ក្លិបបាល់ទាត់ ដែលមាន​មូល​ដ្ឋាន​នៅ​ខេត្តសៀម​រាប អង្គរថាយហ្គឺរ បាន​សម្រេចចែក​ផ្លូវ​ជាមួយកីឡាករចំណូល​ថ្មី​របស់ជប៉ុនពាក់លេខ​៨ Naoki Maeda ជា​ផ្លូវ​ការ​ហើយ ហើយ​​ការ​សម្រេច​​បញ្ចប់កុងត្រា​នេះ បាន​កើតមានឡើង ក្រោមការព្រមព្រៀងពីភាគីទាំងសងខាង ដែល​មាន​​សុពល​ភាព ចាប់ពីរដូវកាល​ឆ្នាំ​២០២២​នេះ។

តាម​រយៈការចែក​ផ្លូវគ្នា​នេះ បានបញ្ជាក់​ថា​ កីឡាករ​ជប៉ុន Naoki Maeda នៅមិន​ទាន់​បាន​ចូល​​ការ​ប្រកួត​ផ្លូវការឱ្យ​ក្រុម​អង្គរ​ថាយហ្គឺរ នៅ​ក្នុង​លីគ​កំពូល​កម្ពុជា រដូវ​កាល​ថ្មី ឆ្នាំ​២០២២​នេះ នៅ​ឡើយ​ទេ គឺ​បាន​ត្រៀម​ចូល​រួមប្រកួត​មិត្ត​ភាព មុន​បើក​រដូវកាល ហើយការ​ជួបគ្រោះ មាន​របួសជង្គង់ធ្ងន់ធ្ងរ។

តាម​ការ​ប្រកាស​របស់​ក្លិប​អង្គរ​ថាយហ្គឺរ នៅព្រឹក​ថ្ងៃ​ពុធនេះ បានឱ្យ​ដឹង​ថា Naoki បាន​ចូល​រួម​ជាមួយអង្គរថាយហ្គឺរ កាលពីខែ មករា ឆ្នាំ ២០២២ នេះ និង​បាន​ហ្វឹក​ហាត់​ជាមួយ​ក្រុម​ជា​ច្រើន​សប្ដាហ៍ និង​បាន​រួម​ចំណែក​ក្នុង​ការ​ប្រកួត​មិត្ត​ភាព​នានា ជា​ច្រើន​កាល​ពី​ពេល​កន្លង​ទៅ​ផង​ដែរ ប៉ុន្តែ​ជាអកុសល ការប្រកួទល់នឹងក្រុមបឹងកេត នៅ​ក្នុង​ពាន​រង្វាន់​មិត្តភាព​មុន​បើក​រដូវ​កាល Cambodia Airways Cup 2022 កាលពីថ្ងៃទី ១៦ ខែកុម្ភះ កីឡាករវ័យ ២៥ រូបនេះ​បាន​រង​របួស​ផ្នែក​ជង្គង់ធ្ងន់ធ្ងរ និង​បាន​បញ្ជូន​ទៅ​ពិនិត្យ​នៅ​មន្ទីរ​ពេទ្យ​ភ្លាមៗ ក្រោយ​ចប់​ការ​ប្រកួត ហើយ​ថ្មីៗនេះ Naoki ក៏ទទួលបាន ការព្យាបាល នៅប្រទេសជប៉ុនផងដែរ។

សេចក្តី​ប្រកាស​ដដែលនេះ បាន​បន្ថែម​ថា៖​ «នៅ​ដើមខែមេសានេះ ក្លិប​អង្គរថាយហ្គឺរ និង​កីឡាករ Naoki Maeda បានសម្រេច​ព្រម​ព្រៀង​គ្នា​បញ្ចប់​កុងត្រា​ជា​ផ្លូវ​ការ ដែល​នេះ​នឹង​ក្លាយ​ជា​ដំណឹង​ដ៏សោកសៅ​មួយ សម្រាប់​ពួក​យើង ក៏​ដូច​ជា​អ្នក​គាំទ្រ​ជា​ច្រើន ដែល​ចង់​ឃើញ​និង​ទន្ទឹង​រង់ចាំ​វត្ត​មាន​របស់គេ នៅលើទីលាន ក្នុងការប្រកួតផ្លូវការ ជាមួយក្រុម»៕