​នេះ ខ្ញុំ​​បាន​​ប្រឹង​ប្រែងប្រកួត​អស់ពី​សមត្ថភាព និង​អស់ពីកម្លាំងកាយចិត្ត​ហើយ គឺ​ធ្វើ​ម៉េច​ឱ្យ​តែ​បាន​៣ពិន្ទុបន្ថែម​​លើក​នេះ ហើយ​តាម​រយៈការ​ឈ្នះ​២ប្រកួតជាប់ៗ​គ្នា​នេះ ធ្វើឱ្យខ្ញុំ កាន់តែ​មាន​ទឹក​ចិត្តប្រកួតប្រជែង ដណ្តើម​យកពាន​មាស រដូវ​កាលទី​២​នេះ ព្រោះ​ខ្ញុំបាន​ធ្លាក់ការ​ប្រកួត​រដូវ​កាល​ទី​១ ម្តងហើយ»។

ចំណែក ធន់ អៀនឡៃ ដែល​មាន​ប្រៀប​ខ្លាំង សម្រាប់​ការ​ប្រកួត នៅ២ទឹក​ដំបូង​នោះ បាននិយាយ​ក្រោយការ​ប្រកួត​ថា៖ ​«​គាត់ (អេលីត ចំរើន) មិនបានប្តូរយុទ្ធសាស្រ្តប្រកួត​នោះ​ទេ ដោយគាត់នៅតែ​ឈរចាំ​ទាត់ធម្មតា ដូចទឹក​ទី​១ និងទឹក​ទី​២ ដែរ គ្រាន់តែ​យើង​មានការ​ធ្លាក់​កម្លាំង​បន្តិច ទើបគាត់អាច​វ៉ៃ​យើង​បាន ព្រោះ​គាត់ជា​កីឡាករ​ថយ​វ៉ៃ ហើយយើងជា​កីឡាករ​វ៉ៃ​បុកច្រើន អ៊ីចឹង​យើងបានប្រើសុហ្វច្រើន​ជាងគាត់»។

នោពេលសួរ​ថា តើ​មានការពេញ​ចិត្ត​ទៅនឹង​ការ​ប្រកួត​របស់ខ្លួន លើក​នេះទេ? ធន់ អៀនឡៃ បាន​ឆ្លើយ​តប​ថា៖ «ខ្ញុំពេញចិត្តនឹងការ​ប្រកួត​របស់ខ្ញុំ​ នៅ​ថ្ងៃ​នេះ ដោយសារ​ឃើញ​បង​ប្អូនគាំ​ទ្រ​ច្រើន អ៊ីចឹង​ទោះ​លទ្ធផល​យ៉ាងណា ក៏ខ្ញុំពេញ​ចិត្ត នឹង​ទទួល​យក​ដែរ»។

សម្រាប់ការ​ប្រកួត កាលពី​ថ្ងៃអាទិត្យនោះ​ដែរ ពុទ្ធ សំបូរ បាន​ផ្តួល រឿម វណ្ណៈ នៅក្នុងទឹក​ទី​២ ដើម្បី​ឈ្នះ​៣ពិន្ទុ​បន្ថែម បន្ទាប់ពី​រូបគេ បានចាញ់ ធន់ អៀនឡៃ នៅថ្ងៃ​បើក​ឆាក ហេតុនេះតាម​រយៈការ​ប្រកួត​២លើកដូចគ្នានេះ អេលីត ចំរើន កំពុងឈរ​នៅលេខ​១ ប្រចាំពូល​Aនេះ ដោយ​មាន​៦ពិន្ទុ​ពេញ និងឱកាស​ស្ទើរ​១០០​ភាគ​រយទៅហើយ សម្រាប់​ការ​បានឡើង​ទៅវគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ រីឯ ធន់ អៀនឡៃ និង ពុទ្ធ សំបូរ មាន​៤ពិន្ទុស្មើ​គ្នា តែ រឿម វណ្ណៈ ដែល​មានត្រឹម​២ពិន្ទុ​ ជាមួយ​ការ​ចាញ់​សន្លប់ទាំង​២​លើក​នោះ បាន​ធ្លាក់ចេញ​ពីការ​ប្រកួតនេះ ដោយស្វ័យប្រវត្តិ​ហើយ៕